UN វាយតម្លៃខ្ពស់ចំពោះគោលជំហរ និងការសន្យារបស់វៀតណាមចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ
វៀតណាមមានបំណងចង់រួមចំណែកយ៉ាងជាក់ស្តែងក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាក្រោយជម្លោះ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ចែករំលែកបទពិសោធន៍ និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងការកសាងសន្តិភាពប្រកបដោយនិរន្តរភាព។
នេះជាការបញ្ជាក់របស់លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ៣ ខែកក្កដា នៅពេលចូលជួបសម្តែងការគួរសមជាមួយលោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និតិកាលទី ៧៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Do Hung Viet ក៏បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “ឯកភាពក្នុងភាពចម្រុះ” នៃសម័យមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៩។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការសន្ទនា និងការគោរពគ្នាទៅវិញទៅមកគឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
    |
 |
លោក Do Hung Viet ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី៧៩ លោក Philemon Yang (រូបថត៖ vnanet.vn) |
លោក Philemon Yang ប្រធានមហាសន្និបាត បានស្វាគមន៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍និងកិច្ចការបរទេស ក៏ដូចជាតួនាទីកាន់តែខ្លាំងឡើងរបស់វៀតណាមនៅអង្គការសហប្រជាជាតិ។ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះគោលជំហរ និងការសន្យារបស់វៀតណាមចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកប្រធានមហាសន្និបាតបានជូនពរឲ្យលោក Do Hung Viet មានអាណត្តិបេសកកម្មប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់រូបភាព និងឋានៈអន្តរជាតិរបស់វៀតណាម ទន្ទឹមនឹងនោះ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រទេសសមាជិកអង្គការសហប្រជាជាតិ។
មុននោះ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា លោក Do Hung Viet បានជួបប្រជុំនិងសន្ទនាជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បន្ទាប់ពីជូនសារតាំង។ នៅក្នុងជំនួបនេះ លោក Do Hung Viet បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះរបៀបវារៈរបស់អង្គការសហប្រជាជាតិ ជាពិសេសដំណើរការនិងគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងបញ្ហាសាក់ល្បងជាសកល៕
តាម vovworld.vn