លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ និងតម្លៃទាំងឡាយដូចជាពហុភាគីនិយម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា អង្គការសហប្រជាជាតិកំពុងបង្កើនតួនាទីនាំមុខរបស់ខ្លួនក្នុងការរក្សាសន្តិភាព សន្តិសុខ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាមកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Amandeep Singh Gill (រូបថត៖ vnanet.vn)

លោក Amandeep Singh Gill បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដែលកំពុងរីកចម្រើនរបស់វៀតណាមក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ លោកបានចាត់ទុកថា បច្ចេកវិទ្យាឌីជីថលគឺជាឱកាសដ៏ល្អសម្រាប់ប្រទេសនីមួយៗក្នុងការឈានទៅមុខ ដែលវៀតណាមជាប្រទេសដ៏គំរូមួយ។ លោក Amandeep Singh Gill បានមានប្រសាសន៍ថា អង្គការសហប្រជាជាតិកំពុងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងសាមគ្គីភាពក្នុងការអភិវឌ្ឍបច្ចេកវិទ្យា; ផ្តោតលើការដាក់ពង្រាយ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ញាសិប្បនិម្មិត (AI); ដោយសង្កត់ធ្ងន់លើតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការបង្កើតអនាគតនៃ AI និងសមភាពនៃឱកាសសម្រាប់ទាំងអស់គ្នាក្នុងវិស័យនេះ។ លោក Amandeep Singh Gill បានវាយតម្លៃថា វៀតណាមជាប្រទេសមួយក្នុងដំណើរការក្លាយជាមហាអំណាច។ លោកបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិចង់ឱ្យវៀតណាមចូលរួមយ៉ាងសកម្មក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានយល់ស្របនឹងមតិរបស់លោក Amandeep Singh Gill និងគាំទ្រគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាម្ចាស់ផ្ទះ ឬសហការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យបច្ចេកវិទ្យា រួមទាំងធ្វើជាម្ចាស់ផ្ទះវេទិកាគោលនយោបាយគ្រប់គ្រង AI ផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យអង្គការសហប្រជាជាតិ បន្តគាំទ្រវៀតណាមក្នុងការកសាងក្របខ័ណ្ឌច្បាប់ និងស្តង់ដារអន្តរជាតិស្តីពីការគ្រប់គ្រងបច្ចេកវិទ្យា; ជំរុញការផ្ទេរបច្ចេកវិទ្យា; ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការបណ្តុះបណ្តាលធនធានមនុស្ស និងវិទ្យាសាស្ត្រគ្រប់គ្រងក្នុងវិស័យបច្ចេកវិទ្យា ជាពិសេស AI។

* នាថ្ងៃដដែល លោក Nguyen Xuan Thang នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានទទួលជួបលោក Amandeep Singh Gill៕

បកប្រែដោយ Huyen Trang