leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម មានសារយ៉ាងសំខាន់ ជូនមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ (រូបថត៖ vnanet.vn)

សូមគោរព លោក Volkan Bozkir ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥

សូមគោរព លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

អស់លោក លោកស្រី អ្នកនាងកញ្ញាជាទីមេត្រី

ជាបឋម ខ្ញុំសូមអបអរសាទរចំពោះលោក Volkan Bozkir ដែលត្រូវបានជាប់ឆ្នោតជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ហើយខ្ញុំជឿជាក់ថា ជាមួយនឹងបទពិសោធន៍ និងសមត្ថភាពរបស់ខ្លួន លោក Volkan Bozkir នឹងដឹកនាំមហាសន្និបាតលើកនេះរបស់យើងឱ្យទទួលបានជោគជ័យជាមិនខាន។

ខ្ញុំក៏មានកិត្តិយសសូមថ្លែងអំណរគុណចំពោះលោក Tijjani Muhammad-Bande ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៤ និងលោក Sir Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយសារក្នុងរយៈពេលកន្លងមកបានមានការចូលរួមវិភាគទានដ៏សំខាន់ ខណៈដែលជំងឺ Covid-19 នាំមកនូវផលអវិជ្ជមានមិនតិចឡើយ។

អស់លោក លោកស្រីជាទីគោរព!

យើងប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ ហើយបញ្ចប់រយៈពេល ០២ ទសវត្សរ៍ដំបូងនៃសតវត្សរ៍ទី ២១ ក្នុងបរិបទដ៏ពិសេសមួយ។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ មេដឹកនាំនៃរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិមិនអាចជួបជុំគ្នាផ្ទាល់ដើម្បីអញ្ជើញចូលរួមក្នុងសម័យប្រជុំពិភាក្សារួមនៃមហាសន្និបាតអង្គការសហប្រជាជាតិបានទេ។ ទោះជាយ៉ាងណាក៏ដោយ វាមិនធ្វើឲ្យបន្ថយកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នាដើម្បីផ្លាស់ប្តូរទស្សនៈ វាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះកង្វល់រួមរបស់សហគមន៍អន្តរជាតិបានឡើយ។

ខ្ញុំសូមចែករំលែកការវាយតម្លៃរបស់លោកអគ្គលេខាធិការថា សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរបំផុតចាប់តាំងពីការបង្កើតអង្គការសហប្រជាជាតិមកម៉្លេះ ជាពិសេសគឺផលប៉ះពាល់នៃរោគរាតត្បាត Covid-19  ចំពោះសេដ្ឋកិច្ច សង្គម នយោបាយ និងជីវភាពរស់នៅប្រចាំថ្ងៃនៃមនុស្សលោក។

លោកប្រធានជាទីគោរព!

ក្នុងបរិបទនេះ ខ្ញុំសូមស្វាគមន៍ប្រធានបទនៃសម័យប្រជុំនេះថា “អនាគតដែលយើងចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ៖ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម - ការឆ្លើយតប Covid-19 តាមរយៈពហុភាគីប្រកបដោយប្រសិទ្ធភាព" ហើយខ្ញុំគិតថា៖

ទីមួយ យន្តការពហុភាគីសកល និងតំបន់ត្រូវតែទទួលបានការគោរព និងការលើកកម្ពស់។ ក្នុងស្មារតីនេះ យើងត្រូវការអង្គការសហប្រជាជាតិមួយសម្រាប់ពេលអនាគតដើម្បីក្លាយជាអង្គការដ៏ស្អិតរមួតមួយដែលសមាជិកគ្រប់រូបមិនថាជាប្រទេសធំ ឬ តូច មិនថាមាន ឬ ក្រ សុទ្ធតែទទួលបានសិទ្ធិមានសម្លេងស្តីពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយនេះក៏ជា “សួនបណ្តុះ” គ្រប់គំនិតផ្តួចផ្តើម និងគំនិតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពនៅលើពិភពលោក។ អង្គការសហប្រជាជាតិគួរតែបន្តការធ្វើកំណែទម្រង់ដើម្បីក្លាយជាអង្គការមួយដែលកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន លើកកម្ពស់តួនាទីនៃការសម្របសម្រួលផលប្រយោជន៍ និងអាកប្បកិរិយារបស់ប្រទេសនានានៅចំពោះមុខការផ្លាស់ប្តូរដ៏ធំធេងនៃសម័យកាល។

ទីពីរ ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្ដរជាតិគួរតែត្រូវបានលើកស្ទួយ និងលើកកម្ពស់ឲ្យទៅជានិយាមការសម្រាប់ការប្រព្រឹត្ដរបស់ទាំងប្រទេសធំ និងតូចនៅក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន។ យើងត្រូវការការប្តេជ្ញាចិត្ត និងការតស៊ូយ៉ាងស្វិតស្វាញដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ប្រកាន់យកមិត្តភាពជំនួសឱ្យជម្លោះ និងអរិភាព ប្រកាន់យកការសន្ទនាជំនួសឱ្យការប្រឈមមុខ ហើយនិងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីជំនួសឱ្យទង្វើឯកតោភាគី និងការបង្ខិតបង្ខំអ្នកដទៃឲ្យធ្វើតាមតម្រូវការរបស់ខ្លួន។ ក្នុងស្មារតីនេះ វៀតណាមអំពាវនាវឱ្យលុបចោលនូវរាល់វិធានការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មលើប្រទេសគុយបាផងដែរ។

ទីបី រោគរាតត្បាត Covid-19 គឺជាការដាស់ស្មារតីយ៉ាងខ្លាំងជំរុញឱ្យយើងប្តេជ្ញាចិត្ត និងរួមគ្នាធ្វើសកម្មភាពខ្លាំងក្លាជាងនេះទៅទៀតដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមនុស្សធម៌។ របៀបវារៈឆ្នាំ ២០៣០ គួរតែបន្តជាក្របខ័ណ្ឌមួយសម្រាប់យើងទាំងអស់គ្នាធ្វើការរួមគ្នាដើម្បីជំនះនូវការរាតត្បាតការស្តារឡើងវិញប្រកបដោយចីរភាព និងប្រកាន់យកផលប្រយោជន៍របស់ប្រជាជនជាមជ្ឈភាពនៃគ្រប់គោលនយោបាយ និងសកម្មភាពទាំងអស់ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោលឡើយ។ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងពាណិជ្ជកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកប្រធានជាទីគោរព!

កាលពី ៧៥ ឆ្នាំមុន នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញនៃប្រទេសវៀតណាម បានអានសេចក្តីប្រកាសឯករាជ្យដែលបានផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នគឺសាធារណរដ្ឋសង្គមនិយមវៀតណាម) ។ ចាប់ពីថ្ងៃដំបូងនៃការបង្កើតប្រទេស លោកប្រធានហូជីមិញ បានផ្ញើសារលិខិតម្តងហើយម្តងទៀតទៅកាន់មេដឹកនាំស្ថាបនិកនានានៃអង្គការសហប្រជាជាតិដោយបង្ហាញពីឆន្ទៈរបស់វៀតណាមក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ។ ថ្វីត្បិតតែត្រូវរង់ចាំរហូតដល់ឆ្នាំ ១៩៧៧ ក្តី ប្រាថ្នានោះទើបបានក្លាយជាការពិតក្តី ប៉ុន្តែការតស៊ូយ៉ាងស្វិតស្វាញរបស់វៀតណាមដើម្បីដណ្តើម និងការពារឯករាជ្យភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនេះហើយដែលជាការរួមចំណែកយ៉ាងជាក់ស្តែងដល់បុព្វហេតុតស៊ូដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពនៃសង្គមនៅលើពិភពលោក ហើយក៏ជាគោលដៅដ៏ខ្ពង់ខ្ពស់ដែលអង្គការសហប្រជាជាតិកំពុងឆ្ពោះទៅរក។ ក្នុងឱកាសនេះ ក្នុងនាមប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រយ៉ាងទូលំទូលាយរបស់បណ្តាប្រទេស និងមិត្តភក្តិអន្តរជាតិចំពោះបុព្វហេតុតស៊ូដើម្បីបុព្វហេតុឯករាជ្យជាតិ និងកសាងប្រទេសរបស់ប្រជាជនវៀតណាមពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។

ពីប្រទេសក្រីក្រ ឱនថយ រងការបំផ្លាញដោយសង្រ្គាម និងរងការដាក់ទណ្ឌកម្មយ៉ាងច្រើនមួយ ក្រោយរយៈពេល ៣៥ ឆ្នាំនៃការផ្លាស់ថ្មីនោះ ប្រទេសវៀតណាមបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលមធ្យម និងកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19 បច្ចុប្បន្ននេះ ទោះបីមានការលំបាកជាច្រើនក៏ដោយ វៀតណាមទទួលបានលទ្ធផលវិជ្ជមាន មានសារៈសំខាន់មួយចំនួនក្នុងការអនុវត្តគោលដៅប្រកបដោយប្រសិទ្ធភាពទាំងការគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។ ដោយស្មារតីនៃសាមគ្គីភាពអន្តរជាតិ និងការយល់ដឹងថា យើងអាចយកឈ្នះលើរោគរាតត្បាតនេះបានទាល់តែនៅពេលដែលប្រទេសទាំងអស់ឈ្នះដូចគ្នា ហើយវៀតណាមបាន និងបន្តគាំទ្រ សហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយប្រទេសជាច្រើន ជាពិសេសប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរោគរាតត្បាត ព្រមទាំងបង្កើនការចូលរួមចំណែករបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដែលពាក់ព័ន្ធ។

ដោយមានគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីនីយកម្ម ពិពិធកម្ម ជាដៃគូគួរឲ្យជឿទុកចិត្ត និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវមួយរបស់សហគមន៍អន្តរជាតិ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងប្រាថ្នាចង់លើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយអង្គការសហប្រជាជាតិ រួមចំណែកកសាងស្ថាប័នពហុភាគីសកលប្រកបដោយយុត្តិធម៌ មានតម្លាភាព និងប្រសិទ្ធភាព។

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញកិច្ចសន្ទនា កាត់បន្ថយភាពតានតឹង ការប្រឈមមុខ និងស្វែងរកដំណោះស្រាយដោយសមហេតុផលដើម្បីដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខអន្តរជាតិ និងក្នុងតំបន់។  វៀតណាមនឹងខិតខំលើកកម្ពស់ពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ  ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ ជាពិសេសគឺអាស៊ាន។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ ប្រទេសវៀតណាម និងប្រទេសជាសមាជិកទាំងអស់កំពុងខិតខំប្រឹងប្រែងដើម្បីកសាងតំបន់មួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ហើយជាជំហានៗក្លាយជាសហគមន៍សាមគ្គីភាពខាងនយោបាយ តភ្ជាប់ខាងសេដ្ឋកិច្ច និងការចែករំលែកទំនួលខុសត្រូវនៃសង្គម។ យើងខ្ញុំបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើការជាមួយបណ្តាប្រទេសទាំងក្នុងនិងក្រៅតំបន់ក្នុងការថែរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២,  គោរពតាមគោលការណ៍នៃការអត់ធ្មត់ ជៀសវាងសកម្មភាពឯកតោភាគីដែលធ្វើអោយស្ថានការណ៍ស្មុគស្មាញ,  ដោះស្រាយជម្លោះ និងភាពខុសគ្នាដោយសន្តិវិធី រួមទាំងដំណើរការការទូត និងផ្លូវច្បាប់។

លោកប្រធានជាទីគោរព!

ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ប្រទេសនានាបានរួមគ្នាកសាងអង្គការសហប្រជាជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងមានទំនួលខុសត្រូវក្នុងការបន្តពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវអង្គការពហុភាគីដ៏ធំបំផុតរបស់ពិភពលោកនេះនៅចំពោះមុខឧបសគ្គនិងឱកាសដ៏ធំធេងនៃសតវត្សរ៍ទី ២១។

សូមអរគុណច្រើន៕

បកប្រេដោយ Minh Trung