ក្នុងរយៈពេលកន្លងមក អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល និងការស្រុះចិត្តគំនិតរបស់ប្រជាជន ជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រងនៅតាមតំបន់ជាច្រើនដែលមានការផ្ទុះឡើងធំៗ ដូចជា ខេត្ត Bac Giang, Bac Ninh, Hai Duong, Da Nang ។ល។ ប៉ុន្តែ ជំងឺរាតត្បាត Covid-19 នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញណាស់។ នេះគឺជារោគរាតត្បាតដ៏គ្រោះថ្នាក់បំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក ដែលបង្កការលំបាកដែលមិនធ្លាប់មានពីមុនមក ហើយបន្សល់ទុកនូវផលវិបាកដ៏ធ្ងន់ធ្ងរជាច្រើន។ ជារៀងរាល់ថ្ងៃ នៅតាមតំបន់មួយចំនួនដូចជាទីក្រុង ហូ ជីមិញ និងខេត្ត Binh Duong ... ចំនួនអ្នកឆ្លងជំងឺ Covid-19 នៅតែកើនឡើង។ ជំងឺរាតត្បាត Covid-19 មិនត្រឹមតែបណ្តាលគ្រោះថ្នាក់ដល់អាយុជីវិត និងសុខភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៀតផង។

leftcenterrightdel
រូបថតឧទាហរណ៍៖ កម្មាភិបាល និងយុទ្ធជនរៀបចំបាយដើម្បីបម្រើប្រជាជននៅតំបន់ចត្តាឡីស័ក្តិ

ក្នុងគ្រាលំបាកនាបច្ចុប្បន្ន ទឹកចិត្តស្នេហាជាតិរបស់ប្រជាជនវៀតណាមម្នាក់ៗត្រូវបង្ហាញឱ្យកាន់តែខ្លាំងជាងពេលណាៗទាំងអស់។ ដូច្នេះ ប្រជាជនម្នាក់ៗគួរតែបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួនយ៉ាងច្បាស់ គោរពតាមបទបញ្ញត្តិស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កុំទុកឲ្យ “មនុស្សម្នាក់ធ្វេសប្រហែស សង្គមទាំងមូលជួបការលំបាក”។ គណៈកម្មាធិការក្រសួង និងស្ថាប័នគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវលើកកម្ពស់ការឃោសនា និងផ្សព្វផ្សាយដល់ប្រជាជនទាំងមូលដើម្បីបង្កើតកម្លាំងរួមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាកញ្ចប់ថវិកាជួយឧបត្ថម្ភប្រជាជនឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ល។

កងកម្លាំងនៅជួរមុខក្នុងតំបន់ចត្តាឡីស័ក្តិ និងតំបន់បិទខ្ទប់ ជាពិសេសបុគ្គលិកពេទ្យ ចាំបាច់ត្រូវបន្តលើកកម្ពស់ស្មារតីទំនួលខុសត្រូវ ទប់ទល់នឹងការលំបាក និងគ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺ ការពារសុខភាពសាធារណៈ។ ក្នុងគ្រាលំបាកនាបច្ចុប្បន្ននេះ សង្គមត្រូវការការរួមដៃរបស់សប្បុរសជន បរិច្ចាគកម្លាំង ថវិកា និងសម្ភារៈដល់ប្រព័ន្ធនយោបាយទាំងមូលដើម្បីពង្រឹងសម្ភារៈបរិក្ខារពេទ្យ ឱសថ វ៉ាក់សាំងការពារ Covid-19 ដើម្បីថែទាំជនក្រីក្រ និងអ្នកដែលងាយរងគ្រោះដោយសារជំងឺរាតត្បាត ហើយ “មិនទុកឲ្យនរណាម្នាក់ត្រូវបោះបង់ចោលនៅខាងក្រោយឡើយ”។

ក្នុងរយៈពេលកន្លងមក កងទ័ពប្រជាជនវៀតណាមបានបង្ហាញយ៉ាងច្បាស់នូវតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ពីការរៀបចំតំបន់ចត្តាឡីស័ក្តិ មន្ទីរពេទ្យចល័តសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ប៉ុស្តិ៍ត្រួតពិនិត្យជំងឺរាតត្បាត Covid-19 នៅគ្រប់តំបន់ទូទាំងប្រទេស បង្កើនការយាមល្បាតនៅតំបន់ព្រំដែនដើម្បីទប់ស្កាត់ជំងឺរាតត្បាត; ចូលរួមក្នុងការស្រាវជ្រាវនិងផលិតឧបករណ៍ធ្វើតេស្ត និងវ៉ាក់សាំងការពារ Covid-19។ល។ កម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូលចាំបាច់ត្រូវបន្តប្រកាន់ខ្ជាប់នូវប្រពៃណី និងលើកកម្ពស់សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ដើម្បីបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ កុំឱ្យជំងឺរាតត្បាតរាលដាលចូលក្នុងអង្គភាព ព្រមទាំងជួយក្រសួង ស្ថាប័ន តំបន់មូលដ្ឋាន និងប្រជាជនដើម្បីទប់ទល់នឹងជំងឺរាតត្បាត ដែលបង្ហាញយ៉ាងច្បាស់ពីតួនាទីសំខាន់របស់កងទ័ពក្នុងសម័យសន្តិភាព។

ប្រជាជាតិយើងសម្រេចបានជ័យជម្នះដ៏រុងរឿងក្នុងសង្គ្រាមតស៊ូដើម្បីរំដោះប្រទេសជាតិ និងការពារមាតុភូមិ។ បច្ចុប្បន្ន ជាមួយសត្រូវដ៏គ្រោះថ្នាក់ដែលជាជំងឺរាតត្បាត Covid-19 ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ចាំបាច់ត្រូវបន្តសាមគ្គីគ្នា ក្រោមការដឹកនាំរបស់បក្ស រដ្ឋ ក្រសួង ស្ថាប័ននានា បំពេញយ៉ាងល្អនូវគ្រប់ភារកិច្ច ជាមួយការប្តេជ្ញាចិត្តខ្ពស់ និងដំណោះស្រាយយ៉ាងប្តូរផ្តាច់ និងព្រមៗគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាតនេះ ធានាសុខសន្តិភាពសម្រាប់ប្រជាជន ដើម្បីប្រទេសមានសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang