នៅក្នុងជំនួបនេះ លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះទិវាបុណ្យឯករាជ្យជាតិប្រទេសឡាវ (ថ្ងៃទី២ ខែធ្នូ) ក៏ដូចជាសមិទ្ធិផលសំខាន់ៗចំពោះកិច្ចការក្នុងស្រុក និងកិច្ចការបរទេសរបស់ឡាវ ជាពិសេសការគ្រប់គ្រងបានល្អនៃការរីករាលដាលនៃជំងឺ Covid-19 និងឆ្ពោះទៅអនុវត្តនូវផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រយៈពេល ៥ ឆ្នាំលើកទី៨ (ដំណាក់កាលឆ្នាំ ២០១៦-២០២០) ប្រកបដោយជោគជ័យ។ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវការជឿជាក់យ៉ាងមោះមុតថា ប្រទេសឡាវនឹងរៀបចំមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១ យ៉ាងជោគជ័យនៅដើមឆ្នាំ ២០២១ ដោយបន្តកសាងប្រទេសឡាវឱ្យកាន់តែរីកចម្រើន និងដើរតួនាទីសំខាន់ៗនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ និងចូលរួមកិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី៧ ថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម - ឡាវ នាថ្ងៃទី៣០ ខែវិច្ឆិកា (រូបថត៖ vnanet.vn)

លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសក៏បានរាយការណ៍ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវអំពីលទ្ធផលនៃការពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីការបរទេសឡាវ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈនោះ លោកបានអះអាងថា ក្រសួងការបរទេសទាំងពីរនឹងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយក្រសួង និងស្ថាប័នមានសមត្ថកិច្ចនានានៃភាគីទាំងពីរដើម្បីបន្តអនុវត្តឱ្យបានល្អនូវរាល់កិច្ចព្រមព្រៀង កម្មវិធី និងគម្រោងស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ឡាវ  និងត្រៀមគ្រប់លក្ខណៈយ៉ាងសកម្មសម្រាប់សកម្មភាពការបរទេសដ៏សំខាន់នានារបស់ប្រទេសទាំងពីរក្នុងខែធ្នូ រួមមានសម័យប្រជុំលើកទី៤៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ផងដែរ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ បានវាយតម្លៃខ្ពស់ចំពោះការដែលក្រសួងការបរទេសនៃប្រទេសទាំងពីរបានរក្សាយន្តការកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះជាទៀងទាត់ដើម្បីឱ្យភាគីទាំងពីរអាចផ្លាស់ប្តូរគ្នាយ៉ាងទូលំទូលាយលើបញ្ហាយុទ្ធសាស្ត្រក្នុងស្មារតីស្មោះត្រង់ និងជឿជាក់គ្នា ចូលរួមផ្តល់យោបល់ដល់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសរៀងៗខ្លួនក្នុងកិច្ចការបរទេស។ ថ្នាក់ដឹកនាំឡាវក៏បានបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ តែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម  ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃដល់ប្រទេសឡាវក្នុងបុព្វហេតុនៃការតស៊ូដណ្តើមឯករាជ្យក្នុងអតីតកាលក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន និងថ្លែងអំណរគុណប្រទេសវៀតណាមដែលបានគាំទ្រប្រទេសឡាវ ក្នុងការបង្ការការរីករាលដាលនៃ Covid-19 និងបរិច្ចាគអង្ករចំនួន ១,០០០ តោនដើម្បីជួយប្រជាជនឡាវ និងខេត្ត Savannakhet ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងទឹកជំនន់។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Bounnhang Vorachith បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងស្នើឱ្យប្រទេសទាំងពីរផ្លាស់ប្តូរព័ត៌មានគ្នាយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំសម្រាប់មហាសន្និបាតបក្ស ការកសាងបក្ស កសាងប្រព័ន្ធនយោបាយ ការគ្រប់គ្រងសេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិជាដើមនៃប្រទេសរៀងៗខ្លួន។

លោក Thongloun Sisoulith  នាយករដ្ឋមន្រ្តីបានឯកភាពបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងជាប្រចាំតាមទំរង់ផ្សេងៗគ្នាក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ការសម្របសម្រួលពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់របស់ប្រទេសទាំង ២ ដែលសម្រេចបាននៅឆ្នាំ ២០២០។ លោក Thongloun Sisoulith ក៏បានបញ្ជាក់ថា នឹងត្រៀមខ្លួនជាស្រេចទៅប្រទេសវៀតណាម រួមជាមួយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី ៤៣ នៃគណៈកម្មការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរដែលគ្រោងនឹងធ្វើនៅដើមខែធ្នូ ឆ្នាំ២០២០ ព្រមទាំងអះអាងនឹងជម្រុញឱ្យអនុវត្តគម្រោងសំខាន់ៗ និងខិតខំដើម្បីបញ្ចប់ឱ្យទាន់ពេលវេលា ធានានូវគុណភាព និងប្រសិទ្ធភាព។

លោកស្រី Pany Yathotou ប្រធានរដ្ឋសភាឡាវ ក៏បានសង្កត់ធ្ងន់ដែរថា អគាររដ្ឋសភាឡាវ និងអំណោយពីបក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនបក្ស រដ្ឋ និងប្រជាជនឡាវ គឺមានសារៈសំខាន់យ៉ាងខ្លាំងដែលជានិមិត្តរូបនៃទំនាក់ទំនងវៀតណាម - ឡាវ ។ លោកស្រីបានសន្យាថា រដ្ឋសភាឡាវ នឹងបន្តគាំទ្រដល់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវ ក៏ដូចជាសម្របសម្រួលគ្នាដើម្បីពង្រឹងការឃ្លាំមើលលើគម្រោងសំខាន់ៗរវាងប្រទេសទាំងពីរ។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមក៏បានចុះទៅពិនិត្យមើលគំរោងសាងសង់អគាររដ្ឋសភាថ្មីនៅប្រទេសឡាវ និងធ្វើការជាមួយអនុប្រធានរដ្ឋសភាឡាវ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងសាងសង់អគាររដ្ឋសភាផងដែរ៕

បកប្រែដោយ Minh Trung