វៀតណាម-ឥណ្ឌូនេស៊ីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
កប.អនឡាញ - នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី។
លោករដ្ឋមន្ត្រី Sugiono បានអះអាងថា ឥណ្ឌូនេស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ លោករដ្ឋមន្ត្រី Sugiono ស្នើ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗលើគ្រប់វិស័យ និងសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតវៀតណាម - ឥណ្ឌូនេស៊ី (ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៥ / ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៥)។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី (រូបថត៖ vnanet.vn) |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ីក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ព្រមទាំងសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនាពេលកន្លងមក ជាពិសេសការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានរក្សា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យចាប់ពីពាណិជ្ជកម្ម វិនិយោគ ការពារជាតិ សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន សម្របសម្រួលគោលនយោបាយនៅវេទិកាពហុភាគី ... ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាអនាគតអាស៊ាន (AFF) ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ និងកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់កំណើនបៃតង និងគោលដៅសកលលោក ឆ្នាំ ២០៣០ (P4G) ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា អង្គការអន្តរជាតិ ជាពិសេសអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី លោក Bui Thanh Son បានអញ្ជើញលោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Sugiono មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗ។ លោករដ្ឋមន្ត្រី Sugiono បានទទួលយកដោយក្ដីរីករាយ៕
បកប្រែដោយ Pham Diep