នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់ប្រទេសសិង្ហបុរី ក្នុងឋានៈជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដែលជាការកត់សម្គាល់នូវជំហានឆ្ពោះទៅមុខថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី។ ដំណើរបំពេញទស្សនកិច្ចនេះបង្ហាញពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងជាមួយសិង្ហបុរីឡើងដល់កម្រិតថ្មី ស្របតាមគោលនយោបាយ និងគោលការណ៍ណែនាំការបរទេសរបស់វៀតណាម។

ដំណើរទស្សនកិច្ចនេះក៏រួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងបក្សទាំងពីរកាន់តែស៊ីជម្រៅថែមទៀត បង្កើតមូលដ្ឋានគ្រឹះនយោបាយរឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យ៖ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថាមពលស្អាត មជ្ឈមណ្ឌលហិរញ្ញវត្ថុ ...

leftcenterrightdel
បុគ្គលិក កម្មាភិបាលនៃស្ថានទូត និងអ្នកតំណាងសហគមន៍វៀតណាមនៅសិង្ហបុរី ទទួលស្វាគមន៍លោកអគ្គលេខាបក្ស To Lam និងលោកជំទាវ (រូបថត៖ vnanet.vn)

សិង្ហបុរីគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដំបូងដែលវៀតណាម បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (ខែកញ្ញា ឆ្នាំ២០១៣)។ បន្ទាប់ពីបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣ នោះ ទំនាក់ទំនងវៀតណាម-សិង្ហបុរី កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

ទន្ទឹមនឹងទំនាក់ទំនងនយោបាយល្អ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-សិង្ហបុរី គឺជាចំណុចភ្លឺស្វាងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីឆ្នាំ១៩៩៦ មក ប្រទេសសិង្ហបុរី តែងតែជាដៃគូដ៏ធំបំផុតមួយរបស់វៀតណាម។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងកើនឡើងឥតឈប់ឈរ។

ទាក់ទងនឹងការវិនិយោគ គិតត្រឹមខែតុលា ឆ្នាំ២០២៤ សិង្ហបុរីបានរក្សាជំហរឈានមុខគេក្នុងអាស៊ាន ដោយជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៤៨ ដែលវិនិយោគនៅវៀតណាម (បន្ទាប់ពីកូរ៉េខាងត្បូង) ជាមួយនឹងគម្រោងកំពុងដំណើរការចំនួន ៣,៨៣៨ ដោយមានទុនចុះបញ្ជីសរុបឈានដល់ ៨១.១ ពាន់លានដុល្លារ។ គម្រោងវិនិយោគរបស់សិង្ហបុរី មានវត្តមាននៅក្នុងខេត្ត និងទីក្រុងជាច្រើននៃប្រទេសវៀតណាម ដោយផ្តោតលើឧស្សាហកម្មកែច្នៃ ផលិតកម្ម អាជីវកម្មអចលនទ្រព្យ ការផលិត និងចែកចាយអគ្គិសនី ឧស្ម័ន ទឹក ម៉ាស៊ីនត្រជាក់។ល។

គួរឱ្យរំលឹកដែរថា សួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) គឺជានិមិត្តសញ្ញានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ពីសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដំបូងបង្អស់ដែលបានបើកដំណើរការក្នុងឆ្នាំ ១៩៩៦ នៅទីក្រុង Binh Duong ប្រទេសវៀតណាមឥឡូវនេះ វៀតណាមគឺជាប្រទេសដែលសិង្ហបុរីបានសាងសង់សួនឧស្សាហកម្មច្រើនជាងគេលើពិភពលោកដោយមាន VSIP ចំនួន ១៨ នៅក្នុងខេត្ត-ក្រុងចំនួន ១០ ទាក់ទាញទុនវិនិយោគជាង ១៨ ពាន់លានដុល្លារ និងគម្រោងប្រហែល ៩០០ ដោយបង្កើតការងារសម្រាប់កម្មករបានជាង ៣០០,០០០ នាក់។ VSIP ពិតជា “ភ្លើងហ្វារ” ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មិនត្រឹមតែរួមចំណែកលើកកំពស់ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ៕

បកប្រែដោយ Minh Trung