នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់ប្រធានាធិបតី Guinea-Bissau ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៣ ហើយក៏ជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំងពីរផងដែរ។

ជាលើកដំបូង វៀតណាមបានអញ្ជើញប្រធានាធិបតី Guinea-Bissau អញ្ជើញមកបំពេញទស្សនកិច្ចដើម្បីបន្តអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ និងគម្រោងអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាម និងបណ្តាប្រទេសមជ្ឈិមបូព៌ា-អាហ្វ្រិកក្នុងដំណាក់កាល ២០១៦-២០២៥ ដែលបានបញ្ជាក់គោលនយោបាយឥតងាករ៉េរបស់បក្ស និងរដ្ឋវៀតណាម ដែលជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តនៅអាហ្រ្វិក ក្នុងនោះមាន Guinea-Bissau ផងដែរ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញថា Guinea-Bissau តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការកសាងទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក។

leftcenterrightdel
លោក Umaro Sissoco Embaló ប្រធានាធិបតីនៃសាធារណរដ្ឋ Guinea-Bissau (រូបថត៖ vov.vn)

ដោយ​ត្រូវ​បាន​រៀប​ចំឡើង​ក្រោយ​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់ពីប្រទេសទាំងពីរបានប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣ ដំណើរទស្សនកិច្ចរបស់ លោក Umaro Sissoco Embaló ប្រធានាធិបតី បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ទោះបីជានៅឆ្ងាយពីគ្នាក៏ដោយ ក៏ប៉ុន្តែតែងតែផ្តល់ការគាំទ្រដោយស្មោះជូនគ្នាទៅវិញទៅមក។ ភាគីទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកជាប្រចាំនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ Guinea-Bissau គាំទ្រវៀតណាមឱ្យក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។ Guinea-Bissau គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្រ្វិកចំនួនពីរដែលបានបញ្ជូនគណៈប្រតិភូមកចូលរួមពិធីគោរពវិញ្ញាក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ដោយបង្ហាញពីការគោរព និងក្តីស្រលាញ់ដ៏ស្មោះស្ម័គ្ររបស់ Guinea-Bissau ជូន​ចំពោះមេដឹកនាំរបស់បក្សកុម្មុយនិស្ត និងប្រជាជនវៀតណាម។

Guinea-Bissau អនុវត្តគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ ដោយរក្សាទំនាក់ទំនងល្អជាមួយបណ្តាប្រទេសធំៗ និងសហគមន៍នៃប្រទេសដែលនិយាយភាសាព័រទុយហ្គាល់ (CPLP)។ Guinea-Bissau ថ្មីៗនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីបង្កើនកិត្យានុភាពរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ដែលបំពេញដោយជោគជ័យតួនាទីជាប្រធានប្តូរវេននៃសហគមន៍សេដ្ឋកិច្ចនៃបណ្តា​ប្រទេស​អាហ្វ្រិកខាងលិច (ECOWAS) នៅឆ្នាំ២០២៣ ហើយនឹងទទួលតួនាទីជាប្រធានប្តូរវេន CPLP នៅឆ្នាំ២០២៥។ ក្នុងស្មារតីនោះ Guinea-Bissau  កំពុងជំរុញទំនាក់ទំនងយ៉ាងសកម្មជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមរបស់ លោកស្រី Nancy Raisa Cardoso រដ្ឋលេខាធិការក្រសួងការបរទេស Guinea-Bissau  (ខែកក្កដា ឆ្នាំ ២០២៤) ភាគីទាំងពីរបានឯកភាពបង្កើត និងអនុវត្តផែនការសហប្រតិបត្តិការលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ... ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព យូរអង្វែង និងជាក់ស្តែង។ ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សម្របសម្រួលគាំទ្រទៅវិញទៅមកនៅវេទិកាអន្តរជាតិ ដើរតួជាស្ពានតភ្ជាប់ជួយគាំទ្រគ្នាទៅវិញទៅមកក្នុង​ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការក្នុងតំបន់ដូចជា សហភាពអាហ្រ្វិក (AU) ECOWAS និងបង្កើនការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការអភិវឌ្ឍន៍គោលនយោបាយ។

អាស្រ័យលើមូលដ្ឋាននោះ ដំណើរទស្សនកិច្ចជាន់ខ្ពស់ជាលើកដំបូងរវាងប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ទន្ទឹមនឹងនោះក៏បើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ និងបំពេញតម្រូវការរបស់ភាគីទាំងពីរផងដែរ។ ការផ្លាស់ប្តូរពាណិជ្ជកម្មគឺជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន វៀតណាមជាទីផ្សារនាំចេញធំជាងគេទីបីរបស់ប្រទេស Guinea-Bissau។ Guinea-Bissau គឺជាដៃគូផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតមួយរបស់វៀតណាមនៅអាហ្វ្រិកអស់រយៈពេលជាច្រើនឆ្នាំផងដែរ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រហូតមកដល់ពេលនេះ វៀតណាម និង Guinea-Bissau មិនទាន់មានគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់ណាមួយនោះទេ ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចជាច្រើនរបស់ភាគីមិត្តទៅកាន់ប្រទេសវៀតណាម បានបង្ហាញថា Guinea-Bissau មានតម្រូវការនាំចូលអង្ករពីវៀតណាម  ហើយមានបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាម និងស្វែងយល់ពីបទពិសោធន៍ក្នុងការបង្កើនការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃជាយុទ្ធសាស្ត្រ ដើម្បីកែលម្អសន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ច។ វៀតណាមក៏បានបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងការជួយដល់ Guinea-Bissau ក្នុងការអភិវឌ្ឍន៍កសិកម្ម តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការកសិកម្មទ្វេភាគី ឬត្រីភាគី ដែលជួយប្រទេសនេះធានាសន្តិសុខស្បៀង និងស្វ័យភាព។

ជាមួយនឹងសក្ដានុពលនៃប្រទេសទាំងពីរ វៀតណាម និង Guinea-Bissau នៅតែមានឱកាសជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យដែលភាគីទាំងពីរមានឧត្តមភាព។ ដំណើរទស្សនកិច្ចលើកនេះរបស់ លោក Umaro Sissoco Embaló ប្រធានាធិបតី ត្រូវបានគេជឿជាក់ថានឹងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរដើម្បីសម្រេចបាននូវរបកគំហើញក្នុងទំនាក់ទំនងសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan