* នៅថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង Seattle លោក Luong Cuong ប្រធានរដ្ឋវៀតណាមទទួលជួបលោក Denny Heck អភិបាលរងរដ្ឋវ៉ាស៊ីនតោន។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់នាំមុខគេមួយ និងចាត់ទុករដ្ឋវ៉ាស៊ីនតោនជាដៃគូសំខាន់នៅថ្នាក់មូលដ្ឋាន ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មឈានមុខគេមួយរបស់សហរដ្ឋអាមេរិក ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមបច្ចុប្បន្នជាទីផ្សារនាំចេញធំជាងគេទីប្រាំរបស់រដ្ឋវ៉ាស៊ីនតោន។ លោកប្រធានរដ្ឋវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ ហើយសំដែងនូវក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្ម អប់រំ អាកាសចរណ៍ និងថាមពល។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាមទទួលជួបលោក Denny Heck អភិបាលរងរដ្ឋវ៉ាស៊ីនតោន |
ដោយអះអាងថា ភាគីទាំងពីរនៅតែមានសក្ដានុពលខ្លាំងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន លោកប្រធានរដ្ឋវៀតណាម បានស្នើ ភាគីទាំងពីរគួរតែរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការ តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្មនិងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត logistics ថាមពលស្អាត កំពង់ផែទឹកជ្រៅ និងជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋវ៉ាស៊ីនតោន និងទីក្រុងហូជីមិញ។
អភិបាលរង Denny Heck បានអបអរសាទរចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលវៀតណាមសម្រេចបាននាពេលកន្លងមក ហើយអះអាងថា វៀតណាមជាដៃគូអាទិភាពរបស់រដ្ឋវ៉ាស៊ីនតោនក្នុងតំបន់។ អភិបាលរងរដ្ឋវ៉ាស៊ីនតោន បានអះអាងពីការត្រៀមខ្លួនជាមួយដៃគូវៀតណាម ពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងធុរកិច្ច ព្រមទាំងជំរុញពាណិជ្ជកម្មទ្វេភាគី និងវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ផ្គត់ផ្គង់ និង logistics បៃតង និងអភិវឌ្ឍធនធានមនុស្ស និងនវានុវត្ដន៍។
លោក Denny Heck អភិបាលរង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសវៀតណាម និងអាមេរិក ជាពិសេសក្នុងវិស័យអាកាសចរណ៍ ព្រមទាំងសម្តែងនូវសេចក្តីរីករាយ និងសង្កត់ធ្ងន់ថា ការផ្ទេរយន្តហោះ Boeing 737 MAX របស់សាជីវកម្ម Boeing ទៅកាន់ក្រុមហ៊ុន Vietjet Air (វៀតណាម) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ រួមចំណែកក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បង្កើតការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនក្នុងរដ្ឋវ៉ាស៊ីនតោន។ កិច្ចសហប្រតិបត្តិការនេះក៏បញ្ជាក់ពីសក្តានុពល និងតួនាទីសំខាន់របស់សហគ្រាសវៀតណាមលើឆាកអន្តរជាតិផងដែរ។
* នាព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃសកម្មភាពទ្វេភាគីនៅទីក្រុង Seattle លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោកស្រី Stephanie Pope ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម Boeing Commercial Airplanes (BCA)។
ភាក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរបស់សាជីវកម្ម Boeing ជាមួយវៀតណាម លោកស្រី Stephanie Pope បានអះអាងថា នឹងបន្តធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមដើម្បីអនុវត្ដកិច្ចព្រមព្រៀងជាបណ្តើរៗរវាងភាគីទាំងពីរ ដោយហេតុនេះ បន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម។
ដោយយល់ស្របនឹងមតិយោបល់របស់លោកស្រីប្រធាន និងជានាយកប្រតិបត្តិ BCA លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអះអាងថា ទំនាក់ទំនងវៀតណាម-អាមេរិកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក្នុងនាមជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់នោះ វៀតណាមនឹងក្លាយជាទីផ្សារសក្តានុពលមួយសម្រាប់ប្រភេទយន្តហោះទំនើបរបស់សាជីវកម្ម Boeing។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោកស្រី Stephanie Pope ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម Boeing Commercial Airplanes |
ដោយវាយតំលៃខ្ពស់ចំពោះសមិទ្ធិផល ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សាជីវកម្ម Boeing ជាមួយវៀតណាមនាពេលថ្មីៗនេះ លោកប្រធានរដ្ឋវៀតណាមបានសម្តែងនូវសេចក្តីរីករាយដែលដឹងថា សាជីវកម្ម Boeing បានបញ្ចប់នីតិវិធីក្នុងការប្រគល់យន្តហោះថ្មីដល់ដៃគូរបស់វៀតណាម។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ បានស្នើឱ្យសាជីវកម្ម Boeing បន្តសហការយ៉ាងជិតស្និទ្ធដើម្បីប្រគល់យន្ដហោះដែលបានចុះហត្ថលេខាតាមកាលកំណត់។
លោកប្រធានរដ្ឋវៀតណាមស្នើឱ្យសាជីវកម្ម Boeing ឆាប់ស្រាវជ្រាវ និងវិនិយោគរោងចក្រផលិតគ្រឿងបន្លាស់ ព្រមទាំងសាងសង់មជ្ឈមណ្ឌលថែទាំឧបករណ៍ ម៉ាស៊ីននិងយន្តហោះ ដោយហេតុនេះ បម្រើមិនត្រឹមតែទីផ្សារវៀតណាមប៉ុណ្ណោះទេ ថែមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Boeing ពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពនិងយូរអង្វែងរវាងភាគីទាំងពីរ។ លោកប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផល ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីវិនិយោគិនអាមេរិកនិយាយរួម និងសាជីវកម្ម Boeing និយាយដោយឡែកចូលរួមវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។
* នាព្រឹកថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងតំបន់) លោក Luong Cuong ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមពិធីចុះហត្ថលេខាលើការប្រគល់យន្តហោះរវាងសាជីវកម្ម Boeing (អាមេរិក) និង Vietjet Air (វៀតណាម)៕
បកប្រែដោយ Pham Diep