ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ម៉ិកស៊ិក (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២៥) អ្នកយកព័ត៌មាន មានឱកាសសម្ភាសន៍ លោក Alejandro Negrin ឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំនៅវៀតណាម អំពីខ្លឹមសារនេះ។
អ្នកយកព័ត៌មាន ៖ លោកឯកអគ្គរដ្ឋទូត ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងម៉ិកស៊ិក តើលោកវាយតំលៃថាអ្វីជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត និងសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍បំផុតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ?
លោកឯកអគ្គរដ្ឋទូត Alejandro Negrin៖ ព្រឹត្តិការណ៍សំខាន់មួយគឺការបង្កើតយន្តការពិគ្រោះយោបល់នយោបាយនៅថ្នាក់អនុរដ្ឋមន្ត្រីនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០០២ ដោយបង្កើតយន្តការកិច្ចសន្ទនារវាងប្រទេសទាំងពីរ។ យន្តការនេះត្រូវបានរក្សាទុកជាទៀងទាត់ក្នុងរយៈពេល ១៥ មកនេះ ហើយត្រូវបានគ្រោងថានឹងរៀបចំសម័យប្រជុំលើកទី ៨ នៅឆ្នាំនេះនៅទីក្រុងម៉ិកស៊ិក។
ក្នុងវិស័យសេដ្ឋកិច្ច កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានបើកវេទិកាដ៏សំខាន់មួយ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលត្រឹមតែប្រាំឆ្នាំចាប់តាំងពីកិច្ចព្រមព្រៀងចូលជាធរមាន ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងបីដង។
    |
 |
លោក Alejandro Negrin ឯកអគ្គរដ្ឋទូតម៉ិកស៊ិកប្រចាំនៅវៀតណាម (រូបថត៖ CAND) |
បច្ចុប្បន្ន ម៉ិកស៊ិក ជាប្រទេសនាំមុខគេនៅអាមេរិកឡាទីន និងតំបន់ការាបៀន ក្នុងការនាំចូលផលិតផលពីវៀតណាម ហើយក៏ជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមក្នុងតំបន់ផងដែរ។ គិតត្រឹមតែឆ្នាំ ២០២៤ ទេ ការផ្លាស់ប្តូរពាណិជ្ជកម្មបានលើសពីកម្រិត ១៤ ពាន់លានដុល្លារ។
ក្រៅពីនោះ កិច្ចព្រមព្រៀង CPTPP ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបើកឱកាសជំរុញលំហូរវិនិយោគ និងការបណ្តាក់ទុនរួមគ្នារវាងប្រទេសទាំងពីរ។
ថ្មីៗនេះ ជំនួបជាប្រវត្តិសាស្ត្ររវាង លោក Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិក និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីចុងឆ្នាំមុន ក៏បានបង្ហាញយ៉ាងច្បាស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។
អ្នកយកព័ត៌មាន៖ ក្រៅពីការផ្លាស់ប្តូរពាណិជ្ជកម្មនោះ ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំក៏រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការយល់ដឹងរវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះ តើលោកអាចចែករំលែកផែនការរបស់ម៉ិកស៊ិកក្នុងការផ្សព្វផ្សាយសកម្មភាពទាំងនេះបានទេ?
លោកឯកអគ្គរដ្ឋទូត Alejandro Negrin៖ ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រទេសទាំងពីរ មិនទាន់មានភាពស័ក្កសមជាមួយនឹងសក្ដានុពលនៅឡើយ ជាពិសេសបើប្រៀបធៀបទៅនឹងការផ្លាស់ប្តូរសេដ្ឋកិច្ច។
ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ស្ថានទូតម៉ិកស៊ិកប្រចាំនៅវៀតណាមកំពុងរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើន ដែលនឹងបើកឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅខែមេសា យើងបានរៀបចំសិក្ខាសាលាសិក្សាមួយរវាងវិទ្យាស្ថានវៀតណាមសម្រាប់ការសិក្សាអាមេរិក (VIAS) និងសាកលវិទ្យាល័យឈានមុខគេរបស់ប្រទេសម៉ិកស៊ិក ជាសាកលវិទ្យាល័យជាតិ Autónoma de México ដើម្បីពិភាក្សាអំពីវិធីជំរុញទំនាក់ទំនងទ្វេភាគី។ នៅខែឧសភា និងមិថុនា យើងនឹងប្រារព្ធខែម្ហូបអាហារម៉ិកស៊ិក។
លើសពីនេះ គ្រឹះស្ថានបោះពុម្ព Nha Nam ក៏បានបោះពុម្ពសៀវភៅ El libro salvaje ដោយអ្នកនិពន្ធជនជាតិម៉ិកស៊ិកដ៏ល្បីល្បាញ Juan Villoro ផងដែរ។ នៅខែកញ្ញានឹងមានការតាំងពិព័រណ៍សិល្បៈម៉ិកស៊ិកនៅមជ្ឈមណ្ឌល Vincom សម្រាប់សិល្បៈសហសម័យ (VCCA) ។
ខ្ញុំជឿជាក់ថា ទាំងនេះគឺជាសកម្មភាពដ៏មានសក្តានុពល ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការសិក្សារវាងប្រទេសទាំងពីរ។ យើងត្រូវតស៊ូ និងប្តេជ្ញាជំរុញគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីបន្តបង្កើនការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជនទាំងពីរ។
អ្នកយកព័ត៌មាន៖ នៅក្នុងបរិបទនៃការផ្លាស់ប្តូរជាច្រើនក្នុងពិភពលោក តាមគំនិតរបស់លោក តើប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី?
