ប្រធានាធិបតីបារាំង និងលោកជំទាវ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ២៧ ឧសភា លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ Brigitte Macron បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា។
គួររំលឹកថា នាថ្ងៃដដែល នៅទីក្រុងហាណូយ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានជួបជជែកពិភាក្សាការងារ និងពិសារអាហារពេលព្រឹក តបតាមការអញ្ជើញរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម។
    |
 |
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាការងារជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង |
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជូនដំណឹង និងផ្លាស់ប្តូរយោបល់លើទស្សនៈ ចក្ខុវិស័យ ក៏ដូចជាតម្រូវការសហប្រតិបត្តិការក្នុងដំណើរការធ្វើបរិវត្ដកម្មថាមពលនៃប្រទេសនីមួយៗ អាស្រ័យហេតុនេះ ភាគីទាំងពីរបន្តអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។ ភាគីទាំងពីរក៏បានបញ្ជាក់ផងដែរថា ការធ្វើបរិវត្ដកម្មថាមពលមិនអាចសម្រេចបានទេ បើសិនជាគ្រាន់តែផ្អែកទៅលើការខិតខំប្រឹងប្រែងតែឯងរបស់រដ្ឋាភិបាល ឬវិស័យឯកជនតែប៉ុណ្ណោះទេ ដែលកិច្ចសហប្រតិបត្ដិការសាធារណៈ និងឯកជនគឺជាស្ពានសម្រាប់ភាគីទាំងពីរចែករំលែកធនធាន កាត់បន្ថយហានិភ័យ និងពង្រីកទំហំនៃការអនុវត្តដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនេះ ស្ថានទូតបារាំងប្រចាំវៀតណាមបានរៀបចំពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងស្ថាប័ន និងអាជីវកម្មនៃប្រទេសទាំងពីរ ក្រោមសក្ខីភាពលោក Eric Lombard រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ផ្លាស់ប្តូរឧស្សាហកម្ម និងឌីជីថលបារាំង និងលោកស្រី Phan Thi Thang អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
* នាថ្ងៃដដែល លោក Emmanuel Macron និងលោកជំទាវ រួមជាមួយលោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងសំណេះសំណាលជាមួយនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ ហើយនិងអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រវ៉ាក់សាំង និងថ្នាំពេទ្យ VNVC ដែលជារោងចក្រផលិតវ៉ាក់សាំងដ៏ធំ និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាមនាពេលបច្ចុប្បន្ននេះ ដែលផ្ទេរបច្ចេកវិទ្យាដោយក្រុមហ៊ុនសាជីវកម្មឱសថបារាំង Sanofi ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយប្តេជ្ញាបន្តធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Pham Diep