ក្នុងឱកាសនេះ លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីព្រឹត្តិការណ៍នេះ។

អ្នកយកព័ត៌មាន៖ កិច្ចប្រជុំ WEF 2022 មានប្រធានបទ "ប្រវត្តិនៅដំណាក់កាលនៃរបត់៖ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់អង្គការអាជីវកម្ម"។ នេះនឹងក្លាយជាព្រឹត្តិការណ៍ដែលជំរុញកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន រវាងមេដឹកនាំនៃបណ្តាប្រទេស អង្គការអន្តរជាតិ និងសាជីវកម្មពិភពលោក ចាប់តាំងពីជំងឺរាតត្បាត Covid-19 កើតមានឡើង។ តើលោកស្រីឯកអគ្គរដ្ឋទូតអាចចែករំលែកបន្ថែមអំពីរាល់បញ្ហាដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំនេះបានទេ។ ហើយតើអ្វីៗដែលជាគោលបំណង អត្ថន័យ និងយោបល់ចំពោះប្រធានបទឆ្នាំនេះ?

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai៖ WEF 2022 ប្រព្រឹត្តទៅនៅពេលវេលាដ៏សំខាន់មួយដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ ធុរកិច្ច អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងអ្នកសិក្សាជិត ២,៥០០ នាក់។

កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក ដូចជាជំងឺរាតត្បាតសកល ជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ក៏ដូចជាវិបត្តិសេដ្ឋកិច្ចភូមិសាស្ត្រ និងការប្រែប្រួលអាកាសធាតុ។ ប្រធានបទសំខាន់ៗក៏ដូចជារាល់ដំណោះស្រាយដែលត្រូវបានពិភាក្សា និងលើកឡើងនៅក្នុងកិច្ចប្រជុំ បានបង្ហាញពីកង្វល់ និងសេចក្តីប្រាថ្នារួមរបស់មនុស្សជាតិឆ្ពោះទៅរកវិបុលភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ 

អ្នកយកព័ត៌មាន៖ តើលោកស្រីឯកអគ្គរដ្ឋទូត វាយតម្លៃអំពីសារៈសំខាន់នៃការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី Le Minh Khai នៅ WEF 2022 យ៉ាងដូចម្តេច?

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai៖ ចាប់តាំងពីវៀតណាម និង WEF បង្កើតទំនាក់ទំនងក្នុងឆ្នាំ១៩៨៩ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF បានចាប់អារម្មណ៍លើការជំរុញ និងអភិវឌ្ឍដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរលើវិស័យជាច្រើន។ វៀតណាមតែងតែមានគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF នៅទីក្រុង ដាវ៉ូស និងតំបន់។

ការដែលឧបនាយករដ្ឋមន្ត្រី Le Minh Khai ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួម WEF ឆ្នាំនេះ បង្ហាញថា វៀតណាមឲ្យតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយ WEF ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិក្នុងការរកដំណោះស្រាយរាល់បញ្ហាសកល ដូចជាការស្តារពីជំងឺរាតត្បាត Covid-19 ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាប្រឈមសន្តិសុខមិនមែនជាប្រពៃណីដែលកំពុងកើតមានដូចជា វិបត្តិស្បៀងអាហារ សន្តិសុខតាមអ៊ីនធឺណិត...

លើសពីនេះទៀត បន្ទាប់ពីរយៈពេលពីរឆ្នាំរអាក់រអួលដោយសារជំងឺរាតត្បាត Covid-19 WEF 2022 ត្រូវបានចូលរួមដោយមេដឹកនាំជាន់ខ្ពស់រាប់ពាន់នាក់មកពីប្រទេស អង្គការអន្តរជាតិ និងវិស័យឯកជន រួមជាមួយនឹងអ្នកត្រួសត្រាយបច្ចេកវិទ្យាជិត ១០០ នាក់។

ដូច្នេះកិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បង្ហាញដោយផ្ទាល់ដល់ថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ អាជីវកម្ម និងវិនិយោគិនធំៗលើពិភពលោកអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី គោលនយោបាយបើកទូលាយទេសចរណ៍ ការផ្សព្វផ្សាយ និងទាក់ទាញពាណិជ្ជកម្ម ការវិនិយោគ និងការងើបឡើងវិញនៃសេដ្ឋកិច្ចរួម ឆ្ពោះទៅការផ្លាស់ប្តូរទៅជាគំរូកំណើនបៃតង ឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមក្នុងការរក្សា និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អ្នកយកព័ត៌មាន៖ តើវៀតណាមនឹងរួមវិភាគទានអ្វីខ្លះនៅក្នុងកិច្ចប្រជុំនេះ បាទលោកស្រីឯកអគ្គរដ្ឋទូត?