លោកឯកអគ្គរដ្ឋទូត Alejandro Negrin៖ យើងត្រូវតែសង្កត់ធ្ងន់ថា កំណើនដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីការអភិវឌ្ឍដ៏រឹងមាំនេះ។ ខ្ញុំជឿជាក់ថា បរិបទអន្តរជាតិបច្ចុប្បន្ននេះ វាមិនត្រឹមតែពង្រឹងនិន្នាការនៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចរវាងម៉ិកស៊ិក និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងជំរុញការស្វែងយល់អំពីគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ។
យើងជឿជាក់ថាទីផ្សារវៀតណាមផ្តល់ឱកាសដ៏អស្ចារ្យសម្រាប់អ្នកនាំចេញម៉ិកស៊ិកក្នុងវិស័យដូចជា គ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ឱសថ ផលិតផលសាច់ និងអាហារ ព្រមទាំងភេសជ្ជៈពិសេសដូចជា mezcal និង tequila ។ យើងក៏សង្ឃឹមថា ចំណាប់អារម្មណ៍របស់ពាណិជ្ជករវៀតណាមក្នុងការវិនិយោគនៅម៉ិកស៊ិកនឹងកាន់តែកើនឡើង។
មានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗ។ ក្នុងចំណោមនោះ គ្រឿងអេឡិចត្រូនិកគឺជាវិស័យមួយដែលមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការដែលត្រូវផ្តល់អាទិភាពខ្ពស់ដោយប្រទេសទាំងពីរ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការធ្វើអាជីវកម្មតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូ និងការអភិរក្សតំបន់បុរាណវិទ្យា គឺជាវិស័យដែលមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ។ លើសពីនេះ យើងក៏មានឱកាសសហការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាការពារបរិស្ថាន ការពារ និងលើកកម្ពស់គុណភាពជីវភាពរស់នៅសម្រាប់មនុស្សជំនាន់ក្រោយ។
អ្នកយកព័ត៌មាន៖ ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត តើលោកឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹមយ៉ាងណាចំពោះអនាគតទំនាក់ទំនងទ្វេភាគីវៀតណាម-ម៉ិកស៊ិក?
លោកឯកអគ្គរដ្ឋទូត Alejandro Negrin៖ ទំនាក់ទំនងរវាងម៉ិកស៊ិក និងវៀតណាមបានរីកចម្រើនក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍មួយ ហើយឥឡូវនេះគឺជាឱកាសសម្រាប់យើងបោះជំហានដ៏សំខាន់មួយ។ ជំហាននេះចាំបាច់ត្រូវអនុវត្តយ៉ាងជាក់ស្តែង ដោយម្យ៉ាងគឺឯកភាពលើកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ និងម្យ៉ាងវិញទៀតតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីដែលនៅសេសសល់។ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៥ នឹងក្លាយជាពេលវេលាដ៏ល្អដើម្បីសម្រេចបាននូវគោលដៅសំខាន់ទាំងពីរនេះ។
ដើម្បីសម្រេចបាននូវប្រការពោលខាងលើនេះ យើងត្រូវកសាងក្របខណ្ឌច្បាប់សមស្របមួយ ដើម្បីរក្សាសន្ទុះរឹងមាំក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម ទន្ទឹមនឹងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនទៀត។
សារដែលខ្ញុំចង់បង្ហាញគឺ៖ ម៉ិកស៊ិក និងវៀតណាម គឺជាប្រទេសទាំងពីរដែលមានតួនាទីសំខាន់នៅលើឆាកអន្តរជាតិ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងមិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ យើងជាប្រទេសដែលឆ្ពោះទៅរកអនាគត ដោយចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ ដូចជាការច្នៃប្រឌិតបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងវប្បធម៌។ អាស្រ័យហេតុនេះ រួមចំណែកកសាងសង្គមអន្តរជាតិមួយប្រកបដោយយុត្តិធម៌ ផ្អែកលើនីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោក៕
អ្នកយកព័ត៌មាន៖ អរគុណឯកអគ្គរដ្ឋទូត
បកប្រែដោយ Duy Hoan