ទំនាក់ទំនងមានតែមួយគ្មានពីរនៅលើពិភពលោក

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong បានសង្កត់ធ្ងន់ថា ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ ត្រូវបានថ្នាក់ដឹកនាំដ៏មហិមា ពោលគឺជាលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong ចាក់គ្រឹះកសាងឡើង ហើយត្រូវបានរក្សា ពូនជ្រំ និងថែទាំបីបាច់ដោយកម្លាំងកាយ កម្លាំងចិត្ត ឈាមស្រស់ សាច់ស្រស់ ការខិតខំប្រឹងប្រែងនៃគ្រប់ជំនាន់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះពិតជាបានក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានទេ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា៖ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ  និងការផ្តល់ជំនួយគ្នាទៅវិញទៅមករវាងវៀតណាម និងឡាវ គឺជាក្រឹត្យក្រមប្រកបដោយភាពសត្យានុម័ត និងជាកត្តាសំខាន់ៗរបស់បក្ស និងប្រទេសនីមួយៗ ព្រមទាំងក្នុងពេលជាមួយគ្នានេះ គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសរបស់យើងទាំងពីរបន្តរក្សានូវសម័យកាលប្រវត្តិសាស្ត្របន្ទាប់។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងទៀតថា វៀតណាម និងឡាវ មិនត្រឹមតែជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែជាសមមិត្ត និងជាបងប្អូនទៀតផង។

តាងនាមឱ្យបក្ស រដ្ឋ និងប្រជាជនឡាវ លោក Bounthong Chitmany សមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរំលឹកឡើងវិញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍនៃសម្ព័ន្ធប្រយុទ្ធ រវាងឡាវ-វៀតណាម និងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការជឿទុកចិត្ត និងភាពស្មោះត្រង់មុនក៏ដូចជាក្រោយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពី ៦០ ឆ្នាំមុន ហើយបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការកាលពី ៤៥ ឆ្នាំមុន។ លោក Bounthong Chitmany បានបញ្ជាក់ថា ទោះបីជាស្ថានភាពក្នុងតំបន់ និងអន្តរជាតិបានបន្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ បូកផ្សំនឹងការលំបាកក្នុងស្រុកក្តី ប៉ុន្តែទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម បានបន្តត្រូវបានលើកកម្ពស់យ៉ាងទូលំទូលាយ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។ លោកបានលើកឡើងថា “ជាពិសេសសម្រាប់យើងខ្ញុំ រឹតតែមានអារម្មណ៍គួរឲ្យរំភើបចិត្តណាស់ដោយសារថា ទោះបីវៀតណាមបច្ចុប្បន្នមានជួបការលំបាករៀងៗខ្លួនក្តី ប៉ុន្តែវៀតណាមនៅតែផ្តល់ការចែករំលែក ការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដល់បក្ស រដ្ឋ និងប្រជាជនឡាវ ជាពិសេសក្នុងពេលបច្ចុប្បន្ន គ្រាដែលប្រទេសឡាវ កំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផលប៉ះពាល់យ៉ាងខ្លាំងនៃការរាតត្បាត Covid-19 ផងដែរ។

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋ នៃប្រទេសទាំងពីរអញ្ជើញចូលរួមពិធី

តាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ លោក Bounthong Chitmany បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លា ដ៏មានតម្លៃ ទាន់ពេលវេលានិងមានប្រសិទ្ធភាពក្នុងការតស៊ូរំដោះជាតិក្នុងអតីតកាល ក៏ដូចជាក្នុងកាតព្វកិច្ចការពារជាតិ កសាង និងអភិវឌ្ឍប្រទេសសព្វថ្ងៃនេះ។ លោក Bounthong Chitmany បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏ធំធេង និងគ្រប់ជ្រុងជ្រោយដែលវៀតណាមទទួលបាននាពេលកន្លងមក បង្កើតមូលដ្ឋានគ្រឹះរឹងមាំ និងសន្ទុះសម្រាប់ការអភិវឌ្ឍប្រទេសស្របតាមគោលដៅសង្គមនិយម ចាត់ទុកនេះជាមេរៀនដ៏មានតម្លៃ ជាការលើកទឹកចិត្តខាងស្មារតីសម្រាប់ប្រជាជនឡាវក្នុងការងារការពារ កសាង និងអភិវឌ្ឍប្រទេសរបស់ពួកគេ។ ទន្ទឹមនឹងនោះ ជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ម៉ឺងម៉ាត់ ប្រកបដោយភាពបត់បែន ភាពច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរតកពីគំនិតសតិអារម្មណ៍ និងបុព្វហេតុដ៏មហិមារបស់លោកប្រធាន ហូជីមិញ វៀតណាមនឹងសម្រេចបាននូវគោលដៅដែលបក្សបានកំណត់ប្រកបដោយជោគជ័យ។

តំណាងឱ្យអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញយោធាដែលបានជួយបដិវត្តន៍ឡាវ លោកឧត្តមសេនីយ៍ត្រី Huynh Dac Huong បានសង្កត់ធ្ងន់ថា គឺជាកម្លាំងដែលបានចូលរួម និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងសម័យកាលប្រវត្តិសាស្ត្រដ៏ស្រស់បំព្រងមួយនៃទំនាក់ទំនងវៀតណាម - ឡាវ បានជាកងទ័ពស្ម័គ្រចិត្ត អ្នកជំនាញយោធាវៀតណាម ដែលបានជួយបដិវត្តន៍ឡាវនោះ មានក្តីរំភើប និងមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏អស្ចារ្យនានាដែលបក្សទាំងពីរ រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងបុព្វហេតុកសាង និងការពារជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សទាំងពីរ ការគ្រប់គ្រង និងការប្រតិបត្តិប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលទាំងពីរ និងការឯកភាពរបស់រដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ នឹងទទួលបានជោគជ័យជាផ្លែផ្កា។

