ខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម៖ ដំណើរការប្រែក្លាយពីការធ្វើមិនបានទៅជាការធ្វើបាន
កប.អនឡាញ - ក្នុងដំណើរការ ៨០ ឆ្នាំនៃការតស៊ូដើម្បីឯករាជ្យនិងកសាងប្រទេស វៀតណាមប្រែក្លាយពីការធ្វើមិនបានទៅជាការធ្វើបាន ដោយតែងតែជំនះគ្រប់ពេលវេលាដ៏លំបាករបស់ប្រទេស។ នេះជាការចែករំលែករបស់លោក Clement Ngu អ្នកយកព័ត៌មានរបស់កាសែត Nikkei Asia ប្រចាំចក្រភពអង់គ្លេស ក្នុងកិច្ចសម្ភាសន៍នាពេលថ្មីៗនេះ ក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ / ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។
អ្នកកាសែត Clement បានលើកឡើងពីជោគជ័យនៃការតស៊ូប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងដើម្បីនាំប្រទេសរួចផុតពីភាពក្រីក្រក្រោយសង្គ្រាម ក៏ដូចជាជោគជ័យរបស់វៀតណាមក្នុងឆាកអន្តរជាតិ។
ទាក់ទិននឹងសមិទ្ធិផលសេដ្ឋកិច្ចសង្គម លោក Clement បានគូសបញ្ជាក់ថា ចាប់តាំងពីអនុវត្តគោលនយោបាយផ្លាស់ថ្មី នៅឆ្នាំ ១៩៨៦ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ១០០ ដង ហើយ GDP សម្រាប់មនុស្សម្នាក់បានកើនឡើងជាង ៦ ដង ពីក្រោម ៧០០ ដុល្លារ ដល់ជិត ៤,៥០០ ដុល្លារ ក្នុងឆ្នាំ ២០២៣។ វៀតណាមក៏កាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ផងដែរ ដោយអត្រានៃភាពក្រីក្រពី ៥៨% នៅដើមឆ្នាំ ១៩៩០ ធ្លាក់ចុះ ៥% ក្នុងឆ្នាំ ២០២០។
    |
 |
ពិធីគោរពទង់ជាតិ "ខ្ញុំស្រឡាញ់មាតុភូមិរបស់ខ្ញុំ" អបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ / ១៩ សីហា ២០២៥) និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ ខែកញ្ញា ឆ្នាំ ១៩៤៥ / ២ ខែកញ្ញា ឆ្នាំ ២០២៥) ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ នៅសួនផ្កា Van Xuan ទីក្រុងហាណូយ (រូបថត៖ vnanet.vn) |
នៅឆ្នាំ ២០០០ រលកនៃកំណែទម្រង់សហគ្រាសរដ្ឋ និងលើកទឹកចិត្តការអភិវឌ្ឍសេដ្ឋកិច្ចឯកជនបានធ្វើឱ្យវិស័យឯកជនក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការបង្កើតការងារ និងនវានុវត្ដន៍។
លោក Clement បន្ថែមថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វៀតណាមបាននិងកំពុងអភិវឌ្ឍដោយឥតឈប់ឈរ កំណើនសេដ្ឋកិច្ចកើនឡើងជាបន្តបន្ទាប់នៅក្នុងឆ្នាំ ១៩៨០ ឆ្នាំ១៩៩០ ឆ្នាំ២០០០ ឆ្នាំ២០១០ និងឆ្នាំ២០២០។ កំណើននេះបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបជាង ៨% នៅឆ្នាំនេះ និងកំណើនពីរខ្ទង់នៅឆ្នាំក្រោយ។
ទាក់ទិននឹងកិច្ចការបរទេស វៀតណាមក៏សម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ ដោយមានពាក្យស្លោកជាមិត្តជាមួយប្រទេសទាំងអស់។ លោក Clement បានអះអាងថា វៀតណាមជាសមាជិកសកម្មនៃសហគមន៍អន្តរជាតិ តែងតែបើកចំហក្នុងកិច្ចសហប្រតិបត្តិការ និងដើរតួនាទីយ៉ាងសកម្មក្នុងដំណើរការសន្តិភាពអន្តរជាតិ។ លោកបានលើកយកឧទាហារណ៍ថា វៀតណាមបានរំលងចោលរឿងចាស់ដើម្បីបង្កើតទំនាក់ទំនងជាមួយអាមេរិក ឬ ទីក្រុងហាណូយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅឆ្នាំ ២០១៩ ក៏ដូចជាវៀតណាមនាពេលថ្មីៗនេះបានស្វាគមន៍មេដឹកនាំចិន រុស្ស៊ី និងអាមេរិកក្នុងរយៈពេលត្រឹមតែ ៩ ខែ។
យោងតាមលោក Clement មូលហេតុចម្បងគឺវៀតណាមជាប្រទេសដែលមានលទ្ធភាពសហប្រតិបត្តិការជាមួយប្រទេសជាច្រើន រួមទាំងប្រទេសមហាអំណាចប្រកួតប្រជែងផងដែរ។ លោក Clement ឲ្យដឹងថា សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃគោលនយោបាយការបរទេសពហុភាគី អាស្រ័យហេតុនេះ វៀតណាមអះអាងខ្លួនឯងក្នុងយុគសម័យនៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ប្រែក្លាយការប្រកួតប្រជែងនេះទៅជាផលប្រយោជន៍សម្រាប់វៀតណាម។
ខណៈដែល សមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមបានបង្ហាញពីការបើកចំហររបស់ប្រជាជនវៀតណាម ក៏ដូចជាថ្នាក់ដឹកនាំទាំងថ្នាក់មជ្ឈិម និងថ្នាក់មូលដ្ឋាន។ នោះគឺជាការបើកចំហចំពោះពាណិជ្ជកម្ម និងសហគ្រាសឯកជន នៅពេលដែលថ្នាក់ដឹកនាំមជ្ឈិមត្រៀមខ្លួនជាស្រេចទទួលយកហានិភ័យ អនុញ្ញាតនិងគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជន និងអនុវត្តយន្តការនានាដើម្បីទាក់ទាញវិនិយោគិនអន្តរជាតិ។
លោក Clement បានសន្និដ្ឋានថា គោលដៅក្លាយជាប្រទេសរីកចម្រើន និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ជាមហិច្ឆតាអាចធ្វើទៅបាន អាស្រ័យប្រព័ន្ធនយោបាយស្ថិរភាព និងការអនុវត្តសេចក្ដីសម្រេចចិត្ដសំខាន់ៗស្តីពីកំណែទម្រង់ច្បាប់ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសសេចក្ដីសម្រេចចិត្ដលេខ 68-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន៕
បកប្រែដោយ Pham Diep