មតិសាធារណៈអន្តរជាតិពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម៖
ការរំពឹងទុកសម្រាប់មាគ៌ាអភិវឌ្ឍន៍ថ្មី
កប.អនឡាញ - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ត្រូវបានមតិសាធារណៈអន្តរជាតិចាត់ទុកថា ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដោយកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រ គោលដៅអភិវឌ្ឍន៍ និងការសម្រេចចិត្តគោលនយោបាយ សម្រាប់មាគ៌ាថ្មីរបស់វៀតណាម។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានជូនដំណឹងឲ្យដឹងថា ប្រតិភូចំនួន ១,៥៨៦ នាក់ដែលតំណាងឱ្យបក្ខជនជាង ៥.៦ លាននាក់ បានចូលរួមពិធីបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី២០ ខែមករា។ លោក To Lam អគ្គលេខាបក្ស បានបង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី ១៤ របស់បក្ស។
    |
 |
|
ប្រតិភូចូលរួមក្នុងពិធីបើកមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ២០ ខែមករា |
ទីភ្នាក់ងារសារព័ត៌មាន Sputnik បានសង្កត់ធ្ងន់ថា "របាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ ស្តីពីឯកសារដែលបានដាក់ជូនមហាសន្និបាតលើកទី ១៤ គឺជាឯកសារដ៏មានសារៈសំខាន់ជាពិសេសនៅក្នុងជីវិតនយោបាយរបស់ប្រទេស ដោយកំណត់ចក្ខុវិស័យយុទ្ធសាស្ត្រ គោលដៅអភិវឌ្ឍន៍ និងការសម្រេចចិត្តគោលនយោបាយ សម្រាប់មាគ៌ាថ្មីរបស់ប្រជាជាតិវៀតណាម"។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីរបស់លោក To Lam អគ្គលេខាបក្ស ដែលឲ្យដឹងថា វៀតណាមកំពុងខិតខំសម្រេចឲ្យបាននូវអត្រាកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) ជាមធ្យម សម្រាប់ដំណាក់កាល ២០២៦-២០៣០ ពី១០%ឡើងទៅ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ពីមុនបានចុះផ្សាយអត្ថបទមួយអំពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា ចាប់តាំងពីការអនុវត្តការផ្លាស់ថ្មីនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ វៀតណាមបានផ្លាស់ប្តូរពីប្រទេសក្រីក្រ និងរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ទៅជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ី។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ប្រទេសក្នុងដំណាក់កាលខាងមុខ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់លើគោលការណ៍ដឹកនាំ ទិសដៅសំខាន់ៗ និងភារកិច្ចស្នូល រួមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងធានាថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលពិតជាក្លាយជាកម្លាំងចលករសំខាន់នៃកំណើន។
ទីភ្នាក់ងារសារព័ត៌មាន Sputnik បានចាត់ទុកថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍នយោបាយពិសេសមួយ ដែលមិនត្រឹមតែទាក់ទាញការចាប់អារម្មណ៍ពីប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងត្រូវបានតាមដានយ៉ាងដិតដល់ដោយសារព័ត៌មានអន្តរជាតិទៀតផង។ "នៅថ្ងៃទី២០ ខែមករា មជ្ឈមណ្ឌលសារព័ត៌មាននៃមហាសន្និបាតលើកទី១៤ បានបន្តមានភាពមមាញឹកជាមួយនឹងចង្វាក់ការងារដ៏លឿន និងវិជ្ជាជីវៈ។ អ្នកយកព័ត៌មានជាតិ និងអន្តរជាតិបានតាមដានកាលវិភាគយ៉ាងដិតដល់ ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់លើវគ្គប្រជុំនានា និងផ្លាស់ប្តូរព័ត៌មានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ បរិយាកាសមានការផ្តោតអារម្មណ៍ខ្ពស់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់ប្រព័ន្ធផ្សព្វផ្សាយចំពោះខ្លឹមសារ និងសារនៃមហាសន្និបាតលើកទី១៤" នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។
លោក Kostrikov Mikhail អ្នកកាសែតរបស់កាសែត Pravda (រុស្ស៊ី) បានឲ្យដឹងថា ទោះបីជានេះជាលើកដំបូងរបស់គាត់ក្នុងការផ្សាយព័ត៌មានអំពីមហាសន្និបាតរបស់បក្សកុម្មុយនិស្តវៀតណាមក៏ដោយ ក៏គាត់បានស្វែងយល់យ៉ាងច្រើនអំពីប្រទេសវៀតណាម។ គាត់បានឃើញថា វៀតណាមបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ដ៏វែងឆ្ងាយមួយ។ អ្នកកាសែត Mikhail Kostrikov បានចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik ថា៖ «មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងជីវិតនយោបាយ ដែលបង្ហាញយ៉ាងច្បាស់ពីចំណាប់អារម្មណ៍ និងការគាំទ្ររបស់ប្រជាជនវៀតណាម តាមរយៈរូបភាពគ្រួសារជាច្រើនដែលព្យួរទង់ជាតិនៅមុខផ្ទះរបស់ពួកគេ ដើម្បីស្វាគមន៍មហាសន្និបាត។ ខ្ញុំមានអារម្មណ៍យ៉ាងច្បាស់ពីបរិយាកាសសុទិដ្ឋិនិយមនៅឯមហាសន្និបាត។ ខ្ញុំជឿជាក់ថា មាគ៌ាដែលវៀតណាមបានឆ្លងកាត់ចាប់តាំងពីការចាប់ផ្តើមដំណើរការផ្លាស់ថ្មី គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនាពេលអនាគតដ៏ជោគជ័យ។ ខ្ញុំដូចពលរដ្ឋរុស្ស៊ីជាច្រើនដែរ មានការរំពឹងទុកខ្ពស់ចំពោះប្រការនោះ។ ខ្ញុំសូមជូនពរឱ្យវៀតណាមទទួលបានជោគជ័យជាច្រើន»។
យោងតាមគេហទំព័រ Daily News របស់ហុងគ្រី មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជា "របត់ប្រវត្តិសាស្ត្រ" ដែលជា "ព្រឹត្តិការណ៍សំខាន់ជាពិសេស" ក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាម។ ប្រធានបទ "ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមចិត្តរួមកម្លាំងគ្នាដើម្បីសម្រេចដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ជាតិដល់ឆ្នាំ ២០៣០; ម្ចាស់ការលើផ្នែកយុទ្ធសាស្ត្រ ខ្លួនទីពឹងខ្លួន ទំនុកចិត្តលើខ្លួនឯង ដើម្បីឈានទៅមុខយ៉ារឹងមាំក្នុងយុគសម័យរីកចម្រើនរបស់ប្រជាជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល ឆ្ពោះទៅរកសង្គមនិយម» ដែលនេះបង្ហាញពីឯកភាពក្នុងសតិអារម្មណ៍ និងសកម្មភាព ពង្រឹងទំនុកចិត្តរបស់ប្រជាជន និងបញ្ជាក់ពីប្រាជ្ញា និងភាពក្លាហានរបស់បក្ស និងកម្លាំងរបស់ប្រជាជាតិវៀតណាម៕
បកប្រែដោយ Huyen Trang