ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះមនោសញ្ចេតនាបងប្អូនរបស់​បក្ស រដ្ឋ និងប្រជាជនឡាវនិយាយរួម ក៏ដូចជាលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងភរិយានិយាយដោយឡែកសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបសន្ទនាជាមួយលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ (រូបថត៖ vnanet.vn)

តាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ លោក Thongloun Sisoulith បានផ្ញើសាររំលកទុក្ខដ៏ក្រៀមក្រំបំផុត ពោពេញទៅដោយក្តីស្រឡាញ់រាប់អានជាបងប្អូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ក៏ដូចជាក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ លោក Thongloun Sisoulith សង្កត់ធ្ងន់ថា មរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបក្ស រដ្ឋ និងប្រជាជនឡាវក៏បានបាត់បង់សមមិត្តម្នាក់់ និងមិត្តដ៏ស្និទ្ធស្នាលបំផុតផងដែរ។ បក្ស រដ្ឋ និងប្រជាជនឡាវចងចាំជានិច្ចនូវការរួមចំណែកដ៏ធំធេង សំខាន់និងមានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជននៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។

លោក Thongloun Sisoulith បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលក្នុងឋានៈជាប្រមុខបក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមសម្រេចបានសមិទ្ធិផលធំធេងជាច្រើនក្នុងការផ្លាស់ថ្មី កសាង និងអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

អំពីទិសដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ លទ្ធផលនៃសម័យប្រជុំលើកទី៤៦ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ និងលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវរបស់លោកប្រធានរដ្ឋ To Lam; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខក្នុងតួនាទីជាសសរស្តម្ភសំខាន់។

ទន្ទឹមនឹងនោះ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេសនីមួយៗ។  បន្តយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ទេសចរណ៍ ធនាគារ ពលកម្ម ... និងជំរុញការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់។

* នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Fadillah Yusof ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ម៉ាឡេស៊ី អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី Fadillah Yusof ដែលអញ្ជើញមកប្រទេសវៀតណាមចូលរួមរំលែកទុក្ខដល់គ្រួសារលោកអគ្គលេខាបក្ស Nguyen Phu Trong; ហើយជឿជាក់ថា នេះគឺជាការបង្ហាញច្បាស់ពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Fadillah Yusof ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ (រូបថត៖ vnanet.vn)

ឧបនាយករដ្ឋមន្ត្រី Fadillah Yusof បានពាំនាំសារររំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់ថ្នាក់ដឹកនាំ និងប្រជាជនម៉ាឡេស៊ី ជូនចំពោះថ្នាក់ដឹកនាំ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong; ឧបនាយករដ្ឋមន្ត្រី Fadillah Yusof សម្តែងការកោតសរសើរចំពោះការលះបង់មិនចេះនឿយហត់ និងការរួមចំណែកដ៏ធំធេង និងសំខាន់របស់អគ្គលេខាបក្សក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមក្នុងទសវត្សរ៍កន្លងមក។ ព្រមទាំងអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមិត្តរបស់ម៉ាឡេស៊ី ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

* នារសៀលថ្ងៃទី ២៦ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Jakkapong Sangmanee រដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្ត្រី បេសកជនពិសេសរបស់លោកនាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសអញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមេដឹកនាំថៃ ដែលបានផ្ញើសាររំលែកទុក្ខ។ ព្រមទាំងអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនារបស់រដ្ឋាភិបាល និងប្រជាជនថៃចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong។

រីឯលោករដ្ឋមន្ត្រី Jakkapong Sangmanee តាងនាមនាយករដ្ឋមន្ត្រី រដ្ឋាភិបាល និងប្រជាជនថៃ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះបក្ស រដ្ឋ រដ្ឋាភិបាល ប្រជាជនវៀតណាម ព្រមទាំងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះការបាត់បង់ដ៏ធំធេងនេះ។ លោករដ្ឋមន្ត្រី Jakkapong Sangmanee សម្តែងការកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់លោកអគ្គលេខាបក្សក្នុងការផ្លាស់ថ្មី និងការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតួនាទីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ថៃ។

* នាព្រឹកថ្ងៃទី២៦ ខែកក្កដា នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Siarhei Khamenka អនុប្រធានក្រុមប្រឹក្សាសាធារណរដ្ឋ (ព្រឹទ្ធសភា) នៃប្រទេសបេឡារុស បានដឹកនាំគណៈប្រតិភូបេឡារុសមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា ការដែលបេឡារុស្សបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីគោរពវិញ្ញាណក្ខន្ធនេះ បង្ហាញពីមនោសញ្ចេតនា និងការចែករំលែកដ៏ជ្រាលជ្រៅរបស់រដ្ឋ និងប្រជាជនបេឡារុស្ស ចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងគ្រាឈឺឆាប់នេះ។ លោក Tran Thanh Man លើកច្បាស់ថា វៀតណាមយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស្សលើវិស័យជាច្រើន និងចងចាំជានិច្ចនូវការគាំទ្រ និងជំនួយដ៏ស្មោះស្ម័គ្រដែលប្រជាជនបេឡារុស្សបានផ្តល់ឲ្យវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសសព្វថ្ងៃ។ ព្រមទាំងអះអាងថា វៀតណាមមានបំណងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយបេឡារុស្សលើគ្រប់វិស័យ។

លោក Siarhei Khamenka បានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតរបស់ថ្នាក់ដឹកនាំរដ្ឋ និងប្រជាជនបេឡារុស ជូនចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong; លោកបានសង្កត់ធ្ងន់ថា បេឡារុសបានបាត់បង់មិត្តល្អដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងប្រទេស​ទាំងពីរ។

* នាព្រឹកថ្ងៃទី ២៦ កក្កដា លោក Luong Cuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាមទទួលជួបលោក Leonid Kalashnikov អនុប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី អញ្ជើញមកប្រទេសវៀតណាមចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong៕

បកប្រែដោយ Pham Diep