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai៖ កម្មវិធី WEF 2022 រួមមានប្រធានបទសំខាន់ៗរួមមាន៖ កិច្ចសហប្រតិបត្តិការជាសកល; ការធ្វើតុល្យភាពសេដ្ឋកិច្ចឡើងវិញ; សង្គម សមធម៌ និងសុខភាពសកល; ធម្មជាតិ អាហារ និងអាកាសធាតុ; ការផ្លាស់ប្តូរឧស្សាហកម្ម; ការច្នៃប្រឌិត អភិបាលកិច្ច និងសន្តិសុខតាមអ៊ីនធឺណិត។

កិច្ចប្រជុំនេះគឺជាយុគសម័យថ្មីនៃទំនួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការជាសាកលដោយផ្តោតលើការបង្កើតយុទ្ធសាស្រ្ត និងការផ្តល់ដំណោះស្រាយចំពោះបញ្ហាដ៏ធំបំផុតរបស់ពិភពលោក ដែលសំដៅជំរុញឱ្យមានអាទិភាពសេដ្ឋកិច្ចរយៈពេលវែង បរិស្ថាន និងសង្គម។

នៅ WEF 2022 ឧបនាយករដ្ឋមន្ត្រី Le Minh Khai នឹងចូលរួម និងចែករំលែកទស្សនៈវិស័យរបស់វៀតណាមនៅសម័យប្រជុំសំខាន់ៗស្តីពី "ការបង្វែរវិបត្តិស្បៀងអាហារសកល" "ការអភិវឌ្ឍអាស៊ានឌីជីថលសម្រាប់មនុស្សទាំងអស់" និងកិច្ចសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រោមប្រធានបទ "ការកសាងសេដ្ឋកិច្ចដោយពឹងលើខ្លួនឯងសម្រាប់កំណើនប្រកបដោយចីរភាព"។

អ្នកយកព័ត៌មាន៖ WEF គឺជាវេទិកាភាពជាដៃគូសាធារណៈ-ឯកជន ដ៏មានកិត្យានុភាពឈានមុខគេរបស់ពិភពលោកជាមួយនឹងបណ្តាញសមាជិកនៃសាជីវកម្មឈានមុខគេមួយចំនួនរបស់ពិភពលោក និងជាកន្លែងជំរុញការផ្សព្វផ្សាយនិន្នាការ និងគំនិតថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅវិសាលភាពសកល។ តើលោកស្រីឯកអគ្គរដ្ឋទូតវាយតម្លៃតួនាទីរបស់ WEF នៅវៀតណាម និងទំនាក់ទំនងរវាងវៀតណាម និង WEF យ៉ាងដូចម្តេច?

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai៖ ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលវៀតណាម តែងតែវាយតំលៃខ្ពស់ចំពោះសារៈសំខាន់របស់ WEF ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លងមក។

ក្រៅពីសកម្មភាពពិគ្រោះយោបល់ និងកិច្ចសន្ទនាគោលនយោបាយ ការផ្តល់ព័ត៌មានអំពីនិន្នាការអភិវឌ្ឍថ្មីលើពិភពលោកសម្រាប់ការរាយការណ៍ និងស្រាវជ្រាវ ការព្យាករណ៍ និងការផ្តល់យោបល់អំពីគោលនយោបាយនោះ WEF កំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នវៀតណាមលើវិស័យជំនាញក្នុងវិស័យបច្ចេកវិទ្យា ឌីជីថល សេដ្ឋកិច្ច កសិកម្ម ការបណ្តុះបណ្តាលជំនាញ និងការកាត់បន្ថយសំណល់ប្លាស្ទិក។ល។

អ្នកយកព័ត៌មាន៖ ទំនាក់ទំនងរវាងវៀតណាម និង WEF ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍ យ៉ាងឆាប់រហ័សលើទិដ្ឋភាពជាច្រើន។ តើឯកអគ្គរដ្ឋទូតអាចប្រាប់យើងអំពីខ្លឹមសារ និងការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខរវាងវៀតណាម និង WEF បានទេ?

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai៖ ក្នុងឱកាសចូលរួម WEF 2022 ឧបនាយករដ្ឋមន្ត្រី Le Minh Khai នឹងជួបសន្ទនាជាមួយប្រធាន WEF លោក Borge Brende ស្ដីពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF ពិភាក្សាអំពីទិសដៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាម និង WEF ដោយឈរលើមូលដ្ឋាននៃសំណើរបស់ប្រធានស្ថាបនិក WEF បង្កើតក្របខ័ណ្ឌកម្មវិធីកិច្ចសហប្រតិបត្តិការ និងសកម្មភាពនាពេលខាងមុខរវាងវៀតណាម និង WEF ព្រមទាំងបណ្តាញសាជីវកម្មអន្តរជាតិធំៗជាសមាជិក WEF តាមរយៈនោះជួយឧបត្ថម្ភវៀតណាមឱ្យអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ដំណាក់កាល ២០២១-២០២៥ និងឆ្ពោះទៅឆ្នាំ ២០៣០ ហើយទន្ទឹមនឹងនោះ បានបង្ហាញនូវការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខ្លួនក្នុងដំណាក់កាលរបត់៕

បកប្រែដោយ Minh Trung