អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីអាចប្រាប់អំពីលទ្ធផលនៃវេទិកាលើកនេះ នឹងរួមចំណែកដល់កិច្ចសហប្រតិបត្តិការមហាអនុតំបន់ និងដំណើរការកសាងសហគមន៍អាស៊ានយ៉ាងដូចម្តេច?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ វេទិកាលើកនេះគឺជាបន្តការខិតខំប្រឹងប្រែងរបស់វៀតណាមចាប់តាំងពីឆ្នាំធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ ដើម្បីជំរុញការអភិវឌ្ឍរបស់មហាអនុតំបន់ទាំងឡាយក្នុងអាស៊ាន និងផ្សារភ្ជាប់នឹងការអភិវឌ្ឍនៃមហាអនុតំបន់ទាំងនេះជាមួយនឹងដំណើរការអភិវឌ្ឍ និងកសាងសហគមន៍អាស៊ាន។

leftcenterrightdel
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន វៀតណាម (រូបថត៖ baochinhphu.vn)

ទន្ទឹមនឹងដំណើរការសមាហរណកម្មតំបន់យ៉ាងឆាប់រហ័ស និងទូលំទូលាយរបស់អាស៊ាននោះ ការតភ្ជាប់ និងធានាតំបន់ឲ្យរក្សាបាននូវដំណើរការអភិវឌ្ឍរួមនៃតំបន់ មានសារៈសំខាន់ណាស់ ហើយចាំបាច់ត្រូវជំរុញសាមគ្គីភាព កិច្ចសហប្រតិបត្តិការ  និងពួតដៃគ្នាក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេស រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងបង្រួញគម្លាតអភិវឌ្ឍន៍ និងអភិវឌ្ឍស្មើៗគ្នា ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ានទាំងមូល។

នេះជាវិធីសាស្រ្តអភិក្រមសមស្រប និងទទួលបានការគាំទ្រពីប្រទេសនានា ដូច្នេះហើយអាស៊ានមិនត្រឹមតែអាចលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងតំបន់ធំប៉ុណ្ណោះទេ ថែមទាំងអាស៊ានលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងទឹកដីរបស់ខ្លួនទៀតផង រួមទាំងមហាអនុតំបន់នានារបស់អាស៊ាន។

ដោយមានការចូលរួមយ៉ាងច្រើនពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន មន្ត្រីរដ្ឋាភិបាល អ្នកជំនាញ អង្គភាពអាជីវកម្មរបស់អាស៊ាន និងដៃគូនានា ខ្ញុំសង្ឃឹមថា បន្ទាប់ពីវេទិកាលើកនេះ អាស៊ាននឹងចែករំលែកការយល់ដឹងរួមនេះ និងដាក់ចេញនូវគោលការណ៍ និងគោលនយោបាយរួមរបស់សហគមន៍អាស៊ានទាំងមូល ក៏ដូចជាគោលនយោបាយរបស់មហាអនុតំបន់នីមួយៗ និងរបស់ប្រទេសជាសមាជិកអាស៊ាន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរួមក្នុងតំបន់ទាំងមូល។

បន្ទាប់ពីវេទិកាលើកនេះ យន្តការដែលមានស្រាប់របស់មហាអនុតំបន់ ក៏ដូចជាអង្គការ និងយន្តការរបស់អាស៊ាន ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធបន្ថែមទៀត រៀបចំផែនការសកម្មភាព ក៏ដូចជាមានគម្រោង ដើម្បីទាញយកការចាប់អារម្មណ៍ពីវិនិយោគិន និងអង្គភាពអាជីវកម្មរបស់បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាបង្កើតយន្តការសម្រាប់ប្រទេសក្រៅតំបន់ចូលរួម និងរួមវិភាគទាន។

អ្នកយកព័ត៌មាន៖ តើវេទិកាបានបង្កើតលក្ខខណ្ឌអ្វីខ្លះសម្រាប់អង្គភាពអាជីវកម្មក្នុង និងក្រៅតំបន់ ដើម្បីស្វែងយល់ និងទាញយកសក្តានុពលសម្រាប់ធ្វើអាជីវកម្ម និងវិនិយោគនៅក្នុងមហាអនុតំបន់?

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung៖ ដើម្បីអភិវឌ្ឍមហាអនុតំបន់ ឬក្នុងតំបន់ផ្សេងទៀត ជាដំបូងចាំបាច់ត្រូវមានការយល់ដឹងរួម ហើយផ្ដើមចេញពីការយល់ដឹងរួមនោះនឹងដាក់ចេញគោលនយោបាយ ហើយពីគោលនយោបាយថ្មី បង្កជារូបរាងយន្តការទាក់ទាញធនធាន ការយកចិត្តទុកដាក់ និងមានគម្រោង និងផែនការជាក់លាក់។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ជាឱកាសសម្រាប់ប្រទេសសមាជិកអាស៊ាន ដៃគូអាស៊ាន អង្គការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងសហគមន៍ធុរកិច្ចក្នុង និងក្រៅតំបន់ ដើម្បីផ្លាស់ប្តូរ និងកំណត់កាលានុវត្តភាព    បញ្ហាប្រឈម សក្តានុពល និងទិសដៅជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងមហាអនុតំបន់។

តាមរយៈវេទិកានេះ សហគមន៍អាស៊ាន និងរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាននឹងបង្កើតគោលការណ៍ និងគោលនយោបាយ ហើយនឹងបង្កើតយន្តការដើម្បីគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មទាំងក្នុង និងក្រៅតំបន់ ព្រមទាំងរួមគ្នាផ្លាស់ប្តូរ ពុះពារការលំបាក និងឧបសគ្គក្នុងដំណើរការវិនិយោគ និងធ្វើពាណិជ្ជកម្មក្នុងមហាអនុតំបន់ទាំងឡាយរបស់អាស៊ាន។

លទ្ធផលទាំងនេះនឹងនាំមកនូវផលប្រយោជន៍រួមរបស់មហាអនុតំបន់ទាំងឡាយ និងរបស់ប្រជាជននៅក្នុងតំបន់នេះ ក៏ដូចជាអត្ថប្រយោជន៍សម្រាប់អង្គភាពអាជីវកម្ម រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងទូលំទូលាយនៃសហគមន៍អាស៊ានទាំងមូល។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang