វៀតណាមលើកសសរស្តម្ភអាទិភាពនៃកិច្ចសហប្រតិបត្តិការចំនួន៥ នៅវេទិកាសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី
កប.អនឡាញ - ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែតុលា កិច្ចប្រជុំកំពូលនៃវេទិកាសន្ទនាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី (ACD) លើកទី៣ បានប្រព្រឹត្តទៅនៅទីក្រុង Doha ប្រទេសកាតា។ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំ និងបំពេញទស្សនកិច្ចការងារនៅប្រទេសកាតា។
ក្រោមប្រធានបទ “ការទូតកីឡា” កិច្ចប្រជុំកំពូល ACD លើកទី៣ បានអនុម័តលើសេចក្តីថ្លែងការណ៍រួមក្រុង Doha ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកក្នុងការបន្តជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ព្រមទាំងអនុវត្តផែនការសកម្មភាព ACD សម្រាប់ដំណាក់កាល ២០២១-២០៣០ និងទស្សនវិស័យ ACD ឆ្នាំ២០៣០ ជាមួយនឹងសសរស្តម្ភចំនួន ៦ រួមមាន៖ សន្តិសុខទឹក សន្តិសុខថាមពល សន្តិសុខស្បៀងអាហារ ការតភ្ជាប់ពហុវិមាត្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអប់រំ ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ និងទេសចរណ៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
|
|
បណ្តាប្រតិភូចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសន្ទនាសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី (ACD) លើកទី៣ នៅទីក្រុង Doha (រូបថត៖ kuna.net.kw) |
ថ្លែងនៅក្នុងកិច្ចប្រជុំ លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចាត់ទុកថា ACD ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើសសរស្តម្ភអាទិភាពនៃកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមាន៖ ការលើកកម្ពស់ពហុភាគីនិយម; ការសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងវិបុលភាព ការគាំទ្រប្រទេសនានាក្នុងការធ្វើបរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល បរិវត្តកម្មបច្ចេកវិទ្យា ការអភិវឌ្ឍបច្ចេកវិទ្យាថ្មី និងប្រភពថាមពលថ្មី; ការធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ប្រកបដោយនិរន្តរភាព; ការធ្វើបរិវត្តកម្មដើម្បីសន្ស៊ាំខ្លួនទៅនឹងបញ្ហាប្រឈមសកល; ការជំរុញការតភ្ជាប់ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃបណ្តាប្រទេស។
លោកស្រីអនុរដ្ឋមន្ត្រី Nguyen Minh Hang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្ម និងមានទទួលខុសត្រូវចំពោះសកម្មភាពរបស់អង្គការ និងយន្តការសហប្រតិបត្តិការលើពិភពលោក អន្តរតំបន់ និងតំបន់ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕
បកប្រែដោយ Thanh Cong