វៀតណាមនិងចិនជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
កប.អឡាញ - នាថ្ងៃទី ១០ ខែធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន និងធ្វើជាសហប្រធានរបស់កិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ចិន លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបសវនាការជាមួយលោក Han Zheng អនុប្រធានរដ្ឋចិន។
ដោយផ្លាស់ប្តូរយោបល់អំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននានានៃប្រទេសទាំងពីរ ហើយអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀង និងទស្សនៈរួមជាន់ខ្ពស់។
លោក Bui Thanh Son បានស្នើឲ្យបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ និងទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានស្នើថា ភាគីទាំងពីរជម្រុញការដាក់ឲ្យដំណើរការខ្សែផ្លូវដែកចំនួន ៣ ដែលតភ្ជាប់វៀតណាមជាមួយចិន ហើយស្នើរឲ្យប្រទេសចិនបន្តបង្កើនការនាំចូលទំនិញវៀតណាម លើកទឹកចិត្តធុរកិច្ចល្បីឈ្មោះរបស់ចិនវិនិយោគលើគម្រោងធំៗរបស់វៀតណាម។
|
|
លោក Bui Thanh Son និងលោក Han Zheng (រូបថត៖ dangcongsan.vn) |
លោក Bui Thanh Son បានស្នើឱ្យភាគីទាំងពីរអនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ និងទស្សនៈរួមលើបញ្ហាដែនសមុទ្រ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោក Han Zheng បានសង្កត់ធ្ងន់ថា ចិនត្រៀមខ្លួនជាស្រេចរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរ បង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ អប់រំ-បណ្តុះបណ្តាល ឆ្ពោះទៅកំណត់ត្រាថ្មីក្នុងទំនាក់ទំនងពាណិជ្ជកម្ម និងការជម្រុញកិច្ចសហប្រតិបត្តិការពហុភាគី ហើយសម្ដែងនូវការគាំទ្រវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ២០២៧។ លោក Han Zheng ក៏បានស្នើដែរថា ភាគីទាំងពីរបង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន គ្រប់គ្រងកាន់តែប្រសើរឡើង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
*នាថ្ងៃដដែល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ១៦ នៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន និងចូលរួមខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែនគោកវៀតណាម-ចិន ខួបលើកទី ១៥ នៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន៣ ស្តីពីព្រំដែនគោក វៀតណាម-ចិន ដែលរៀបចំដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh