កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជាកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព
កប.អនឡាញ - នៅព្រឹកថ្ងៃទី១២ ខែមករា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមអញ្ជើញចូលជួបសម្តែងការគួមសម និងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការងាររបស់ខ្លួន។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរលោកស្រីឯកអគ្គរាជទូត ជា គឹមថា ដែលបានបំពេញអាណត្តិការងាររបស់ខ្លួនដោយជោគជ័យនៅប្រទេសវៀតណាម និងបានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាម ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា ក្នុងការពង្រឹង និងអភិវឌ្ឍចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនិយាយដោយឡែក។
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាការងារជាមួយលោកស្រីឯកអគ្គរាជទូត ជា គឹមថា |
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ថា នៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួន វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងពូនជ្រំដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែងជាមួយកម្ពុជា។
ដោយសម្តែងការរីករាយចំពោះលទ្ធផលវិជ្ជមាននៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម ឡាវ និងកម្ពុជានោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងគណបក្សទាំងបី និងប្រជាជននៃប្រទេសទាំងបីកំពុងអភិវឌ្ឍកាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ ក្នុងនោះ ទំនាក់ទំនងនយោបាយនៅតែជាមូលដ្ឋានគ្រឹះ ទំនាក់ទំនងរវាងគណបក្សទាំងបីដើរតួនាទីតម្រង់ទិសសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងបី កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកំពុងត្រូវបានលើកកម្ពស់ប្រកបដោយប្រសិទ្ធភាព ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ-បច្ចេកទេស មានវឌ្ឍនភាពវិជ្ជមានជាច្រើន។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីរវាងវៀតណាម និងកម្ពុជា ជាពិសេសនៅក្នុងវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់ បណ្តាយន្តការការសន្ទនា ការពិគ្រោះយោបល់ ការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល ការគ្រប់គ្រងការពារព្រំដែន ការជួបប្រាស្រ័យមិត្តភាព ការចងសម្ព័ន្ធមេត្រីភាព ការអប់រំ និងឃោសនាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី ការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងព្រឹត្តិការណ៍នានាដែលរៀបចំដោយភាគីនីមួយៗ...
    |
 |
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់អំណោយជូនលោកស្រីឯកអគ្គរាជទូត ជា គឹមថា |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងក្តីសង្ឃឹមថា ក្នុងតំណែងថ្មី លោកស្រីឯកអគ្គរាជទូត ជា គឹមថា នឹងបន្តផ្តល់មនោសញ្ចេតនាល្អជូនចំពោះវៀតណាម ហើយនិងបន្តពូនជ្រំ និងជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
ដោយថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ Phan Van Giang ដែលបានចំណាយពេលវេលាដ៏មានតំលៃរបស់ខ្លួនដើម្បីទទួលជួបលោកស្រីនោះ លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលតែងតែបង្កើតលក្ខខណ្ឌអំណោយផល និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីលោកស្រីសម្រេចបានជោគជ័យនូវភារកិច្ចជាស្ពានតភ្ជាប់ទំនាក់ទំនងជម្រុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងអំឡុងពេលអាណត្តិការងាររបស់លោកស្រីនៅប្រទេសវៀតណាម។
លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារ និងជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិថ្មីៗនេះនៅវៀតណាម។
លោកស្រីឯកអគ្គរាជទូតបានបញ្ជាក់ថា គណបក្ស រដ្ឋ កងទ័ព និងប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចនូវជំនួយរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ក្នុងការតស៊ូរំដោះជាតិ ការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព សន្តិភាព និងការរស់ឡើងវិញនៃប្រទេសកម្ពុជា។ លោកស្រីឯកអគ្គរាជទូតសម្តែងក្តីសង្ឃឹមថា នាពេលអនាគត ភាគីទាំងពីរនឹងបន្តសម្របសម្រួល និងអនុវត្តភារកិច្ចដែលបានឯកភាពគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក៕
បកប្រែដោយ Duy Hoan