ផ្តល់អាទិភាពកំពូលដល់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ

នារសៀលថ្ងៃដដែល នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបលោក Bounthong Chitmany។

ក្នុងជំនួបលោក Bounthong Chitmany បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលវៀតណាមសម្រេចបាននាពេលកន្លងមក ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដែលមានលោក Nguyen Phu Trong ជាអគ្គលេខាបក្ស វៀតណាមនឹងបន្តទទួលបានសមិទ្ធផលថ្មី និងអស្ចារ្យជាច្រើនទៀតលើគ្រប់វិស័យ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ឲ្យប្ស រដ្ឋ និងប្រជាជនឡាវរហូតមកដល់ពេលនេះ។ លោក Bounthong Chitmany បានជម្រាបជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីទិដ្ឋភាពទូទៅមួយចំនួនអំពីស្ថានភាពនាពេលថ្មីៗនេះនៅប្រទេសឡាវ និងអំពីសកម្មភាពដ៏សម្បូរបែបគួរឱ្យរំភើប និងជាក់ស្តែងរបស់គ្រប់ក្រសួង ស្ថាប័ន តាំងពីថ្នាក់មជ្ឈិមដល់មូលដ្ឋាននៃប្រទេសឡាវក្នុងការអនុវត្តសកម្មភាពក្នុង "ឆ្នាំសាមគ្គីភាព និងមិត្តភាពឡាវ-វៀតណាម ឆ្នាំ២០២២" ដោយចាត់ទុកថា នេះជាឱកាសសម្រាប់កម្មាភិបាល សមាជិកបក្ស និងប្រជាជនឡាវទាំងមូលពិនិត្យមើលឡើងវិញនូវប្រពៃណីដ៏ល្អនៃទំនាក់ទំនងស្មោះត្រង់រវាងឡាវ និងវៀតណាម។

លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីនេះរបស់ភាគីទាំងពីរក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួនពីរក្នុងប្រទេសនីមួយៗក្នុងពេលដំណាលគ្នានោះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់បក្ស និងប្រទេសទាំងពីរ រួមចំណែកអប់រំកម្មាភិបាល សមាជិកបក្ស មហាជន ជាពិសេសយុវជនជំនាន់ក្រោយៗឱ្យស្វែងយល់កាន់តែស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលបំផុតចំពោះទំនាក់ទំនងពិសេសវៀតណាម-ឡាវ។

លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោក Bounthong Chitmany បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងបក្ស និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ អះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរនឹងធ្វើការរួមគ្នាជាឯកច្ឆ័ន្ទ រក្សា និងពូនជ្រំឱ្យទំនាក់ទំនងដ៏ស្មោះស្ម័គ្រ វៀតណាម-ឡាវ ឡាវ-វៀតណាម មាននិរន្តរភាពជារៀងរហូត នាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរ។

leftcenterrightdel
ការសម្តែងសិល្បៈអបអរសាទរពិធី

សាមគ្គីភាព ឯកភាពគ្នាដូចបងប្អូនបង្កើត

នារសៀលថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានទទួលជួបលោក Bounthong Chitmany។

ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ជាវិជ្ជមានលើគ្រប់វិស័យនៃទំនាក់ទំនងវៀតណាម-ឡាវ ក្នុងរយៈពេលកន្លងមក។ ដើម្បីធ្វើឲ្យស៊ីជម្រៅ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើភាគីទាំងពីរបន្តរក្សានូវដំណើរទស្សនកិច្ចទៀងទាត់ ទំនាក់ទំនងគ្រប់កម្រិត និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅសម័យប្រជុំលើកទី ៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

ភាគីទាំងពីរឯកភាពថា បន្តសម្របសម្រួល ស្វែងរកដំណោះស្រាយ ដើម្បីនាំឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ សមស្របនឹងទំនាក់ទំនងនយោបាយពិសេសនៃប្រទេសទាំងពីរ។ ភាគីទាំងពីរឯកភាពសហប្រតិបត្តិការក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ  លុបបំបាត់ឧបសគ្គសម្រាប់អាជីវកម្មយ៉ាងឆាប់រហ័ស បង្កើតច្រកផ្លូវច្បាប់ប្រកបដោយស្ថិរភាព និងតម្លាភាព បរិយាកាសអាជីវកម្មអំណោយផល បង្កើតទំនុកចិត្តសម្រាប់វិនិយោគិន។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ដូចជា ការពារជាតិ សន្តិសុខ ព្រំដែន ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ កីឡា ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការជួបប្រាស្រ័យប្រជាជន។ បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាឯកភាព និងតួនាទីជាមជ្ឈភាពរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាពជំរុញស្ថាប័ន និងមូលដ្ឋានឱ្យអនុវត្តកិច្ចព្រមព្រៀងដែលបានឯកភាព  និងសម្របសម្រួលជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរ “ឆ្នាំមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងឡាវ, ឡាវ និងវៀតណាម ២០២២”៕

បលប្រែដោយ Minh Trung