ក្នុងឱកាសនេះ លោក Orlando Nicolas Hernandez Guillen ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម បានផ្តល់បទសម្ភាសន៍អំពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ និងទំនាក់ទំនងរវាងវៀតណាម និងគុយបា៖

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃលើសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋគុយបារបស់លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរយ៉ាងដូចម្តេច?

លោក Orlando Nicolas Hernandez Guillen៖ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជាមិត្តដ៏ល្អរបស់ប្រជាជន បក្ស និងរដ្ឋាភិបាលគុយបា។ ដូច្នេះ ដំណើរទស្សនកិច្ចនានេះមានសារៈសំខាន់ខ្លាំងណាស់។

គណៈប្រតិភូវៀតណាមមានតំណាងនៃក្រសួងសំខាន់ៗដូចជាក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ វៀតណាមបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ប្រទេសគុយបា។ ក្នុងឱកាសនេះ កិច្ចព្រមព្រៀងសំខាន់ៗក្នុងវិស័យនេះនឹងត្រូវបានចុះហត្ថលេខា។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម (រូបថត៖ vnanet.vn)

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសំណង់វៀតណាមក៏បានអមដំណើរគណៈប្រតិភូ ហើយនឹងធ្វើជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលគុយបា-វៀតណាម ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេស និងវិនិយោគគុយបា។ ភាគីទាំងពីរនឹងវិភាគ និងវាយតម្លៃលើខ្លឹមសារទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដើម្បីបង្កើតកម្លាំងចលករថ្មីសម្រាប់ជម្រុញឲ្យទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។ ការរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ គឺជាកត្តាដែលរួមចំណែកដល់ការជម្រុញនិងអភិវឌ្ឍន៍រួម។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ក៏បានចូលរួមជាមួយគណៈប្រតិភូ ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរយោបល់អំពីខ្លឹមសារសំខាន់ៗមួយចំនួនក្នុងវិស័យការទូត និងកិច្ចការបរទេស ដើម្បីរួមចំណែកអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងពហុភាគី។

ខ្ញុំអាចនិយាយបានថា នេះជាដំណើរទស្សនកិច្ចដ៏ពិសេស ព្រោះនេះជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងរដ្ឋវៀតណាម។ ភាគីទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗនៅថ្នាក់បក្ស ចូលរួមចំណែកពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូររវាងអង្គការរបស់បក្សនៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ នៅឆ្នាំ ២០២៥ ខាងមុខ វៀតណាម និងគុយបានឹងប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។ តើលោកឯកអគ្គរដ្ឋទូត អាចរៀបរាប់អំពីសមិទ្ធិផលលេចធ្លោក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរនាពេលកន្លងមក? តើសកម្មភាពជាក់ស្តែង និងមានអត្ថន័យអ្វីខ្លះ ដែលប្រទេសទាំងពីរនឹងរៀបចំដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ?

លោក Orlando Nicolas Hernandez Guillen៖ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានក្លាយជាដៃគូសំខាន់ក្នុងមាគ៌ាបើកចំហរសេដ្ឋកិច្ចគុយបា។ វៀតណាមគឺជាអ្នកវិនិយោគបរទេសធំជាងគេនៅអាស៊ី និងជាដៃគូពាណិជ្ជកម្មធំទីពីររបស់អាស៊ីនៅគុយបា។ យើងសង្ឃឹមថានៅពេលអនាគតនឹងមានការវិនិយោគថ្មីៗ ជួយពង្រឹងសមិទ្ធិផលទាំងនេះបន្ថែមទៀត។ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មអនុគ្រោះជាមួយវៀតណាមគឺជាកិច្ចព្រមព្រៀងតែមួយគត់ដែលគុយបាចុះហត្ថលេខាជាមួយប្រទេសនៅខាងក្រៅអាមេរិកឡាទីន រួមចំណែកនាំផលិតផលវៀតណាមទៅកាន់ទីផ្សារគុយបា ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ផលិតផលវេជ្ជសាស្ត្រគុយបា ក៏ដូចជាផលិតផលប្រពៃណីផ្សេងទៀតរបស់គុយបាចូលក្នុងទីផ្សារវៀតណាម។

ភាគីទាំងពីរបានចុះហត្ថលេខាលើរបៀបវារៈសេដ្ឋកិច្ចទ្វេភាគីរយៈពេលមធ្យម ក៏ដូចជាអនុវត្តសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល បង្កើនការផ្លាស់ប្តូរក្នុងវិស័យនយោបាយ និងច្បាប់។ វិស័យវប្បធម៌ក៏នឹងត្រូវបានពង្រឹងផងដែរ ព្រោះនេះជាវិស័យសំខាន់ណាស់។ នៅឆ្នាំនេះ សកម្មភាពដំបូងបង្អស់មួយដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតគឺកម្មវិធីសម្តែងដោយសិល្បករមកពីមហោស្រពរបាំបាឡេជាតិគុយបា។

យើងមានបំណងជំរុញកិច្ចសហប្រតិបត្តិការគ្រប់លំដាប់ថ្នាក់ ដោយចាប់ផ្តើមពីសាលារៀន អង្គការមហាជន សមាគមនារី និងរណសិរ្សមាតុភូមិ ក្នុងគោលបំណងធ្វើសម្បូរបែបនូវសកម្មភាពអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកមានការវិវត្តន៍ដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន តើទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរគប្បីពង្រឹងយ៉ាងដូចម្តេច ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍ?

លោក Orlando Nicolas Hernandez Guillen៖ បច្ចុប្បន្ននេះ ស្ថានការណ៍កាន់តែស្មុគស្មាញ ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងពីគ្រប់ភាគី។ ប្រទេសគុយបា និងវៀតណាម សុទ្ធតែមានទស្សនៈដូចគ្នា អំពីបញ្ហាបន្ទាន់របស់ពិភពលោក។ ដំណើរទស្សនកិច្ចនេះនឹងបង្ហាញដល់ពិភពលោកថា ប្រទេសទាំងពីរគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រឈមមុខនឹងបញ្ហាអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Thuy Anh