លោក Nguyen Manh Cuong បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជោគជ័យនៃមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំងអបអរសាទរចំពោះលោក Vilay Lakhamfong ដែលត្រូវបានបោះឆ្នោតជ្រើសតាំងសារជាថ្មីជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១២ និងការិយាល័យនយោបាយ និងកាន់តំណែងជាលេខាប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវលើកទី១២។

តាងនាមបក្ស និងប្រជាជនឡាវ លោក Vilay Lakhamfong បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេង និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដែលប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ថ្មីក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក Vilay Lakhamfong បានសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈណាក៏ដោយ ទោះបីជាស្ថានភាពពិភពលោក និងតំបន់ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែវៀតណាម និងឡាវនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង បង្កើន និងថែរក្សាទំនាក់ទំនងដ៏ស្មោះត្រង់ បរិសុទ្ធ និងកម្រមាន ដោយហេតុនោះ ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវការតភ្ជាប់ជាយុទ្ធសាស្ត្រ ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជននៃប្រទេសទាំងពីរ ស្របតាមតម្រូវការ ចក្ខុវិស័យ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសនីមួយៗនៅក្នុងបរិបទថ្មី។

leftcenterrightdel
លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់ផ្កាអបអរសាទរដល់លោក Vilay Lakhamfong លេខាប្រចាំការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖ vnanet.vn)

លោក Nguyen Manh Cuong បានជម្រាបជូនលោក Vilay Lakhamfong អំពីលទ្ធផលនៃជំនួបធ្វើការជាមួយគណៈទាក់ទងបរទេសមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។ លោកបានកត់សម្គាល់ថា ភាគីទាំងពីរមានការផ្លាស់ប្តូរយ៉ាងជាក់ស្តែង និងសម្រេចបាននូវការយោគយល់គ្នាជាច្រើន ក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ជាពិសេសការអនុវត្តសកម្មភាពការទូតកម្រិតខ្ពស់ក្នុងរយៈពេលខាងមុខ ដែលរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។ លោក Nguyen Manh Cuong ក៏បានជម្រាបជូនអំពីការត្រៀមរៀបចំសម្រាប់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

* នាថ្ងៃដដែល លោក Nguyen Manh Cuong បានទទួលជួបលោក Bounleua Phandanouvong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ និងទទួលជួបធ្វើការជាមួយលោក Valasay Lengsavath សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈទាក់ទងបរទេសមជ្ឈិមនៃបក្សប្រជាជនបដិវត្តន៍ឡាវ៕

បកប្រែដោយ Huyen Trang