យោងតាមលោកស្រីឯកអគ្គរដ្ឋទូត ទំនាក់ទំនងសហប្រតិបត្តិការពាណិជ្ជកម្ម វៀតណាម-ន័រវែស នៅតែមានសក្តានុពលជាច្រើន សម្រាប់ការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចសមុទ្រ។ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានសម្ភាសឯកអគ្គរដ្ឋទូតន័រវែសប្រចាំវៀតណាម លោកស្រី Greta Lochen ដើម្បីស្វែងយល់អំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

leftcenterrightdel
លោកស្រី Greta Lochen ឯកអគ្គរដ្ឋទូតន័រវែសប្រចាំវៀតណាម (រូបថត៖ vov.vn)

អ្នកយកព័ត៌មាន៖ ដោយក្រឡេកមើលរយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងការទូត វៀតណាម-ន័រវែស យោងតាមលោកស្រីឯកអគ្គរដ្ឋទូត តើអ្វីជាសមិទ្ធិផលសំខាន់ៗដែលប្រទេសយើងទាំងពីរសម្រេចបាន?

លោកស្រីឯកអគ្គរដ្ឋទូត Greta Lochen៖ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា រួមជាមួយបណ្តាប្រទេសអឺរ៉ុបខាងជើង ន័រវែសគឺជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដំបូងគេដែលបង្កើតទំនាក់ទំនងជាមួយវៀតណាម។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងវៀតណាមជាមួយន័រវែសនិងបណ្តាប្រទេសអឺរ៉ុបខាងជើង ដែលទាក់ទងនឹងបញ្ហាប្រវត្តិសាស្ត្រ។ ទំនាក់ទំនងក្នុងកំឡុងពេល ៥ ទសវត្សរ៍កន្លងមកនេះបាន និងកំពុងរីកចម្រើនយ៉ាងជិតស្និទ្ធ និងរឹងមាំ ហើយសម្រេចបានលទ្ធផលល្អជាច្រើន។ សមិទ្ធិផលនេះអាស្រ័យដោយកិច្ចសហប្រតិបត្តិការដោយផ្អែកលើសមភាព ការវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្ម។ ប្រការនេះបង្ហាញយ៉ាងច្បាស់ពីការអភិវឌ្ឍរបស់វៀតណាមក្នុងរយៈពេលកន្លងមក។ ឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមជាមួយនឹងកំណើនសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍ ហើយជួយប្រជាជនរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រប្រកបដោយជោគជ័យ។

ទីពីរគឺវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ន័រវែសនិងវៀតណាមសុទ្ធតែមានឆ្នេរសមុទ្រវែង ហើយពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចសមុទ្រ។ ប្រការនេះបានក្លាយជាគ្រឹះរឹងមាំក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឥឡូវនេះ ប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែជិតស្និទ្ធនៅក្នុងវិស័យវារីវប្បកម្ម។ លើសពីនេះទៀត ប្រទេសទាំងពីរក៏កំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាបរិស្ថាន ដូចជាការកាប់បំផ្លាញព្រៃឈើ ឬការបំពុលសំរាមកាកសំណល់ប្លាស្ទិចនៅលើសមុទ្រ។

ខ្ញុំក៏ចង់និយាយបន្ថែមទៀតអំពីទំនាក់ទំនងសហប្រតិបត្តិការន័រវែស-អាស៊ាន។ កាលពីឆ្នាំមុន ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានជួយជំរុញទំនាក់ទំនងរវាងន័រវែស និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ តាមរយៈកិច្ចប្រជុំជាច្រើនស្តីពីសេដ្ឋកិច្ចសមុទ្រ ស្ត្រី សន្តិភាព និងសន្តិសុខ។ វៀតណាមបានចែករំលែកការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសន្តិភាព សន្តិសុខ និងស្ត្រីក្នុងតំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពីប្រការនេះ ខ្ញុំក៏ចង់និយាយអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរនៅក្នុងវេទិកាពហុភាគី។ វៀតណាមនិងន័រវែសគឺជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប្រទេសទាំងពីរសុទ្ធតែផ្តល់អាទិភាពលើបញ្ហាប្រែប្រួលអាកាសធាតុ ការការពារជនស៊ីវិលនៅពេលមានជម្លោះ ជំនួយមនុស្សធម៌ ស្ត្រី សន្តិភាព និងសន្តិសុខក្នុងតំបន់។ ទាំងនេះក៏ជាវិស័យដែលប្រទេសទាំងពីរអាចសហប្រតិបត្តិការជាមួយគ្នាបានងាយស្រួលក្នុងវេទិកាពហុភាគីបែបនេះ។

អ្នកយកព័ត៌មាន៖ តើលោកស្រីឯកអគ្គរដ្ឋទូតវាយតម្លៃពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងន័រវែសយ៉ាងដូចម្តេច? តើវៀតណាមនិងន័រវែសអាចបន្តទាញយកសក្តានុពលទាំងនេះប្រកបដោយប្រសិទ្ធភាពយ៉ាងដូចម្តេចនៅពេលអនាគត?

