វៀតណាម និងនូវែលសេឡង់ឯកភាពគ្នានាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាននូវគោលដៅ ៣ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកុម្ភៈ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទៅបំពេញទស្សនកិច្ចនៅនូវែលសេឡង់ ក្រោមកម្មវិធី “ភ្ញៀវកិត្ដិយសអាស៊ានរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់”។
ក្នុងកម្មវិធីនោះ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានចូលជួបសម្តែងការគួរសមជាមួយលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ ជួបសវនាការជាមួយលោក Simon Watts រដ្ឋមន្ត្រីទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោកស្រី Judith Collins រដ្ឋមន្ត្រីក្រសួងការពារជាតិ អវកាស និងសន្តិសុខតាមអ៊ីនធឺណិត ព្រមទាំងទៅទស្សនាសាកលវិទ្យាល័យបច្ចេកវិទ្យា Auckland និងថ្លែងសុន្ទរកថានៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងមូលនិធិអាស៊ី-នូវែលសេឡង់។ ក្នុងឱកាសនេះ នាថ្ងៃទី ៤ ខែកុម្ភៈ លោកអនុរដ្ឋមន្ត្រី Do Hung Viet និងលោក Grahame Morton អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់បានជាសហអធិបតីនៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម - នូវែលសេឡង់លើកទី ១៣ និងធ្វើការជាមួយអង្គភាពពាក់ព័ន្ធមួយចំនួននៃក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលសេឡង់។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2025/02/06/upload_2117/01.jpg?dpi=150&quality=100&w=500) |
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក្នុងជំនួបជាមួយលោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ (រូបថត៖ ក្រសួងការបរទេស) |
លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានសង្កត់ធ្ងន់ថា វៀតណាមនិងនូវែលសេឡង់មានទំនុកចិត្តខាងនយោបាយខ្ពស់ ចែករំលែកភាពស្រដៀងគ្នាជាច្រើន និងមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មី ក្រៅពីវិស័យប្រពៃណីដូចជា កសិកម្ម និងអប់រំជាដើម។ លោកនាយករដ្ឋមន្ត្រី Luxon បានស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរពិភាក្សាយ៉ាងសកម្ម និងលើកឡើងវិធានការជាក់ស្តែង ដើម្បីនាំទំនាក់ទំនងឡើងកម្រិតកម្ពស់ថ្មីមួយនាពេលខាងមុខ។
នៅឯកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងក្នុងការផ្លាស់ប្តូរជាមួយដៃគូនូវែលសេឡង់ ភាគីទាំងពីរបានអះអាងថានឹងសម្របសម្រួលរៀបចំយ៉ាងល្អនូវសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - នូវែលសេឡង់ នៅឆ្នាំ ២០២៥។ ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងការពិគ្រោះយោបល់ទ្វេភាគី និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការនានា ដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាននូវគោលដៅចំនួន ៣ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលដែលធ្វើឱ្យវិស័យនេះជាសសរស្តម្ភថ្មីនៃទំនាក់ទំនងទ្វេភាគី។
ភាគីទាំងពីរបានឯកភាពគ្នាសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ជាពិសេសនៅអង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការដែលភាគីទាំងពីរជាសមាជិក។ នូវែលសេឡង់បានអះអាងនូវការវាយតំលៃខ្ពស់ចំពោះតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងយន្តការដឹកនាំដោយអាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើតនិម្មាបនកម្មក្នុងតំបន់ ព្រមទាំងវាយតំលៃខ្ពស់ចំពោះវៀតណាមក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនង អាស៊ាន - នូវែលសេឡង់ ដំណាក់កាលឆ្នាំ ២០២៤-២០២៧ និងមានបំណងចង់ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - នូវែលសេឡង់ ក្នុងប៉ុន្មានឆ្នាំខាងមុខ តាមរយៈការផ្តួចផ្តើមគំនិតថ្មី ជាពិសេសពិចារណាលើការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងអាស៊ាន-នូវែលសេឡង់។ ព្រមទាំងភាគីទាំងពីរអះអាងផ្តល់អាទិភាពខ្ពស់ និងធនធានដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាននិយាយរួម និងមហាអនុតំបន់ទន្លេមេគង្គនិយាយដោយឡែក៕
បកប្រែដោយ Huyen Trang