នៅក្នុងជំនួបពិភាក្សានោះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងស្និទ្ធស្នាលរបស់រដ្ឋ រដ្ឋាភិបាល រដ្ឋសភាបារាំង និងលោកប្រធានាធិបតី Emmanuel Macron ផ្ទាល់ចំពោះគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ លោកបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង អបអរសាទរចំពោះប្រទេសបារាំង និងលោកប្រធានាធិបតី Emmanuel Macron ផ្ទាល់ចំពោះការរៀបចំការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប្រកបដោយជោគជ័យ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន លើកទី ១៩ (ខែតុលា ឆ្នាំ២០២៤) ដែលរួមចំណែកក្នុងការបន្តបញ្ជាក់ពីតួនាទី និងកិត្យានុភាពសំខាន់របស់ប្រទេសបារាំងក្នុងឆាកអន្តរជាតិ។
លោកប្រធានាធិបតី Emmanuel Macron ជាថ្មីម្តងទៀតបានអបអរសាទរលោកអគ្គលេខាបក្ស និងប្រធានរដ្ឋ To Lam ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងថ្មី និងសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសបារាំងរបស់ប្រមុខរដ្ឋវៀតណាមបន្ទាប់ពីរយៈពេល ២២ ឆ្នាំ និងបញ្ជាក់ការដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ស្របតាមក្របខ័ណ្ឌសហប្រតិបត្តិការ និងបំណងប្រាថ្នារបស់ភាគីទាំងពីរ និងថ្លែងអំណរគុណវៀតណាមដែលបានចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន និងមានសកម្មភាពពាក់ព័ន្ធសំខាន់ៗជាច្រើនដូចជា៖ វេទិកាបច្ចេកវិទ្យាបារាំង ភូមិហ្វ្រង់កូហ្វូន ...
|
|
លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Emmanuel Macron |
ក្នុងបរិយាកាសនៃទំនុកចិត្ត និងភាពស្មោះត្រង់ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី Emmanuel Macron មានការផ្លាស់ប្តូរយ៉ាងទូលំទូលាយអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ កិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ មេដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសនយោបាយ-ការទូត ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម-វិនិយោគ និងការអប់រំ។ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការដំឡើង និងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់តាមរយៈបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រកាសអំពីការបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងបានឯកភាពលើទិសដៅ និងវិធានការសំខាន់ៗដើម្បីជម្រុញក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង កាន់តែស៊ីជម្រៅ និងជាក់ស្តែង ស្របតាមក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងបរិបទថ្មី។ ជាមួយនឹងការសម្រេចចិត្តនេះ បារាំងក្លាយជាប្រទេសដំបូងគេក្នុងសហភាពអឺរ៉ុប (EU) ដែលមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
ភាគីទាំងពីរវាយតម្លៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាសសរស្តម្ភសំខាន់មួយ និងយល់ព្រមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា; ឆាប់រៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខ។ សម្របសម្រួល និងគាំទ្រដល់ការបណ្តុះបណ្តាលមន្ត្រី ចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើស គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខក្នុងតំបន់ និងពិភពលោក។
ទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងវិស័យនេះ យល់ព្រមបន្តជំរុញកម្ចីអនុគ្រោះ និងកម្ចី ODA សម្រាប់វៀតណាម។ លើកទឹកចិត្តភ្នាក់ងារធុរកិច្ចនៃប្រទេសទាំងពីរបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។
ប្រធានាធិបតីបារាំងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការអនុវត្តភាពភាពជាដៃគូធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) និងការធ្វើបរិវត្តកម្មបៃតង។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល និងភាពខ្លាំងរបស់បារាំងដូចជា ហេដ្ឋារចនាសម្ព័ន្ធ លំហអាកាស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ថាមពលអ៊ីដ្រូសែន។ ទទួលស្គាល់លទ្ធផលសហប្រតិបត្តិការជាវិជ្ជមានលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដូចជា លំហអាកាស បញ្ញាសិប្បនិម្មិត និងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍អាកាសយានដ្ឋាន។
លើវិស័យសុខាភិបាល និងអប់រំ ភាគីទាំងពីរបានឯកភាពជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងបន្តបង្កើតលក្ខខណ្ឌសម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសបារាំងដោយទទួលបានអាហារូបករណ៍បន្ថែមទៀត។ លើកទឹកចិត្តប្រជាជននៃប្រទេសទាំងពីរចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌សំខាន់ៗនៃប្រទេសនីមួយៗ។
អំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មអេកូឡូស៊ី កសិកម្មរាងជារង្វង់ និងកិច្ចសហប្រតិបត្តិការត្រីភាគីរវាងវៀតណាម បារាំង និងបណ្តាប្រទេសភាគខាងត្បូង ដើម្បីធានាសន្តិសុខស្បៀងពិភពលោក។
លោកប្រធានាធិបតី Emmanuel Macron បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ចំណែកលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានវាយតម្លៃខ្ពស់ចំពោះការត្រួសត្រាយ និងតួនាទីនាំមុខរបស់ប្រទេសបារាំងក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើការបង្កើតគំរូដែលផ្អែកលើប្រព័ន្ធអេកូឡូស៊ី បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុនៃតំបន់ទីក្រុង និងតំបន់ជាប់ឆ្នេរ ជាពិសេសតំបន់ដីសណ្ដទន្លេមេគង្គ ដោយឈរលើមូលដ្ឋាននៃការធានានូវភាពសុខដុមរមនានៃផលប្រយោជន៍។
លោកប្រធានាធិបតី Emmanuel Macron បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍វៀតណាមនៅបារាំង ដោយចាត់ទុកវាជាស្ពានដ៏សំខាន់មួយរវាងប្រទេសទាំងពីរ និងអះអាងថានឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើការការងារនៅប្រទេសបារាំង។
អំពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានវាយតម្លៃលើតួនាទីមជ្ឈភាពរបស់អាស៊ាននៅក្នុងតំបន់ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងបារាំងជាមួយអាស៊ាន ក៏ដូចជាទំនាក់ទំនងរវាង EU-អាស៊ាន បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិដូចជា ASEM ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប ភាសាបារាំង និងអង្គការសហប្រជាជាតិ។
ទាក់ទិននឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ លោកប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា បារាំងវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមក្នុងការបញ្ចប់អំពើហិង្សា កាត់បន្ថយភាពតានតឹង និងអំពាវនាវឱ្យភាគីទាំងអស់ដោះស្រាយជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ... ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ច្បាប់សមុទ្រ (UNCLOS) ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam បានអញ្ជើញលោកប្រធានាធិបតី Emmanuel Macron មកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ លោកប្រធានាធិបតី Emmanuel Macron រីករាយទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលវេលាសមស្របមួយ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនលើវិស័យការទូត វប្បធម៌ អប់រំ ដឹកជញ្ជូន... ត្រូវបានចុះហត្ថលេខាដោយក្រសួង ស្ថានប័ន និងមូលដ្ឋាននានានៃប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan