ការប្តេជ្ញាចិត្តចំពោះការបំភាយកាបូននៅកម្រិតសូន្យ នៅឆ្នាំ ២០៥០

នៅក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រាល់ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀង សន្តិសុខទឹក ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយថែមទាំងការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រទេស និងសហគមន៍ជាច្រើន ទាមទារឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពកាន់តែខ្លាំងក្លា ប្រកបដោយទំនួលខុសត្រូវ និងដោយគ្មានការពន្យាពេលនៅលើសកល។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ទោះបីជាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលទើបតែចាប់ផ្តើមធ្វើឧស្សាហូបនីយកម្មបានជាង ៣ ទស្សវត្សរ៍ក៏ដោយ ហើយក្នុងនាមជាប្រទេសដែលមានឧត្តមភាពខាងថាមពលកកើតឡើងវិញ វៀតណាមនឹងកសាងនិងដាក់ពង្រាយនូវរាល់វិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងខ្លាំងក្លាដោយធនធានរបស់ខ្លួន និងរួមជាមួយនឹងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍទាំងផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា ដែលក្នុងនោះមានទាំងការអនុវត្តនូវយន្តការក្រោមកិច្ចព្រមព្រៀងប៉ារីស ដើម្បីសម្រេចបានការបំភាយកាបូននៅកម្រិតសូន្យ ត្រឹមនៅឆ្នាំ ២០៥០។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំ COP26

បញ្ចប់សុន្ទរកថាក្នុងព្រឹត្តិការណ៍អន្តរជាតិឈានមុខនេះ នាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុផង និងអភិវឌ្ឍសេដ្ឋកិច្ចដើម្បីងើបឡើងផង និងធានាបាននូវកម្រិតជីវភាពកាន់តែប្រសើរឡើងសម្រាប់មនុស្សគ្រប់រូបផង ហើយនិងទន្ទឹមនឹងនោះរួមចំណែកប្រកបដោយការទទួលខុសត្រូវចំពោះ​សហគមន៍អន្តរជាតិផង។ វៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងកម្មវិធី និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលខាងមុខ។

មិត្តភ័ក្តិ និងដៃគូអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់នាយករដ្ឋមន្ត្រីវៀតណាម ហើយបានអះអាងនូវឆន្ទៈចង់សហប្រតិបត្តិការជាមួយវៀតណាមក្នុងការអនុវត្តវិធានការជំរុញកំណើនបៃតង និងសេដ្ឋកិច្ចវិលជុំ និងជួយឧបត្ថម្ភដល់រាល់​សហគមន៍ប្រជាជន ជាពិសេសគឺក្រុមដែលងាយរងផលប៉ះពាល់ដើម្បីបង្កើនការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

អូស្ត្រាលីបន្តជួយវៀតណាមជាមួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣.៧ លានដូស

នាថ្ងៃដដែល ក្នុងឱកាសចូលរួម COP26 លោកនាយករដ្ឋមន្ត្រី Pham Minh​ Chinh មានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison។ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលឃើញភាពជាដៃគូយុទ្ធសាស្ត្រកំពុងអភិវឌ្ឍយ៉ាងសកម្ម និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី Morrison បានអះអាងថា អូស្ត្រាលីនឹងបន្តជួយវៀតណាមជាមួយនឹងវ៉ាក់សាំង Covid-19 ចំនួន ៣.៧​ លានដូស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអូស្ត្រាលី ស្នើអូស្ត្រាលីបើកទីផ្សារ បង្កើនការនាំចូលកសិផល និងផលិតផលដែលវៀតណាមមានឧត្តមភាព និងបន្ត​ជួយ​វៀតណាមក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល និងថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានសន្យាថានឹងធ្វើការជាមួយរដ្ឋាភិបាលវៀតណាមអនុវត្តវិធានការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព ដោយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តថាមពលបៃតង និងស្អាត ព្រមទាំងបានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូលខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលបៃតងដែលអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

ក្នុងជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប (EC) Ursula von der Leyen លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា  សហភាពអឺរ៉ុបគឺជាដៃគូយុទ្ធសាស្ត្រឈានមុខគេមួយរបស់វៀតណាម។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាចំណុចភ្លឺស្វាងក្នុងទំនាក់ទំនង​វៀតណាម- សហភាពអឺរ៉ុប។  បន្ទាប់ពីរយៈពេលជាងមួយឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២១ សម្រេចបានជាង ៤០ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៥% ទោះបីជាមានការលំបាកដោយសារ Covid- 19 ក្តី។

ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងដៃគូនានា

នាយប់ថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងនៅចក្រភពអង់គ្លេស) ក្នុងក្របខ័ណ្ឌ COP26 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបប្រជុំទ្វេភាគីជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំពិភពលោក និងអង្គការអន្តរជាតិជាច្រើន។

ក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក Joe Biden លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតំលៃខ្ពស់ចំពោះការដែលលោកប្រធានាធិបតីអាមេរិក Joe Biden ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងបណ្តាប្រទេសអាស៊ី ព្រមទាំងបានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអាមេរិក ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងឱ្យកាន់តែមានប្រសិទ្ធភាព ស៊ីជម្រៅ និងមានស្ថិរភាព។

លោកប្រធានាធិបតី Biden បានវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមនៅ COP26 ជាពិសេសការប្តេជ្ញាចិត្តចំពោះការបំភាយកាបូននៅកម្រិត “សូន្យ”និងការប្តេជ្ញាចិត្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័ន។ល។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ឱ្យអភិវឌ្ឍយ៉ាងសកម្មថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីដោះស្រាយរាល់បញ្ហាអាកាសធាតុ ជាពិសេសការអនុវត្តយ៉ាងពេញលេញនូវរាល់វិធានការណ៍ឆ្លើយតបបម្រែបម្រួលអាកាសធាតុតាមយន្តការក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ៕

បកប្រែដោយ Minh Trung