លោកស្រីឯកអគ្គរដ្ឋទូត Greta Lochen៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងន័រវែសកំពុងបន្តកើនឡើង ប៉ុន្តែយើងមិនគួរពេញចិត្តនឹងសមិទ្ធិផលនេះទេ។ ខ្ញុំគិតថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ហើយយើងនឹងសម្រេចបានលទ្ធផលស័ក្តិសម នៅពេលដែលយើងបញ្ចប់ដំណើរការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប ដែលរួមមានប្រទេសន័រវែស ស្វ៊ីស អ៊ីស្លង់ និង Lichtenstein។ ដំណើរការចរចាបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ។ ហើយខ្ញុំគិតថា នេះជាពេលវេលាសមស្របសម្រាប់យើងដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។ នៅពេលដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ភាគីទាំងពីរនឹងមានសក្តានុពលនិងឧត្តមភាពយ៉ាងច្រើនក្នុងការវិនិយោគ និងផ្លាស់ប្តូរពាណិជ្ជកម្ម ជាពិសេសនៅក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅពេលដែលសេដ្ឋកិច្ចនៃប្រទេសទាំងអស់រងផលប៉ះពាល់។

យើងអាចមើលឃើញយ៉ាងច្បាស់នូវសមិទ្ធិផលដែលវៀតណាមនិងន័រវែសសម្រេចបាននៅពេលដែលចូលរួមក្នុងវេទិកាពហុភាគី។ ចំពោះអាស៊ាន កាលពីឆ្នាំមុន យើងបានប្រារព្ធខួបលើកទី ៥ នៃទំនាក់ទំនងភាពជាដៃគូសន្ទនា និងកំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការសម្រាប់ ៥ ឆ្នាំខាងមុខ។ ទន្ទឹមនឹងនេះ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងន័រវែសនិងវៀតណាមក៏បានបញ្ជាក់យ៉ាងច្បាស់ពីសក្តានុពលដែលយើងអាចសម្រេចបាននៅលើវេទិកាពហុភាគី។ ដូច្នេះ ខ្ញុំមានការជឿទំនុកចិត្តយ៉ាងមុតមាំទៅលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរនាពេលអនាគត។

អ្នកយកព័ត៌មាន៖ សេដ្ឋកិច្ចសមុទ្រគឺជាឧទាហរណ៍មួយ ដោយសារន័រវែសនិងវៀតណាមមានឧត្តមភាពខាងសេដ្ឋកិច្ចសមុទ្រ។ តើនាពេលខាងមុខ ន័រវែសមានផែនការអ្វីខ្លះដើម្បីបន្តសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ?

លោកស្រីឯកអគ្គរដ្ឋទូត Greta Lochen៖ វៀតណាមមានសក្តានុពលខ្លាំងក្នុងការនាំចេញជលផល។ នេះគឺជាវិស័យដែលមានឱកាសជាច្រើនដើម្បីអភិវឌ្ឍនាពេលអនាគត។ ន័រវែសមានមហិច្ឆតាខ្ពស់សម្រាប់ទីផ្សារវៀតណាម។

អ្នកយកព័ត៌មាន៖ ចំពោះវិស័យអ្វីខ្លះទៀតដូចជាការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរវប្បធម៌ និងសកម្មភាពទេសចរណ៍ តើលោកស្រីមានការរំពឹងទុកណាអំពីឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ?

លោកស្រីឯកអគ្គរដ្ឋទូត Greta Lochen៖ យើងទាំងអស់គ្នាដឹងហើយថា ការប្រែប្រយលអាកាសធាតុគឺជាបញ្ហាធ្ងន់ធ្ងរដែលពិភពលោកទាំងមូលកំពុង និងនឹងបន្តប្រឈមមុខ។ សកម្មភាពមួយក្នុងចំណោមសកម្មភាពដែលន័រវែសអាចគាំទ្រដល់វៀតណាមគឺការវិនិយោគលើថាមពលកកើតឡើងវិញ។ ខ្ញុំចង់សង្កត់ធ្ងន់ថា វៀតណាមមានសក្តានុពលខ្លាំងក្នុងវិស័យនេះ។

លើសពីនេះទៀត ទេសចរណ៍ក៏ជាវិស័យដែលមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ។ ចាប់តាំងពីមុនពេលដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 បានកើតឡើង ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នា ចំនួនភ្ញៀវទេសចរន័រវែសមកវៀតណាមមានការកើនឡើងយ៉ាងឆាប់រហ័ស។ ដូច្នេះ នៅពេលជំងឺរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រង ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ៕

បកប្រែដោយ Huyen Trang