leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក NGUYEN PHU TRONG ចេញសេចក្តីអំពាវនាវឱ្យមានសាមគ្គីភាពដើម្បីយកឈ្នះលើជំងឺរាតត្បាត

 

សេចក្តីអំពាវនាវរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋលោក NGUYEN PHU TRONG

ជំងឺរាតត្បាតកាចសាហាវ Covid-១៩ បន្តរីករាលដាលពាសពេញពិភពលោកដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែកនៃជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ គិតរហូតមកត្រឹមបច្ចុប្បន្ននេះមនុស្សជាង ៧២០,០០០ នាក់បានឆ្លងជំងឺ ជិត ៣៥,០០០ នាក់បានស្លាប់នៅក្នុងប្រទេសនិងតំបន់ដែនដីជិត ២០០ នៅលើពិភពលោក។ ស្ថានភាពជំងឺរាតត្បាតនៅតែវិវត្តយ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបានដែលអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរថែមទៀត។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្រោមការដឹកនាំរបស់បក្ស រដ្ឋ និងក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី គណៈកម្មាធិការជាតិស្តីពីការការពារនិងគ្រប់គ្រងជំងឺ Covid-១៩ ស្ថាប័ន តំបន់ដែនដីគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលបានសាមគ្គី ឯកភាព និងអនុវត្តវិធានការជាច្រើនប្រកបដោយស៊ីចង្វាក់គ្នា និងប្តូរផ្តាច់ដើម្បីការពារនិងបន្ថយការរីករាលដាលនៃជំងឺ ធានាឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខសង្គម និងសុវត្ថិភាព។ ជាជំហានដំបូងទទួលបានលទ្ធផលវិជ្ជមានជាច្រើនដែលបង្ហាញពីកម្លាំងសាមគ្គីភាពជាតិ ការប្តេជ្ញាចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតហើយត្រូវបានពិភពលោកទទួលស្គាល់និងវាយតម្លៃខ្ពស់។

ក្នុងនាមបក្ស និងរដ្ឋ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងកោតសរសើរចំពោះការចូលរួមរបស់គណៈកម្មាធិការបក្ស អង្គការបក្ស និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់តាំងពីមជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ សូមសរសើរការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ផ្នែកសុខាភិបាល កងកំលាំងកងទ័ព នគរបាល ក្រសួង ស្ថាប័នមជ្ឈិមទាំងអស់ រួមទាំងការចូលរួមយ៉ាងទាន់ពេលវេលា និងសកម្មរបស់រណសិរ្សមាតុភូមិ អង្គការមហាជន សហគមន៍ធុរកិច្ច និងទីភ្នាក់ងារព័ត៌មានទាំងអស់។ ជាពិសេសខ្ញុំសូមថ្លែងអំណរគុណដល់ជនរួមជាតិសមមិត្ត យុទ្ធជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិនៅក្រៅប្រទេសដែលបានជឿទុកចិត្តគាំទ្រ និងឆ្លើយតបយ៉ាងក្លៀវក្លាចំពោះការការពារ និងគ្រប់គ្រងជំងឺ។

បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងពេលវេលាដែលមានហានិភ័យនៃការឆ្លងក្នុងសហគមន៍កាន់តែខ្ពស់ ប្រព័ន្ធនយោបាយទាំងមូលត្រូវផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ខ្ពស់ដើម្បីបន្តការពារ និងទប់ស្កាត់ជំងឺរាតត្បាតឱ្យបានសកម្ម។ យើងមិនភ័យស្លន់ស្លោពេកទេ ប៉ុន្តែក៏មិនត្រូវបាន ធ្វេសប្រហែសដែរ ត្រូវតែក្តាប់ឲ្យបានជាប់នូវ ស្ថានភាព និងព្យាករណ៍ពីលទ្ធភាពដែលអាក្រក់បំផុតដើម្បីមានវិធានការណ៍ប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគ។ ទីភ្នាក់ងារ អង្គភាព អង្គការ និងតំបន់មូលដ្ឋាននីមួយៗត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់លើអោយបានល្អិតល្អន់ ចាត់វិធានការនិងសំរបសំរួលគ្នាអោយបានជិតស្និទ្ធថែមទៀតដើម្បីអនុវត្តការងារបង្ការនិងទប់ស្កាត់រោគរាតត្បាត ត្រូវតែផ្តល់អាទិភាពនូវទាំងធនធាន ពេលវេលា និងការខំប្រឹងប្រែងសម្រាប់ការងារដ៏សំខាន់នេះ។

