បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងជំនួបជាមួយប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio។ តាងនាមរដ្ឋ និងប្រជាជនវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី Julius Maada Bio និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសសៀរ៉ាឡេអូន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម បង្ហាញពីការឱ្យតំលៃ និងគោលបំណងរបស់ថ្នាក់ដឹកនាំប្រទេសសៀរ៉ាឡេអូន ចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចដែលបានប្រព្រឹត្តទៅនាដើមឆ្នាំ ២០២២ និងក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៤០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៨២-២០២២)។

leftcenterrightdel
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងភរិយាអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍លោកប្រធានាធិបតី សៀរ៉ាឡេអូន និងភរិយាមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

 

នៅក្នុងកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-សៀរ៉ាឡេអូន លើវិស័យជាច្រើន។ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ជាពិសេសវាត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការផ្លាស់ប្តូរគណៈប្រតិភូប្រមុខរដ្ឋលើកដំបូងរវាងប្រទេសទាំងពីរនៅពេលនេះ។ នៅកម្រិតពហុភាគី ប្រទេសទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅក្នុងរាល់វេទិកា និងអង្គការនានា ជាពិសេសគឺនៅអង្គការសហប្រជាជាតិ។ អំពីវិស័យសេដ្ឋកិច្ច ថ្វីត្បិតតែប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 និងពាណិជ្ជកម្មទ្វេភាគី ទោះបីនៅតែមានកម្រិតតិចតួចក៏ដោយ ក៏នៅតែរក្សាបាននូវសន្ទុះកំណើនរបស់ខ្លួន ដោយកើនឡើងបីដងពី ១៧ លានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ ៥១.៥ លានដុល្លារនៅឆ្នាំ ២០២១។

ទាក់ទិននឹងទំនាក់ទំនងការទូត ភាគីទាំងពីរបានឯកភាពបន្តរក្សាដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ហើយក្នុងពេលជាមួយគ្នានេះ គាំទ្រដល់ការពង្រីកកិច្ចសហប្រតិបត្តិការនៅកម្រិតតំបន់អាហ្វ្រិកតាមរយៈសហភាពអាហ្វ្រិក។

មេដឹកនាំទាំងពីរបានយល់ព្រមចាត់ទុកសេដ្ឋកិច្ចជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានយល់ព្រមធ្វើឱ្យបានច្រើនបំផុតនូវសក្តានុពល និងភាពខ្លាំងនៃសេដ្ឋកិច្ចទាំងពីរ។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានប្តេជ្ញាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងដែលសម្រេចបានដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត រួមទាំងពាណិជ្ជកម្មអង្ករ លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអាជីវកម្ម និងការវិនិយោគ។ បន្ទាប់ពីជំនួបសន្ទនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋ Julius Maada Bio បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីចំនួនបី រវាងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរលើវិស័យការទូត កសិកម្ម និងនេសាទ។

នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានាធិបតីសៀរ៉ាឡេអូន លោក Julius Maada Bio។ ក្នុងបរិយាកាសនៃភាពស្មោះត្រង់ និងភាពជឿជាក់គ្នា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Julius Maada Bio បានចែករំលែកបទពិសោធន៍ក្នុងការកសាង អភិវឌ្ឍប្រទេស និងអនុវត្តឱ្យបានគោលដៅពីរទន្ទឹមគ្នា ពោលគឺការទប់ស្កាត់ និងគ្រប់គ្រង Covid-19 និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងពេលតែមួយ។ ក្រៅពីនោះភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ការធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិ និងជំនួយទៅវិញទៅមកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់នៅអាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍ ស្ថានភាពនៅអាហ្វ្រិក និងសមុទ្រខាងកើត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធាន Julius Maada Bio ជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសៀរ៉ាឡេអូន នឹងអភិវឌ្ឍឥតឈប់ឈរដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Minh Trung