អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រី លើកឡើងអំពីអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋ To Lam ទៅកាន់ប្រទេសឡាវ និងកម្ពុជា?

លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son៖ នេះជាដំណើរទស្សនកិច្ចនៅឯបរទេសលើកដំបូងរបស់លោកប្រធានរដ្ឋ To Lam ក្នុងមុខតំណែងថ្មី។ លទ្ធផលទាំងឡាយដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ខ្លាំងសម្រាប់ទំនាក់ទំនងរវាងវៀតណាម-ឡាវ និងកម្ពុជា ដែលជាប្រទេសជិតខាងជិតស្និទ្ធទាំងពីរ មានទំនាក់ទំនងប្រពៃណី មិត្តភាព និងយូរអង្វែងជាមួយវៀតណាម។ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាប្រពៃណី និងមានប្រសិទ្ធភាពរវាងប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

ដំណើរទស្សនកិច្ចទទួលបានជោគជ័យលើគ្រប់ជ្រុងជ្រោយ ដែលជាសញ្ញាសម្គាល់ថ្មីក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសដ៍មហិមា និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។

ដំណើរទស្សនកិច្ចនេះក៏ជាលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជាពិសេសលទ្ធផលនៃជំនួបកម្រិតខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាមជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា (CPP)។ លទ្ធផលដ៏ទូលំទូលាយនៃដំណើរទស្សនកិច្ចនេះនឹងបើកសញ្ញាសម្គាល់សម្រាប់ដំណាក់កាលថ្មី កាន់តែជិតស្និទ្ធ ប្រសិទ្ធភាពនិងសាមគ្គីភាពថែមទៀតរវាងវៀតណាម ឡាវ និងកម្ពុជា ក៏ដូចជារវាងប្រទេសទាំងបី។

អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីឲ្យដឹងអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះ?

លោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son៖ ក្នុងរយៈពេល ៣ថ្ងៃ​ នៃដំណើរទស្សនកិច្ចនៅប្រទេសឡាវនិងកម្ពុជា លោកប្រធានរដ្ឋ To Lam បានមានសកម្មភាពចំនួន ៣២ ដោយមានកិច្ចពិភាក្សា សវនាការ និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងបំពេញទស្សនកិច្ចមណ្ឌលសេដ្ឋកិច្ច ជួបសំណេះសំណាលជាមួយនិស្សិត និងសហគមន៍វៀតណាមនៅឯបរទេសក្នុងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នក៏បានជួបពិភាក្សាការងារជាមួយដៃគូមកពីប្រទេសឡាវ និងកម្ពុជា ដើម្បីផ្លាស់ប្តូរខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់លាក់។

នៅប្រទេសឡាវ ភាគីទាំងពីរបន្តអះអាងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវឱ្យកាន់តែស៊ីជម្រៅ និងប្រសិទ្ធភាពជាក់ស្ដែង។ ភាគីទាំងពីរបានឯកភាពខ្ពស់លើវិធានការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងបក្សទាំងពីរនិងរដ្ឋទាំងពីរ រួមចំណែកបង្កើតកម្លាំងចលករ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ក្នុងនោះ បន្តយកចិត្តទុកដាក់និងផ្ដោតលើវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ដោយឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសហប្រតិបត្តិការវៀតណាម-ឡាវដំណាក់កាល ២០២១-២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀត​ណាម-ឡាវដំណាក់កាល ២០២១-២០២៥; ទន្ទឹមនឹងនោះ បន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងស្រុងដើម្បីអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងប្រទេសទាំងពីរ។

ដើម្បីរក្សានិងលើកតម្កើងប្រពៃណីដ៏ថ្លៃថ្លា ទំនាក់ទំនងពិសេសដែលកម្រមានរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំបានឯកភាពថា ភាគីទាំងពីរគួរតែជំរុញបន្ថែមទៀតនូវការឃោសនា និងការអប់រំក្នុងចំណោមប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ ទន្ទឹមនឹងនោះ ភាគីទាំងពីរឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសរវាងខេត្តជាប់ព្រំដែន។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិនិងអនុតំបន់មេគង្គ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាមក្នុងដំណើរការត្រៀមរៀបចំ និងរៀបចំកិច្ចប្រជុំក្នុងឆ្នាំប្រធានអាស៊ាន។ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រឡាវ ដើម្បីទទួលជោគជ័យនូវការទទួលខុសត្រូវអន្តរជាតិក្នុងឆ្នាំ ២០២៤ រួមទាំងតួនាទីជាប្រធានអាស៊ាន និងក្រុមប្រឹក្សាអន្តរសភានៃបណ្តាប្រទេសអាស៊ានឆ្នាំ ២០២៤ (AIPA 2024)។

នៅកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាក្នុងការលើកកម្ពស់ និងបង្កើនចំណងសាមគ្គីភាព ទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាព ចំណងមិត្តភាព និងបន្តផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយអំពីតម្លៃ និងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ក្នុងជំនួបពិភាក្សានិងសវនាការទាំងឡាយ ថ្នាក់ដឹកនាំកម្ពុជាបានសង្កត់ធ្ងន់ថា ប្រជាជនកម្ពុជាចងចាំជានិច្ចនូវជំនួយ និងការលះបង់របស់វៀតណាមដែលជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងស្ដារប្រទេសកម្ពុជាឡើងវិញ។

ភាគីទាំងពីរបានឯកភាពដាក់ពង្រាយថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការព្រំដែន ពលកម្មនិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាក្នុងការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងខ្លួនទីពឹងខ្លួន ទន្ទឹមនឹងនោះ ការធ្វើសមាហរណកម្មអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស ភាគីទាំងពីរនឹងផ្តោតលើការជំរុញការទាក់ទាញនិស្សិតនៃប្រទេសទាំងពីរឱ្យទៅសិក្សានៅប្រទេសនីមួយៗ សមស្របនឹងតម្រូវការរបស់ប្រទេសទាំងពីរ និងនិន្នាការអភិវឌ្ឍន៍ថ្មីៗដូចជាការធ្វើបរិវត្ដកម្មឌីជីថល, វិទ្យាសាស្ត្រអនុវត្ត និងបច្ចេកវិទ្យា...

ភាគីទាំងពីរបានស្វាគមន៍ចំពោះស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែន អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ ធ្វើអាជីវកម្ម និងទំនិញឆ្លងដែន ជំរុញថែមទៀតនូវទំហំពាណិជ្ជកម្មនាពេលខាងមុខ។

ទាក់ទិននឹងសហគមន៍វៀតណាមនៅកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាបានអះអាងបន្តយកចិត្តទុកដាក់ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាមក្នុងការរស់នៅ និងធ្វើការប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា​។

ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងគាំទ្រឡាវបំពេញតួនាទីជាប្រធានអាស៊ាននិង AIPA ឆ្នាំ២០២៤; អនុតំបន់ទន្លេមេគង្គ; សហការក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានទឹកទន្លេមេគង្គ ដើម្បីផលប្រយោជន៍ដល់សហគមន៍ក្នុងអាងទន្លេមេគង្គ និងក្នុងប្រទេសទាំងបី។

ដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលសំខាន់ៗ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម​​ ឡាវនិងកម្ពុជាឲ្យអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងពិសេសវៀតណាមនិងឡាវ និងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជាដើម្បីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេសនីមួយៗ និងប្រទេសទាំងបី៕

អ្នកយកព័ត៌មាន៖ សូមអំណរគុណលោករដ្ឋមន្ដ្រី!

បកប្រែដោយ Pham Diep