លោក Tran Thanh Man បានសង្កត់ធ្ងន់ថា បក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនវៀតណាមដឹងគុណយ៉ាងក្រៃលែងចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនគុយបា ដែលបញ្ជូនលោកប្រធានរដ្ឋសភា និងគណៈប្រតិភូមកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong អគ្គលេខាបក្ស។

leftcenterrightdel
លោក Tran Thanh Man ទទួលជួបជាមួយលោក Esteban Lazo Hernandez (រូបថត៖ vnanet.vn)

យោងតាមលោក Tran Thanh Man ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាមនិងគុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។ បក្ស រដ្ឋ និងរដ្ឋសភាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាជម្រុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងគុយបា ហើយគាំទ្របុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា។

លោក Tran Thanh Man ​សង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមមានបំណងប្រាថ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាគុយបាក្នុងស្មារតីនៃពិធីសារសហប្រតិបត្តិការដែលចុះហត្ថលេខា ជាមួយនឹងខ្លឹមសារ និងយន្តការសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយ។ លោក Tran Thanh Man ស្នើឲ្យភាគីទាំងពីរបង្កើនទំនាក់ទំនងគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការ សមាជិករដ្ឋសភានៃប្រទេសទាំងពីរ និងក្រុមសមាជិកសភាមិត្តភាពទាំងពីរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ ត្រួតពិនិត្យ និងការសម្រេចចិត្តលើបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បង្កើនការផ្លាស់ប្តូរព័ត៌មាន និងចែករំលែកបទពិសោធន៍ក្នុងការរៀបចំសកម្មភាពរបស់រដ្ឋសភាប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងការកសាងយន្តការ ប្រព័ន្ធច្បាប់ និងការត្រួតពិនិត្យការអនុវត្តច្បាប់។ លោក Tran Thanh Man បានមានបំណងថា ភាគីទាំងពីរសហការនៅវេទិកាអន្តរជាតិពហុភាគី គាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ 

លោក Esteban Lazo Hernandez បានថ្លែងថា លោក Nguyen Phu Trong អគ្គលេខាបក្ស គឺជាអ្នកដែលបានខិតខំពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពរវាងវៀតណាម និងគុយបា។ លោក Esteban Lazo Hernandez ជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងបន្តជម្នះរាល់ការលំបាក និងសម្រេចបានសមិទ្ធផលធំៗទាំងក្នុង និងក្រៅប្រទេស។ ទន្ទឹមនឹងនោះ លោកបានអះអាងថា បក្ស រដ្ឋ និងប្រជាជនគុយបានឹងបន្តអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

* នារសៀលថ្ងៃទី២៤ ខែកក្កដា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី។

leftcenterrightdel
លោក Tran Thanh Man និងលោកស្រី Sue Lines (រូបថត៖ daibieunhandan.vn)

លោក Tran Thanh Man បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកស្រី Sue Lines ប្រធានព្រឹទ្ធសភា ដែលក្នុងនាមថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងព្រឹទ្ធសភាអូស្ត្រាលី ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong អគ្គលេខាបក្ស។ លោក Tran Thanh Man ចាត់ទុកថា មរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបន្សល់ទុកនូវទុក្ខសោកសម្រាប់មិត្តអន្តរជាតិទៀតផង។

ក្នុងឋានៈជាប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អគ្គលេខាបក្ស បានដឹកនាំប្រជាជនវៀតណាមទទួលបានជ័យជំនះដ៏ធំធេងជាច្រើនក្នុងកិច្ចការផ្លាស់ប្ដូរថ្មី ការកសាង និងអភិវឌ្ឍន៍ប្រទេស ក៏ដូចជាលើកកំពស់កិច្ចការបរទេសរបស់វៀតណាមផងដែរ។ តាមរយៈពេលជាច្រើនឆ្នាំ ក្នុងមុខតំណែងផ្សេងៗគ្នា លោកអគ្គលេខាបក្សបានទទួលការគោរពរាប់អាន និងស្រលាញ់ពីមិត្តអន្តរជាតិ រួមទាំងមេដឹកនាំ និងប្រជាជនអូស្ត្រាលីផងដែរ។ ក្នុងតួនាទីជាប្រធានរដ្ឋសភា លោក Nguyen Phu Trong បានរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចចិត្តលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីបានអភិវឌ្ឍយ៉ាងល្អ ទាំងទ្វេភាគី និងនៅវេទិកាសភាពហុភាគី។ ភាគីទាំងពីរកំពុងសហការយ៉ាងសកម្មដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីដែលចុះហត្ថលេខានាឆ្នាំ ២០២២។ លោក Tran Thanh Man បានឲ្យដឹងថា នាពេលខាងមុខ ភាគីទាំងពីរត្រូវបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងថ្នាក់ដឹកនាំសភា និងសមាជិកសភានៃប្រទេសទាំងពីរ។

លោកស្រី Sue Lines បានផ្ញើសាររំលែកទុក្ខយ៉ាងស្មោះស្ម័គ្របំផុតចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយថ្លែងអំណរគុណចំពោះការរួមចំណែកដ៏មានតម្លៃបំផុតរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ដល់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីនាពេលកន្លងមក។ លោកស្រីអះអាងថានឹងបន្តរួមចំណែកបន្ថែមទៀតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh