មហាសន្និបាត AIPA 41 បានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន
កប.អនឡាញ - នៅថ្ងៃទី៩ ខែកញ្ញា មហាសន្និបាតអន្តរសភាអាស៊ីអាគ្នេយ៍លើកទី ៤១ (AIPA 41) បានបន្តថ្ងៃធ្វើការទី ២ តាមរយៈប្រព័ន្ធវីដេអូ។ អញ្ជើញចូលរួមបណ្តាកិច្ចប្រជុំមានការចូលរួមពីសំណាក់សមាជិកសភា AIPA ជាច្រើនផងដែរ។
ឆ្ពោះទៅរកសហគមន៍មួយដែលមានទំនួលខុសត្រូវនឹងសង្គម នៅក្នុងសុន្ទរកថាស្វាគមន៍របស់លោកស្រី Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា៖ សហគមន៍សង្គម - វប្បធម៌ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភធំទាំងបីនៃសហគមន៍អាស៊ាន ដែលមានអត្ថន័យដ៏សំខាន់ក្នុងការឆ្ពោះទៅរកសហគមន៍មួយដែលមានទំនួលខុសត្រូវនឹងសង្គមដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយប្រជាជន និងបម្រើប្រជាជនដើម្បីទទួលបាននូវសាមគ្គីភាព និងឯកភាពយូរអង្វែងរវាងបណ្តាប្រទេស និងប្រជាជនអាស៊ាន។ ដើម្បីសម្រេចបានគោលដៅនេះ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងចំណោមសភាសមាជិករបស់ AIPA គឺជាកត្តាមានលក្ខណៈកំណត់មួយ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យវប្បធម៌ សង្គមនៃប្រទេស និងតំបន់នីមួយៗ។
|
|
ទិដ្ឋភាពកិច្ចប្រជុំនៃគណៈកម្មការសេដ្ឋកិច្ច |
យោងតាមសមាជិកព្រឹទ្ធសភា Asmak Husin (មកពីគណៈប្រតិភូម៉ាឡេស៊ី) ជំងឺ Covid-19 គឺជាវិបត្តិធ្ងន់ធ្ងរមិនត្រឹមតែចំពោះប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែចំពោះតំបន់ទាំងមូលទៀតផង។ លោក Asmak Husin បានវាយតម្លៃខ្ពស់ចំពោះបណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមរយៈយន្តការក្នុងតំបន់ដើម្បីធានានូវការផ្គត់ផ្គង់ឱសថ ឧបករណ៍វេជ្ជសាស្ត្រ ការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាននិងចំណាត់ការនានាប្រកបដោយប្រសិទ្ធភាពដើម្បីការពារនិងគ្រប់គ្រងជំងឺរាតត្បាត។ តំណាងប្រទេសម៉ាឡេស៊ី ចង់ឲ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភារបស់ AIPA ដែលបង្កើនតួនាទីរបស់សភានៅក្នុងរយៈពេលដ៏លំបាកនេះ។
ចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងការរាតត្បាត Covid-19 នៅវៀតណាម លោក Nguyen Hoang Mai អនុប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការសង្គមនៃរដ្ឋសភាវៀតណាម បានមានប្រសាសន៍ថា៖ វៀតណាមបានប្រមូលផ្តុំការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលដែលមានទស្សនៈ “ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។ លោក Nguyen Hoang Mai ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងការធានានូវច្រករបៀងផ្លូវច្បាប់ក្នុងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ការអនុម័តថវិកាដើម្បីអនុវត្តកញ្ចប់ជំនួយចំនួន ៦២,០០០ ពាន់លានដុងសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន និងអង្គភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត និងការចេញសេចក្តីសម្រេចចិត្តជាបន្ទាន់ដើម្បីដោះស្រាយការលំបាកនៃអាជីវកម្មដែលរងផលប៉ះពាល់ជាដើម។
សង្កត់ធ្ងន់លើតួនាទីនៃការទូតសភា
កិច្ចប្រជុំគណៈកម្មការនយោបាយបានធ្វើឡើងក្រោមការដឹកនាំរបស់អនុរដ្ឋមន្រ្តីការបរទេស និងជាសមាជិកគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមលោក Bui Thanh Son។ ក្នុងសុន្ទរកថាស្វាគមន៍របស់លោកអនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៤៣ ឆ្នាំកន្លងមក AIPA មានការផ្លាស់ថ្មីកាន់តែខ្លាំងឡើង ដើរតួនាទីយ៉ាងសំខាន់ តែងតែគាំទ្រនិងរួមដំណើរជាមួយអាស៊ានក្នុងដំណើរការធ្វើសមាហរណកម្ម ការកសាង និងការអភិវឌ្ឍសហគមន៍អាស៊ាន រួមចំណែកដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងបរិបទនៃពិភពលោកដែលមានការវិវឌ្ឍយ៉ាងស្មុគស្មាញជាច្រើន ជាពិសេសនៅឆ្នាំ ២០២០ ជាមួយនឹងការផ្ទុះឡើងនៃ Covid-19 នោះ AIPA និងអាស៊ានកំពុងបង្ហាញនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងសកម្មក្នុងសហគមន៍។ លើសពីនេះទៀត សមាជិកសភា AIPA បានរួមជាមួយរដ្ឋសភាវៀតណាម បានពិភាក្សានិងផ្លាស់ប្តូរខ្លឹមសារជាច្រើនដែលទាក់ទងនឹងប្រធានបទការទូតសភាដើម្បីសន្តិភាព និងសន្តិសុខប្រកបដោយចីរភាពនៅក្នុងអាស៊ាន ជាពិសេសបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី និងការពង្រឹង ការអនុលោមតាមគោលការណ៍អន្តរជាតិ និងច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្តក្នុងការធានាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនេះប្រតិភូទាំងអស់បានបញ្ជាក់ផងដែរថា បន្តគាំទ្រ និងពង្រឹងសមត្ថភាពអាស៊ានក្នុងការដោះស្រាយបញ្ហាសន្តិសុខតាមបែបប្រពៃណីនិងមិនប្រពៃណី ប្រកាន់យកប្រជាជនជាស្នូល ជាពិសេសផ្តោតសំខាន់ទៅលើការឆ្លើយតបនឹង Covid-19 ។ ទន្ទឹមនឹងនោះ បានឯកភាពគ្នាបង្កើនកិច្ចប្រឹងប្រែងការទូតសភា រួមទាំងការផ្លាស់ប្តូរនូវរបៀបធ្វើការដែលមានប្រសិទ្ធភាព រួមចំណែកក្នុងស្ថិរភាព និងវិបុលភាពរួម។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ប្រតិភូទាំងអស់បានឯកភាពជាមួយការបន្តធានានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត ព្រមទាំងគូសបញ្ជាក់ថាចាំបាច់ត្រូវប្រកាន់ខ្ជាប់ស្មារតីគោរពច្បាប់ជាចម្បង ជំរុញកិច្ចសហប្រតិបត្តិការដើម្បីកសាងជំនឿទុកចិត្តគ្នាទៅវិញទៅមក ប្រើវិធានការដោយសន្តិវិធីផ្អែកលើច្បាប់អន្ដរជាតិ និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។
|
|
ទិដ្ឋភាពកិច្ចប្រជុំគណៈកម្មការនយោបាយ |
ភាពស្អិតរមួត និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយ Covid-19
មានសេចក្តីសន្និដ្ឋានស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅ AIPA នៅក្នុងកិច្ចប្រជុំនៃគណៈកម្មការសេដ្ឋកិច្ច អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា៖ នេះគឺជាបញ្ហាគន្លឹះមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់វិស័យសហប្រតិបត្តិការនៃតំបន់។ សហគមន៍សេដ្ឋកិច្ចអាស៊ានមានគោលបំណងបង្កើតទីផ្សាររួម និងមូលដ្ឋានផលិតកម្មរួម ដែលក្នុងនោះមានទាំងលំហូរទំនិញ សេវាកម្ម ការវិនិយោគ មូលធន និងកម្លាំងពលកម្ម…។ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien សង្ឃឹមថា បណ្តាប្រទេសជាសមាជិកនឹងជំនះការលំបាក និងស្តារសេដ្ឋកិច្ច ស្ថិរភាព ជីវភាពសង្គមឡើងវិញនាពេលយ៉ាងឆាប់ៗ។
ពង្រឹងមុខងារ និងតួនាទីប្រតិបត្តិការរបស់ AIPA
នៅក្នុងសុន្ទរកថារបស់លោក Uong Chu Luu អនុប្រធានរដ្ឋសភាវៀតណាមបានមានប្រសាសន៍ថា៖ AIPA កំពុងដើរតួនាទីយ៉ាងសំខាន់កាន់តែខ្លាំងឡើងក្នុងការជួយទ្រទ្រង់អាស៊ានអនុវត្តសេចក្តីសម្រេចចិត្តរបស់ខ្លួនដើម្បីរួមចំណែកក្នុងការកសាង សហគមន៍អាស៊ានមួយដែលមានសាមគ្គីភាពរឹងមាំ និងវិបុលភាព។ ដើម្បីឱ្យ AIPA បន្តអនុវត្តមុខងារ និងតួនាទីរបស់ខ្លួននោះ គឺការកសាង ពង្រឹង និងការអភិវឌ្ឍអង្គការគឺជាការងារសំខាន់ណាស់ដែលគណៈកម្មការចាត់តាំងគឺជាកន្លែងដែលសមាជិក AIPA ពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការចាត់តាំង ផ្តើមចេញពីនោះដាក់ចេញនូវគោលនយោបាយ និងទិសដៅអភិវឌ្ឍសម្រាប់ពេលអនាគត។
នៅក្នុងកិច្ចប្រជុំ សមាជិកសភា AIPA បានពិចារណា និងអនុម័តសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តជាច្រើនរបស់ AIPA រួមមានបញ្ហាហិរញ្ញវត្ថុ ទំនាក់ទំនងជាមួយដៃគូរបស់ AIPA និងបញ្ចូលអ្នកសង្កេតការណ៍ថ្មីៗបង្កើតសន្និសីទសមាជិកសភាវ័យក្មេង AIPA និងវាយតំលៃលើតួនាទីរបស់ប្រធាន AIPA ជាដើម។
ថ្ងៃនេះ (ថ្ងៃទី១០ កញ្ញា) ដែលជាថ្ងៃធ្វើការចុងក្រោយនៃមហាសន្និបាត AIPA 41 នឹងបើកសម័យប្រជុំពេញអង្គលើកទី ២ បន្ទាប់មករៀបចំពិធីបិទ និងប្រារព្ធធ្វើសន្និសីទសារព័ត៌មាន៕
បកប្រែដោយ Minh Trung