លោក Tran Thanh Man ប្រធានរដ្ឋសភា អញ្ជើញចូលរួមកម្មវិធី “ត្រឡប់មកប្រភពដើមនៅខេត្ដ Tuyen Quang
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃកម្មវិធី "ត្រឡប់មកប្រភពដើម" រៀបចំដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងឱកាសអបអរសាទរខួបលើកទី ៨០ នៃមហាសន្និបាតតំណាងរដ្ឋសភាវៀតណាមនៅឃុំ Tan Trao ខេត្ដ Tuyen Quang (ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៥ / ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៥) និងឆ្ពោះទៅខួបលើកទី ៨០ នៃការបោះឆ្នោតទូទៅលើកដំបូងសម្រាប់បោះឆ្នោតរដ្ឋសភា (ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៤៦/ ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦) នាព្រឹកថ្ងៃទី ១៦ សីហា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួមកម្មវិធី “ត្រឡប់មកប្រភពដើម - ឆ្ពោះទៅអនាគតនៅឃុំ Tan Trao ខេត្ត Tuyen Quang។
ថ្លែងមតិក្នុងកម្មវិធីនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូបានរំលឹកឡើងវិញនូវប្រវត្តិសាស្ដ្រ ៨០ ឆ្នាំ ដ៏រុងរឿងរបស់រដ្ឋសភាវៀតណាម។ ក្នុងរយៈពេលជិត ៨០ ឆ្នាំកន្លងមកនេះ ដោយមាន ១៥ អាណត្តិ ហើយអាណត្តិនីមួយៗបានបំពេញបេសកកម្មប្រវត្តិសាស្ត្រផ្សេងៗគ្នា ជួបប្រទះការលំបាកនិងបញ្ហាប្រឈមជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម រដ្ឋសភាវៀតណាមបានផ្លាស់ថ្មីឥតឈប់ឈរនូវអង្គការនិងប្រតិបត្ដិការ ឆ្លើយតបតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូ កាត់ខ្សែបូសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានរដ្ឋ Ton Duc Thang |
លោក Tran Thanh Man ប្រធានរដ្ឋសភា បានឲ្យដឹងថា ខេត្ត Tuyen Quang ជាទឹកដីវីរភាពដែលសម្បូរទៅដោយប្រពៃណីបដិវត្តន៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងមានទីតាំងយុទ្ធសាស្ត្រសំខាន់របស់មាតុភូមិ។ ទីនេះគឺជាកន្លែងធ្វើបដិវត្តន៍របស់លោកប្រធានហូជីមិញ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា រដ្ឋាភិបាល រណសិរ្សមាតុភូមិវៀតណាម និងក្រសួង ស្ថាប័នមជ្ឈិមក្នុងសម័យតស៊ូប្រយុទ្ធ។
ដោយសង្កត់ធ្ងន់លើសមិទ្ធិផលរបស់ប្រទេសជាតិ ជាពិសេសក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មី លោក Tran Thanh Man បានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយក៏ក្រោមការដឹកនាំរបស់បក្ស ប្រទេសយើងធានាបាននូវគោលដៅកំណើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាសន្តិសុខសង្គម ការការពារជាតិ និងសន្តិសុខត្រូវបានរក្សាយ៉ាងរឹងមាំ។ កិច្ចការបរទេសត្រូវបានពង្រឹង ហើយកិត្យានុភាពរបស់ប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិកើនឡើងខ្ពស់។
លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជន បន្តលើកកម្ពស់លទ្ធិវីរភាពបដិវត្តន៍ក្នុងសម័យតស៊ូរំដោះជាតិក្លាយជាលទ្ធិវីរភាពបដិវត្តន៍ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ទន្ទឹមនឹងនោះ ខេត្ត Tuyen Quang ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់និងសេចក្ដីសម្រេចចិត្ដដែលរដ្ឋសភាបានអនុម័ត។
គួររំលឹកថា មុននេះ លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូបានអញ្ជើញចូលរួមពិធីសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធលោកប្រធានរដ្ឋ Ton Duc Thang។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូ នៅរូបសំណាកលោក “អ៊ំ ហូ នៅ Tan Trao” |
* នាព្រឹកថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភា និងប្រតិភូបានអុជធូប និងដាក់ផ្កានៅខ្ទម Na Nua និងរូបសំណាកលោក “អ៊ំ ហូ នៅ Tan Trao”; ប្រាសាទ Tan Trao និងតំបន់រំលឹកវិញ្ញាណក្ខន្ធបុព្វបុរសបដិវត្តន៍ដើម្បីសម្តែងការដឹងគុណជូនចំពោះលោកប្រធានហូជីមិញ និងបុព្វបុរសបដិវត្តន៍៕
បកប្រែដោយ Thanh Cong