ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាមលោក Nguyen Van Giau បានផ្តល់បទសម្ភាស ជាមួយអ្នកយកព័ត៌មានអមដំណើរគណៈប្រតិភូអំពី លទ្ធផលទទួលបាននៃដំណើរទស្សនកិច្ចលើកនេះ។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៤០ (IPU-140) (រូបថត៖quochoi.vn)

 

អ្នកយកព័ត៌មាន៖ តើលោកអាចសង្ខេបអំពីលទ្ធផល នៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទេ?

លោក Nguyen Van Giau៖ ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃម៉ារ៉ុកបានចាត់ទុកថា ថ្វីត្បិតតែទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពល្អប្រសើរ និងបានពង្រីកយ៉ាងឆាប់រហ័សក៏ដោយក៏ប៉ុន្តែ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតែមានសភាពយឺតយ៉ាវ និងមិនសមស្របជាមួយសក្តានុពលក៏ដូចជាតម្រូវការរបស់ប្រទេសនីមួយៗផងដែរ។ ប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសមិត្តបានឯកភាពគ្នាយ៉ាងមុតមាំថា  ម៉ារ៉ុកជ្រើសរើសយកវៀតណាមជា ច្រកចូលទៅកាន់អាស៊ាន និងវៀតណាម ជ្រើសរើសយកម៉ារ៉ុកជាច្រកចូលទៅកាន់អាហ្វ្រិក។

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចជាផ្លូវការនៅ សាធារណរដ្ឋបារាំងទទួលបានលទ្ធផលយ៉ាងដូចម្តេចដែរ?

ប្រធាន Nguyen Van Giau: ក្នុងជំនួបពិភាក្សា  និងទទួលជួបសវនការជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទាំងប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាបារាំងបានគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម និង សហភាពអឺរុប (EVFTA)។ ប្រធានព្រឹទ្ធសភាបារាំង បានមានប្រសាសន៍ថា នាពេលខាងមុខនៅពេលដែល ធ្វើដំណើរទៅប្រជុំនៅប្រទេសអូទ្រីសគាត់នឹងលើកបញ្ហាថាគប្បីមានផែនការបង្ហាញផ្លូវឲ្យបានច្បាស់លាស់ស្តីពីការចុះហត្ថលេខាលើ EVFTA។ លោកសង្ឃឹមថា ថ្នាក់ដឹកនាំសភាអឺរ៉ុបបច្ចុប្បន្នដែលនឹងផុតអាណត្តិនាចុងខែឧសភានោះត្រូវតែទទួលខុសត្រូវក្នុងការរៀបចំឯកសារ និងការផ្ទេរទៅ EP អាណត្តិក្រោយ ហើយត្រូវតែចាត់ទុកថាឯកសារនេះជាអាទិភាពដំបូងបង្អស់នៃអាណត្តិថ្មី។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងលើកនេះ របស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្វីត្បិតតែគ្មានគណៈប្រតិភូធុរកិច្ចវៀតណាម អមដំណើរក៏ពិតមែនប៉ុន្តែភាគីមិត្តនៅតែជ្រើសយក សហគ្រាសធំៗនាំមុខគេទាំង១៥ របស់បារាំងរួមទាំង សមាជិករដ្ឋសភា ព្រឹទ្ធសភាមួយចំនួនដើម្បីពិភាក្សា ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមលើគោលនយោបាយ និងទិសដៅក្នុងការវិនិយោគ ការធ្វើអាជីវកម្ម។ ប្រការនេះបានបង្ហាញឱ្យឃើញថា បារាំង និងសហគ្រាសរបស់បារាំងកំពុងមានការ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវៀតណាម។

នៅប្រទេសបារាំងប្រធានរដ្ឋសភាបានជួបជុំអាណិកជនវៀតណាមជិត ៧០០ នាក់ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតក្រុម "អានណាម ស្នេហាជាតិ" ដែលជាបុព្វជិករបស់សមាគមអាណិកជន វៀតណាមស្នេហាជាតិនៅបារាំង។

អ្នកយកព័ត៌មាន៖ នៅ EP តើដំណើរទស្សនកិច្ចការងារ របស់ប្រធានរដ្ឋសភាទទួលបានលទ្ធផលអ្វីខ្លះ?

ប្រធាន Nguyen Van Giau: ការជំរុញឲ្យចុះហត្ថលេខា និងការអនុម័តលើ EVFTA នាពេលឆាប់ៗខាងមុខ គឺជាគោលដៅដ៏សំខាន់នៃដំណើរទស្សនកិច្ចលើកនេះ។ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដែលប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan មកទស្សនាបានសំដែងនូវ ការគាំទ្រចំពោះការចុះហត្ថលេខា និងអនុម័តលើ EVFTA ដោយបានចាត់ទុក EVFTA នឹងនាំមកនូវ ផលប្រយោជន៍ជាក់ស្តែងដល់គ្រប់ភាគីពាក់ព័ន្ធ។

ទាំងប្រធានគណៈកម្មាធិការអឺរ៉ុប (EC) និងប្រធាន EP សុទ្ធតែចង់ពង្រាយ EVFTA ឲ្យបានឆាប់រហ័ស ប៉ុន្តែដំណើរការអនុម័តលើ EVFTA ត្រូវតែបន្ថយល្បឿន ដោយសារភាពស្មុគស្មាញដែលកើតមានឡើងនៅក្នុងបញ្ហា Brexit និងការរៀបចំការបោះឆ្នោត EP អាណត្តិថ្មី។ ទាក់ទិននឹងរាល់បញ្ហាដែលសមាជិកសភាមួយចំនួន របស់ EP ចាប់អារម្មណ៍នោះ ប្រធានរដ្ឋសភា បានអះអាងថា រដ្ឋសភាវៀតណាមកំពុងធ្វើឱ្យល្អប្រសើរ នូវប្រព័ន្ធច្បាប់ក្នុងស្រុកឲ្យស្របតាមរាល់កិច្ចព្រមព្រៀង អន្តរជាតិដែលវៀតណាមបានចុះហត្ថលេខាឬចូលរួមដែលក្នុងនោះរួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិយាយរួម និង EVFTA និយាយដោយឡែក ដោយផ្អែកលើបទពិសោធន៍នៃបណ្តាប្រទេសក្នុងនោះមានបណ្តាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប។ រីឯ បញ្ហាផ្សេងៗទៀតដែលមិនទាន់ព្រមព្រៀងគ្នា វៀតណាមនឹងបន្តជួបសន្ទនាដោយបើកចំហរ មិនលាក់លៀម និងផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ភាគីមិត្តស្វែងយល់។

ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារជាមួយ EP, EC ប្រធានរដ្ឋសភា ក៏បានជួបសវនការជាមួយប្រធាន រដ្ឋសភា ប្រធានព្រឹទ្ធសភាប៊ែលហ្ស៊ិក។ ថ្នាក់ដឹកនាំ ប៊ែលហ្ស៊ិកទាំងអស់សុទ្ធបានវាយតំលៃថា វៀតណាមជាប្រទេសដែលមានបរិយាកាសវិនិយោគល្អនិងកំពុងរីកចម្រើនប្រកបដោយចិរភាព និងកោតសរសើរដល់សហគមន៍វៀតណាមនៅប៊ែលហ្ស៊ិក។

អ្នកយកព័ត៌មាន៖ តើលោកប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានរួមចំណែកយ៉ាងដូចម្តេចចំពោះជោគជ័យរួមនៃ IPU-140?

ប្រធាន Nguyen Van Giau:

ប្រធានបទនៃ IPU-140 “រដ្ឋសភាគឺជាមូលដ្ឋានគ្រឹះជួយលើកកំពស់ការអប់រំដើម្បីសន្តិភាព សន្តិសុខ និងនីតិរដ្ឋ " ប្រធានបទនេះល្អណាស់ដោយជិតស្និទ្ធទៅនឹងរាល់តម្រូវការពីគ្រប់ប្រទេសដែលក្នុងនោះរួមទាំងប្រទេសវៀតណាមដែរ។ ថ្លែងមតិនៅមហាសន្និបាត ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ IPU ក៏ដូចជាការអនុវត្តប្រកបដោយជោគជ័យនូវរាល់គោលការណ៍ សេចក្តីសម្រេចរបស់ IPU  លើកឡើងគំនិតផ្តួចផ្តើម ព្រមទាំងវៀតណាមបានលើកឡើងនូវសំណូមពរទាំង ៥ ក្រុមដ៏ជាក់ស្តែងដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អន្តរជាតិ។

នៅខាងក្រៅ IPU-140 ប្រធានរដ្ឋសភាបានជួបប្រជុំ ជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះកាតា  ជាមួយថ្នាក់ដឹកនាំរដ្ឋសភាមកពីបណ្តាប្រទេសរុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន ស្រីលង្កា ហ្សកហ្ស៊ី មីក្រូនេស៊ី និងចិនជាដើម។ ក្នុងអំឡុងពេលចូលរួម IPU-140 ខ្ញុំក៏បានទទួលជួបប្រធានគណៈប្រតិភូក្រុមប្រឹក្សា នីតិកម្មនៃប្រទេសថៃ និងចក្រភពអង់គ្លេស។ រាល់ជំនួបទាំងនេះគឺជាសកម្មភាពសំខាន់ៗក្នុងសកម្មភាពពហុភាគីដើម្បីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ពិភាក្សាអំពីអ្វីដែលកំពុងកើតមានឡើងនៅលើពិភពលោក ពោលគឺពិភាក្សាអំពីរាល់បញ្ហាធ្វើយ៉ាងណា ដើម្បីរក្សាបានសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕

អ្នកយកព័ត៌មាន: សូមអរគុណលោក!

បកប្រែដោយ Minh Trung