លោក To Lam ប្រធានរដ្ឋ បានសម្ដែងនូវការរំជួលចិត្តជាខ្លាំងចំពោះការដែលគុយបាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ប្រកាសអំពីការបញ្ជូនគណៈប្រតិភូចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong អគ្គលេខាបក្ស។

leftcenterrightdel
លោក To Lam ទទួលជួបលោក Esteban Lazo Hernandez (រូបថត៖ vnanet.vn)

លោក Esteban Lazo Hernandez បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំរបស់បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនគុយបា ចំពោះការទទួលមរណភាពរបស់លោក Nguyen Phu Trong ហើយវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោកអគ្គលេខាបក្សក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសវៀតណាម ក៏ដូចជាក្នុងការថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងជាបងប្អូនពិសេស សាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា។

តាងនាមគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក To Lam ប្រធានរដ្ឋ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនគុយបាដែលបានចូលរួមរំលែកទុក្ខ បង្ហាញពីសាមគ្គីភាព ភាពស្មោះត្រង់ និងមិត្តភាពរបស់បក្ស រដ្ឋ និងប្រជាជនគុយបា។ លោក To Lam បានអះអាងថា វៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ និងមានបំណងចង់បន្តជំរុញការអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីពិសេសរវាងវៀតណាម និងគុយបា ព្រមទាំងគាំទ្របុព្វហេតុបដិវត្តន៍របស់ប្រជាជនគុយបា ហើយជម្រុញឲ្យទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរកាន់តែស៊ីជម្រៅ ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិទាំងពីរ។

*នារសៀលថ្ងៃទី២៤ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបជាមួយលោក Esteban Lazo Hernandez (រូបថត៖ baochinhphu.vn)

លោក Esteban Lazo Hernandez បានផ្ញើសាររំលែកទុក្ខរបស់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនគុយបា ជូនបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម និងរបស់លោកផ្ទាល់ Manuel Marrero Cruz នាយករដ្ឋមន្ត្រី ជូនលោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចំពោះការទទួលមរណភាពរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ លោកអះអាងថា ប្រជាជនគុយបាតែងតែប្រកៀកស្មាជាមួយប្រជាជនវៀតណាមគ្រប់កាលៈទេសៈ។

លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនគុយបា ដែលចូលរួមរំលែកទុក្ខជូនដល់បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម។ លោក Pham Minh Chinh បានបញ្ជាក់សារជាថ្មីពីគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាបងប្អូនពិសេស សាមគ្គីភាពស្មោះត្រង់ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា ហើយមានបំណងចង់សហការជាមួយបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនគុយបាក្នុងការរក្សា ពូនជ្រំ និងលើកកំពស់ទំនាក់ទំនងគំរូដែលត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមទាំង លោក Nguyen Phu Trong អគ្គលេខាបក្សផងដែរ។

* នារសៀលថ្ងៃទី២៤ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបលោកស្រី Sue Lines ប្រធានព្រឹទ្ធសភាអូស្ត្រាលី ក្នុងឱកាសដែលលោកស្រីបំពេញមកវៀតណាមដើម្បីចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពលោក Nguyen Phu Trong អគ្គលេខាបក្ស។

leftcenterrightdel
លោក Pham Minh Chinh ទទួលជួបលោកស្រី Sue Lines (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះលោកស្រីប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីទិសដៅសំខាន់ៗនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ តាមរយៈនោះ បង្កើនទំនុកចិត្តជាយុទ្ធសាស្រ្ត សមស្របនឹងទំនាក់ទំនង និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីប្រធានព្រឹទ្ធសភាអូស្ត្រាលីបានចែករំលែកការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ព្រមទាំងក្រុមគ្រួសាររបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ លោកស្រីជឿជាក់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងល្អ ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងប្រកបដោយនិរន្តរភាព តាមបំណងប្រាថ្នាបានរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស៕

បកប្រែដោយ Thuy Anh