ក្នុងជំនួប លោក To Lam អគ្គលេខាបក្ស បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងបានសម្តែងការជឿជាក់ថា កម្ពុជានឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏រុងរឿង។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួប លោកស្រី ជា គឹមថា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម (រូបថត៖ vnanet.vn)

ដោយសម្តែងការរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-កម្ពុជាលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស រដ្ឋាភិបាល សភា និងរវាងមូលដ្ឋាននានានោះ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងពីប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាព មិត្តភាពជិតស្និទ្ធ និងការលះបង់ជួយគ្នាទៅវិញទៅមក ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន។ លោកក៏បានបញ្ជាក់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់កម្ពុជាក្នុងការរំដោះជាតិ និងការអភិវឌ្ឍរបស់វៀតណាម។ នៅក្នុងបរិបទពិភពលោកមានភាពមិនប្រាកដប្រជា ហើយមិនអាចទាយទុកជាមុនបាននោះ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍទំនាក់ទំនងវៀតណាម-កម្ពុជា ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងបីគឺវៀតណាម កម្ពុជា និងឡាវ ដោយចាត់ទុកថានេះជាជម្រើសយុទ្ធសាស្ត្រ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា វៀតណាម និងកម្ពុជាមានគោលដៅអភិវឌ្ឍស្រដៀងគ្នា។ លោកអគ្គលេខាបក្សបានស្នើថា ប្រទេសទាំងពីរគួរតែពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន ខិតខំជម្រុញដើម្បីធ្វើឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ តាមគោដៅដែលបានកំណត់។ ភាគីទាំងពីរខិតខំជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសសម្រាប់ផលិតផលដូចជា អង្ករ គ្រាប់ស្វាយចន្ទី និងកៅស៊ូ ជាដើម ដើម្បីលើកកម្ពស់ឧស្សាហកម្មកែច្នៃ និងការនាំចេញនាំចូល។ លោកក៏បានស្នើឱ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ ប្រទេសទាំងពីរត្រូវបន្តពង្រឹងទំនុកចិត្តនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ រួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសទាំងពីរ និងតំបន់។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn)

ដោយវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនា និងការរួមចំណែកវិជ្ជមានរបស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា និងស្ថានទូតកម្ពុជា ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នបក្ស រដ្ឋ ក្រសួង មូលដ្ឋាននានា និងការតភ្ជាប់ការផ្លាស់ប្តូររវាងប្រជាជនរវាងប្រទេសទាំងពីរនោះ លោកអគ្គលេខាបក្សបានសម្តែងទំនុកចិត្តថា នៅពេលត្រឡប់មកកម្ពុជាវិញ លោកស្រីឯកអគ្គរាជទូតនឹងចងចាំជានិច្ចនូវអនុស្សាវរីយ៍ល្អប្រសើរអំពីប្រទេស និងប្រជាជនវៀតណាម ហើយបន្តរួមចំណែកជាវិជ្ជមានក្នុងការរក្សា និងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីឆ្នាំ២០២៦ ពីសំណាក់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោក To Lam អគ្គលេខាបក្ស។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះលោកអគ្គលេខាបក្ស ដែលបានយកចិត្តទុកដាក់ និងដឹកនាំស្ថាប័ននានារបស់វៀតណាមឲ្យសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា និងបង្កើតលក្ខខណ្ឌអំណោយផលជូនលោកស្រីក្នុងការបំពេញភារកិច្ចរបស់ខ្លួននៅវៀតណាម។

ដោយសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញសមិទ្ធផលសំខាន់ៗរបស់ប្រទេសវៀតណាម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអំឡុងពេលបំពេញការងារនៅប្រទេសវៀតណាមនោះ លោកស្រីឯកអគ្គរាជទូត បានវាយតំលៃខ្ពស់ចំពោះកំណែទម្រង់ និងការបង្រួមក្បាលម៉ាស៊ីនរបស់វៀតណាម ហើយបានសម្តែងទំនុកចិត្តថា មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមនឹងទទួលបានជោគជ័យ ហើយវៀតណាមនឹងសម្រេចបាននូវគោលដៅ ១០០ ឆ្នាំទាំងពីររបស់ខ្លួន ដោយជោគជ័យ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ក្នុងឱកាសនេះ លោកអគ្គលេខាបក្សបានស្នើឱ្យភាគីទាំងពីរបន្តសហការគ្នាក្នុងការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក។ លោកបានថ្លែងអំណរគុណ និងបានស្នើឱ្យភាគីកម្ពុជា បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលអំពីឋានៈស្របច្បាប់ រួមទាំងការផ្តល់សញ្ជាតិ ដើម្បីឱ្យប្រជាជនដើមកំណើតវៀតណាម មានការរស់នៅប្រកដោយស្ថិរភាព និងចូលរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

តាមរយៈលោកស្រីឯកអគ្គរាជទូត លោក To Lam អគ្គលេខាបក្ស បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ  និងជូនពរឆ្នាំថ្មី ពីសំណាក់ថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋវៀតណាម ជូនចំពោះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា៕

បកប្រែដោយ Duy Hoan