លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥
ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។
ដំណើរទស្សនកិច្ចការងាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធប្រេស៊ីលលោក Lula da Silva។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោកជំទាវ (រូបថត៖ vov.vn) |
អំពីអត្ថន័យ និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh លើកនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Pham Minh Hang បានឲ្យដឹងថា៖ ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដំណើរបំពេញទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីដោយមានសកម្មភាពចម្រុះទាំងទ្វេភាគីនិងពហុភាគី បន្តកំណត់គោលដៅ និងភារកិច្ចសំខាន់ៗ នៃសេចក្តីសម្រេចចិត្តលេខ៥៩ ស្ដីពីសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនោះ អនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម ភាពជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។
នេះជាលើកដំបូងដែលវៀតណាមបានចូលរួមជាប្រទេសដៃគូនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលជាយន្តការសហប្រតិបត្តិការពហុភាគីរវាងប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងមានឥទ្ធិពលកាន់តែខ្លាំងឡើងទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ។ ការដែលវៀតណាមក្លាយជាប្រទេសដៃគូ BRICS ក៏ដូចជាចូលរួមកិច្ចប្រជុំកំពូលនេះបានអះអាងនូវតួនាទី និងការទទួលខុសត្រូវចំពោះយន្តការពហុភាគី ដោយមានបំណងចង់ខិតខំប្រឹងប្រែងរួមចំណែកលើកកំពស់សម្លេង និងតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ជំរុញសាមគ្គីភាពអន្តរជាតិ បរិយាប័ន្ន និងពហុភាគីលើគ្រប់ជ្រុងជ្រោយ ក្នុងស្មារតីគោរពច្បាប់អន្តរជាតិ ក៏ដូចជាធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសជាសមាជិក BRICS៕
តាម vovworld.vn