ប្រព័ន្ធផ្សព្វផ្សាយនូវែលសេឡង់ផ្សាយរំលេចអំពីការតម្លើងទំនាក់ទំនង វៀតណាម-នូវែលសេឡង់ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
កប.អនឡាញ - នាថ្ងៃទី ២៧ ខែកុម្ភៈ គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលនូវែលសេឡង់ beehive.govt.nz និងគេហទំព័រព័ត៌មានជាច្រើនរបស់ប្រទេសនេះបានផ្សាយរំលេចអំពីការតម្លើងទំនាក់ទំនងវៀតណាម- នូវែលសេឡង់ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
យោងតាមអត្ថបទមួយចុះផ្សាយលើគេហទំព័រ beehive.govt.nz ការតម្លើងទំនាក់ទំនងនេះ ត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ មកកាន់វៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពដើម្បីអភិវឌ្ឍ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងនូវែលសេឡង់ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ សន្តិសុខ អប់រំ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជនក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងដៃគូថ្មី។
    |
 |
អត្ថបទចុះផ្សាយលើគេហទំព័រ 1news.co.nz (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Christopher Luxon បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគឺជាទំនាក់ទំនងភាពជាដៃគូកម្រិតខ្ពស់បំផុតរបស់នូវែលសេឡង់ជាមួយវៀតណាម ហើយជាមធ្យោបាយសមស្របដើម្បីចាប់ផ្តើមឆ្នាំនៃការប្រារព្ធខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០២៥)។
គេហទំព័រព័ត៌មាននូវែលសេឡង់ជាច្រើន រួមទាំង rnz.co.nz, 1news.co.nz, scoop.co.nz ក៏បានចុះផ្សាយអត្ថបទអំពីការដែលវៀតណាមនិងនូវែលសេឡង់បានព្រមព្រៀងគ្នាតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យោងតាមខ្លឹមសារនៃអត្ថបទនោះ នូវែលសេឡង់គឺជាប្រទេសទី ១០ ដែលវៀតណាមបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អត្ថបទបានដកស្រង់សំដីរបស់លោកនាយករដ្ឋមន្ត្រី Christopher Luxon ដោយសង្កត់ធ្ងន់ថា នូវែលសេឡង់បន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសសំខាន់ៗ ដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់និងពិភពលោក។ គេហទំព័រព័ត៌មានបានចុះផ្សាយអំពីពិធីបដិសណ្ឋារកិច្ចចំពោះនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់នៅទីក្រុងហាណូយ កិច្ចពិភាក្សារវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកនាយករដ្ឋមន្ត្រី Christopher Luxon ក៏ដូចជាសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំទាំងពីរ៕
បកប្រែដោយ Thanh Cong