ពង្រឹងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងអ៊ូសបេគីស្ថាន

លោក Nuriddin Ismoilov ប្រធានសភាជាន់ទាបអ៊ូសបេគីស្ថាន បានអះអាងថា អ៊ូសបេគីស្ថានយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ លោកបានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះសុន្ទរកថាតម្រង់ទិសរបស់លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក្នុងសម័យប្រជុំពេញអង្គកម្រិតខ្ពស់នៃមហាសន្និបាត IPU លើកទី១៥០។ ក្នុងនាមជាអ្នកដែលថ្លែងសុន្ទរកថាដំបូងក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមបានតម្រង់ទិសសម្រាប់សុន្ទរកថាបន្ទាប់ រួមចំណែកដល់ជោគជ័យនៃ IPU-150។

leftcenterrightdel
លោក Nuriddin Ismoilov ប្រធានវិទ្យាស្ថាននីតិបញ្ញត្តិ (សភាជាន់ទាប) អ៊ូសបេគីស្ថាន ទទួលស្វាគមន៍​លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម 

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានអបអរសាទរប្រទេស Uzbekistan ដែលបានរៀបចំមហាសន្និបាត IPU លើកទី ១៥០ ប្រកបដោយជោគជ័យ។ លោកបានអះអាងថា ការដែលគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមអញ្ជើញចូលរួម IPU-150 មិនត្រឹមតែបង្ហាញការគោរពចំពោះអង្គការអន្តរសភាដ៏សំខាន់មួយនេះប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវស្មារតីសាមគ្គីភាព និងមិត្តភាពជាមួយអ៊ូសបេគីស្ថានផងដែរ។

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ជំរុញការតភ្ជាប់ផ្ទាល់រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានា រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ កសិកម្ម ការអភិវឌ្ឍបៃតង ការធ្វើបរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ។ល។ ដោយស្វាគមន៍ចំពោះការដែលប្រទេសទាំងពីរបើកជើងហោះហើរត្រង់រវាង Tashkent និង Cam Ranh (Khanh Hoa) នោះ ថ្នាក់ដឹកនាំទាំងពីរស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តពិចារណាជំរុញការបើកផ្លូវហោះហើរថ្មី ទាញយកសក្តានុពល និងឧត្តមភាពនៃប្រទេសនីមួយៗ និងមានគោលនយោបាយទិដ្ឋាការអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរធ្វើដំណើរទៅវិញទៅមក។ ភាគីទាំងពីរក៏បានស្វាគមន៍ផងដែរចំពោះការដែលប្រទេសទាំងពីរនឹងបើកការិយាល័យតំណាងនៅក្នុងប្រទេសរៀងៗខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីរួមចំណែកក្នុងការតភ្ជាប់ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​ពិភាក្សាការងារ

នៅលើបណ្តាញរដ្ឋសភា ថ្នាក់ដឹកនាំទាំងពីរបានអះអាងលើការបង្កើនទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាទាំងពីរនៃប្រទេសអ៊ូសបេគីស្ថាន តាមរយៈការផ្លាស់ប្តូរ និងការភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋសភា និងសាមជិកសភា គាំទ្រ និងជំរុញទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លើកកំពស់តួនាទីត្រួតពិនិត្យ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យអ៊ូសបេគីស្ថាន បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពក្នុងប្រទេសសាមី រួមចំណែកជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ត្រៀមខ្លួនជាស្រេចដើម្បីដោះសោសក្ដានុពលកិច្ចសហប្រតិបត្តិការ ជំរុញកំណើនពាណិជ្ជកម្ម

នាព្រឹកថ្ងៃទី ៨ មេសា នៅរដ្ឋធានី Tashkent លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានចូលរួមកិច្ចប្រជុំពិភាក្សារវាងធុរកិច្ចវៀតណាម និងអ៊ូសបេគីស្ថាន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ដោយមានសក្តានុភាពដ៏ធំធេង និងស្មារតីសហប្រតិបត្តិការដ៏ស្មោះស្ម័គ្រ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនឹងក្លាយជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយដើម្បីនាំទំនាក់ទំនងវៀតណាម-អ៊ូសបេគីស្ថានឡើងកំពស់ថ្មី ប្រកបដោយភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម​ ថ្លែង​ក្នុង​កិច្ចប្រជុំពីភាក្សាការងារ