បងប្អូនជនរួមជាតិ សមមិត្ត និងយុទ្ធជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិនៅក្រៅប្រទេស!

ប្រជាជនយើងមានប្រពៃណីស្នេហាជាតិ និងមនុស្សធម៌។ រាល់ពេលដែលប្រទេសជួបប្រទះការលំបាក ទំនៀមទម្លាប់ប្រពៃណីនោះត្រូវបានកើនឡើងយ៉ាងច្រើន។ ក្នុងរយៈពេលកន្លងមក ប្រជាជនយើងទាំងមូលបានឯកភាពនិងរួមគ្នាជាមួយបក្ស និងរដ្ឋ ដើម្បីការពារនិងគ្រប់គ្រងជំងឺរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។ នារយៈពេលខាងមុខនេះ យើងប្រហែលជាអាចនឹងជួបការលំបាកជាងច្រើនដងដែលទាមទារការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្តកាន់តែខ្លាំងជាងនេះទៅទៀត។

ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅគ្រាលំបាកនេះ វិធានការបង្ការ និងទប់ស្កាត់ជំងឺមួយចំនួនពិតជានឹងជះឥទ្ធិពលដល់សកម្មភាពរបស់អង្គការនិងបុគ្គលមួយចំនួនក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជនរបស់យើង។ ក្នុងស្មារតីគិតគូរពីសុខភាព និងអាយុជីវិតមនុស្សជាអាទិភាពជាចម្បង ខ្ញុំសូមផ្តាំផ្ញើដល់ជនរួមជាតិ សមមិត្ត និងយុទ្ធជនទាំងអស់នៅទូទាំងប្រទេស និងជនរួមជាតិនៅក្រៅប្រទេសឲ្យរួបរួមបេះដូងតែមួយបង្រួបបង្រួមឆន្ទៈនិងសកម្មភាពអនុវត្តយ៉ាងម៉ឺងម៉ាត់​និងប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស និងរដ្ឋ ការគ្រប់គ្រងរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។ ពលរដ្ឋគ្រប់រូបគឺជាយុទ្ធជនម្នាក់ៗនៅជួរមុខនៃការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាត។

ក្នុងនាមជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមសូមសម្តែងនូវចំណាប់អារម្មណ៍ សមានចិត្តដ៏ជ្រាលជ្រៅរបស់ខ្លួន ហើយវៀតណាមកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងខិតខំសហប្រតិបត្តិការជាក់ស្តែងសម្របសម្រួលទាន់ពេលវេលាជាមួយបណ្តាប្រទេស ជាពិសេសបណ្តាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត Covid-១៩។ ខ្ញុំគិតថា ក្នុងស្ថានភាពបច្ចុប្បន្ន សាមគ្គីភាព និងការសម្របសម្រួលសកម្មភាពសកលគឺជាមូលដ្ឋានដើម្បីធានាបាននូវជ័យជំនះចុងក្រោយរបស់ពិភពលោកចំពោះជំងឺរាតត្បាតនេះ។

ប្រជាជាតិវៀតណាមទាំងមូលសូមចូលរួមទាំងអស់គ្នាជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានាដើម្បីជំនះការរីករាលដាលនៃជំងឺ Covid - ១៩!

បកប្រែដោយ Minh Trung