រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាប្រចាំ
អបអរសាទរចំពោះលោក Saito Tetsuo ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណបក្សយុត្តិធម៌ជប៉ុន លោកប្រធានរដ្ឋសភា Tran Thanh Man ជឿជាក់ថា សម្ព័ន្ធភាពកាន់អំណាចរវាងគណបក្សយុត្តិធម៌ និងគណបក្សប្រជាធិបតេយ្យសេរីនឹងសម្រេចបានជោគជ័យកាន់តែច្រើន រួមចំណែកជំរុញការអភិវឌ្ឍប្រទេសជប៉ុន ប្រកបដោយវិបុលភាព លើកកំពស់កិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ។
លោកប្រធានរដ្ឋសភា Tran Thanh Man បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃដែលប្រជាជនជប៉ុននិយាយរួម និងគណបក្សយុត្តិធម៌និយាយដោយឡែក បានផ្តល់ជូនវៀតណាម ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកបានស្នើឱ្យភាគីទាំងពីររក្សាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ការជួបជុំថ្នាក់ជាន់ខ្ពស់ ការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍រវាងបក្សកុម្មុយនិស្តវៀតណាម និងសម្ព័ន្ធកាន់អំណាច រួមមានគណបក្សប្រជាធិបតេយ្យសេរី និងគណបក្សយុត្តិធម៌។
|
|
លោកប្រធានរដ្ឋសភា Tran Thanh Man និងលោក Saito Tetsuo ប្រធានគណបក្សយុត្តិធម៌ជប៉ុន (រូបថត៖ vnanet.vn) |
ដោយសង្កត់ធ្ងន់លើចំណុចស្រដៀងគ្នាជាច្រើនរវាងវៀតណាម និងជប៉ុន ថ្នាក់ដឹកនាំទាំងពីរបានសម្តែងបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់បណ្តាញរបស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា បន្តរឹតបន្តឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យគណបក្សយុត្តិធម៌បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងជប៉ុនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង ODA ជំនាន់ថ្មី ព្រមទាំងសង្ឃឹមថា អង្គភាពអាជីវកម្មជប៉ុននឹងយកចិត្តទុកដាក់ និងគាំទ្រអង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោកប្រធានរដ្ឋសភា Tran Thanh Man ក៏មានបំណងផងដែរថាគណបក្សយុត្តិធម៌នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់អាណិកជនវៀតណាមជាង ៦០០,០០០ នាក់ស្នាក់នៅ សិក្សា និងធ្វើការរយៈពេលវែងនៅជប៉ុន។
សក្ដានុពល និងគុណសម្បត្តិនៃប្រទេសទាំងពីរនៅតែមានច្រើនណាស់
នាថ្ងៃដដែល នៅទីក្រុងតូក្យូ លោកប្រធានរដ្ឋសភា Tran Thanh Man បានមានជំនួបជាមួយលោក Noda Yoshihiko ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (CDPJ)។
លោកប្រធានរដ្ឋសភា Tran Thanh Man បានអបអរសាទរចំពោះ CDPJ ដែលសម្រេចបានជ័យជំនះដ៏អស្ចារ្យក្នុងការបោះឆ្នោតសភាជាន់ទាបជប៉ុនក្នុងខែតុលាកន្លងទៅ។ លោកបានចាត់ទុកថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនង វៀតណាម-ជប៉ុន មានការអភិវឌ្ឍដ៏ល្អ ជាមួយនឹងការតម្លើងទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក” ក្នុងឆ្នាំ ២០២៣។ លោកប្រធានរដ្ឋសភា Tran Thanh Man សម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និង CDPJ មានការអភិវឌ្ឍថ្មី ដោយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងឆ្នាំ ២០២៣។
|
|
លោកប្រធានរដ្ឋសភា Tran Thanh និងលោក Noda Yoshihiko ប្រធានគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុន (រូបថត៖ vnanet.vn) |
លោក Noda Yoshihiko ប្រធាន CDPJ បានអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។
ដោយសង្កត់ធ្ងន់ថា CDPJ គឺជាគណបក្សដ៏មានកិត្យានុភាពក្នុងសភាជាន់ទាបជប៉ុន លោកប្រធានរដ្ឋសភា Tran Thanh Man ជឿជាក់ថា កេរ្តិ៍ឈ្មោះរបស់ CDPJ និងរបស់លោកប្រធាន Noda Yoshihiko ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាជប៉ុននឹងត្រូវបានជំរុញយ៉ាងខ្លាំងនាពេលខាងមុខ។ លោកប្រធានរដ្ឋសភា Tran Thanh Man បានឲ្យដឹងថា ជប៉ុនបច្ចុប្បន្នជាប្រទេសផ្តល់ជំនួយ ODA ដ៏ធំបំផុតដល់វៀតណាម ព្រមទាំងសម្តែងនូវគោលបំណងចង់ឲ្យលោកប្រធាន Noda Yoshihiko កៀរគរប្រភព ODA ជំនាន់ថ្មីសម្រាប់វៀតណាម អាចអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរស្របតាមកម្រិតថ្មី
នាថ្ងៃទី៦ ខែធ្នូដដែល នៅទីក្រុងតូក្យូ លោកប្រធានរដ្ឋសភា Tran Thanh Man បានមានជំនួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុន។
លោកប្រធានរដ្ឋសភា Tran Thanh Man បានស្នើឲ្យភាគីទាំងពីរបន្តសហការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែអភិវឌ្ឍយ៉ាងខ្លាំងក្លា ទូលំទូលាយ និងជាក់ស្តែងស្របតាមកម្រិតថ្មីនៃទំនាក់ទំនងទ្វេភាគីដែលទើបតែត្រូវបានតម្លើងក្នុងឆ្នាំ ២០២៣។ លោកក៏បានស្នើឱ្យគណបក្សកុម្មុយនិស្តជប៉ុនបន្តរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ODA ជំនាន់ថ្មី ការពារជាតិ សន្តិសុខ...; បន្តគាំទ្រគោលជំហររបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើត គាំទ្រការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ។
|
|
លោកប្រធានរដ្ឋសភា Tran Thanh Man និងលោក Shii Kazuo ប្រធានគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្តជប៉ុន (រូបថត៖ vnanet.vn) |
ភាគីទាំងពីរបានអះអាងសារសំខាន់នៃទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តជប៉ុន ព្រមទាំងឯកភាពបន្តជំរុញការផ្លាស់ប្តូរ និងការជួបជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ តាមរយៈទម្រង់ដែលអាចបត់បែនបានជាច្រើន ជាពិសេសអ្នកដឹកនាំវ័យក្មេង; បន្តរក្សា និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការផ្លាស់ប្តូរទ្រឹស្តី ចែករំលែកទស្សនៈ និងគោលជំហរអំពីស្ថានការណ៍ពិភពលោក និងតំបន់។ល។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីក្រុងតូក្យូ លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣០ នៃការបើកផ្លូវហោះហើរត្រង់ វៀតណាម-ជប៉ុន នៃក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines)។
* បន្ទាប់ពីបញ្ចប់សកម្មភាពនៅទីក្រុងតូក្យូប្រកបដោយជោគជ័យ នាល្ងាចថ្ងៃទី ៦ ខែធ្នូ លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានបំពេញទស្សនកិច្ចការងារនៅខេត្ត Nagasaki។ នៅទីនេះ លោកប្រធានរដ្ឋសភា Tran Thanh Man បានមានជំនួបជាមួយលោក Oishi Kengo អភិបាលខេត្ត Nagasaki និងលោក Suzuki Shiro អភិបាលក្រុង Nagasaki៕
បកប្រែដោយ Huyen Trang