ចែករំលែកអំពីសក្តានុពល និងឧត្តមភាពរបស់វៀតណាម លោកប្រធានរដ្ឋសភាវៀតណាមបានចាត់ទុកថា វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសជិត ២០០ និងបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៤០ នៅលើពិភពលោក និងស្ថិតក្នុងចំណោមប្រទេសពាណិជ្ជកម្មកំពូលទាំង ២០ ព្រមទាំងជាប់ចំណាត់ថ្នាក់ទី ៣២ ក្នុងចំណោមម៉ាកសញ្ញាជាតិខ្លាំងបំផុតទាំង ១០០ នៅលើពិភពលោក។ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៧ ជាមួយប្រទេសជាង ៦០ ។ លោកប្រធានរដ្ឋសភាបានអះអាងថា បរិយាកាសវិនិយោគរបស់វៀតណាមទទួលបានការវាយតម្លៃជាវិជ្ជមានពីសហគមន៍អន្តរជាតិ និងអ្នកវិនិយោគ។ វិនិយោគិនបរទេសជាច្រើនបានជ្រើសរើសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មយុទ្ធសាស្ត្រ និងតភ្ជាប់ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ វៀតណាមកំពុងអះអាងកាន់តែខ្លាំងឡើងនូវតួនាទីរបស់ខ្លួនជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់តម្លៃ និងរចនាសម្ព័ន្ធវិនិយោគថ្មីនៃតំបន់ និងពិភពលោក ជាពិសេសក្នុងវិស័យអេឡិចត្រូនិក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងគ្រឿងអេឡិចត្រូនិក។

ដោយលើកឡើងការតម្រង់ទិសជាក់លាក់មួយចំនួនដែលអង្គភាពអាជីវកម្មនៃភាគីទាំងពីរអាចរួមគ្នាអនុវត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអ៊ូសបេគីស្ថាននោះ លោកប្រធានរដ្ឋសភាវៀតណាមមានប្រសាសន៍ថា ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកែច្នៃកសិកម្ម រួមទាំងការអភិវឌ្ឍឧស្សាហកម្មវាយនភ័ណ្ឌនិងស្បែកជើង ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងបច្ចេកវិទ្យាបៃតង និងការជំរុញទំនាក់ទំនងចរាចរណ៍ និងទេសចរណ៍...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​ពិភាក្សារការងារ

លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឲ្យភាគីទាំងពីរគប្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាម និងអ៊ូសបេក ឲ្យមានឱកាសផ្លាស់ប្តូរ ស្វែងរក និងទាញយកឱកាសសហប្រតិបត្តិការ វិនិយោគ ជាពិសេសលើវិស័យដែលមានសក្តានុពល និងតម្រូវការខ្លាំងដូចជា ប្រេង និងឧស្ម័ន ការជីកយករ៉ែ កសិកម្ម និងទេសចរណ៍ជាដើម។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងមួយដើម្បីអ៊ូសបេគីស្ថានបង្កើនទំនាក់ទំនងជាមួយអាស៊ាន ហើយសង្ឃឹមថា អ៊ូសបេគីស្ថាន នឹងក្លាយជាស្ពានតភ្ជាប់មួយដើម្បីវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល។

ប្រធានរដ្ឋសភាវៀតណាមបានអះអាងថា រដ្ឋសភាវៀតណាមប្តេជ្ញាបន្តកែលម្អក្របខ័ណ្ឌច្បាប់ និងបង្កើតបរិយាកាសធ្វើអាជីវកម្មប្រកបដោយតម្លាភាព និងអំណោយផល ដើម្បីជួយគាំទ្រសហគ្រាសដំណើរការប្រកបដោយប្រសិទ្ធភាព។ លោកប្រធានរដ្ឋសភាវៀតណាមសង្ឃឹមថា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធរបស់អ៊ូសបេគីស្ថាន នឹងរួមដំណើរ និងបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀតណាមចូលទៅកាន់ទីផ្សារអ៊ូសបេគីស្ថានកាន់តែងាយស្រួល។

នៅក្នុងកិច្ចប្រជុំពិភាក្សាការងារនេះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ន នៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan