អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីឲ្យដឹងពីអត្ថន័យនៃដំណើរទស្សនកិច្ចនេះ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ីបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិថុនា។ នេះជាដំណើរទស្សនកិច្ចដ៏មានអត្ថន័យសំខាន់ៗជាច្រើន ដែលអាចចាត់ទុកថាជាសញ្ញាសម្គាល់អំពីកិច្ចការបរទេសរបស់វៀតណាមក្នុងឆ្នាំ ២០២៤ ដែលបានបង្ហាញក្នុងចំណុចសំខាន់ៗដូចខាងក្រោម៖

ជាដំបូង ដំណើរទស្សនកិច្ចបានអះអាងនូវគោលនយោបាយការបរទេសដោយឥតងាករេរបស់វៀតណាមអំពីឯករាជ្យភាព ម្ចាស់ការ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេសដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ ធ្វើជាមិត្ត និងដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ដោយទទួលស្វាគមន៍លោកប្រធានាធិបតី Vladimir Putin វៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន ព្រមទាំងមានបំណងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងជាមួយរុស្ស៊ី និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ទីពីរ ដំណើរទស្សនកិច្ចនេះដែលបានធ្វើឡើងក្នុងបរិបទនៃប្រទេសទាំងពីរប្រារព្ធខួបលើកទី ៣០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី (ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៩៤ / ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤) ឆ្ពោះទៅខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ / ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥) គឺជាឱកាសសម្រាប់ភាគីទាំងពីរវាយតំលៃលទ្ធផលដែលសម្រេចបាន និងដាក់ចេញដំណោះស្រាយដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ និងភាពជាដៃគូ វៀតណាម - រុស្ស៊ី ឱ្យកាន់តែទូលំទូលាយ មានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀតនាពេលខាងមុខ។

ទីបី ដំណើរទស្សនកិច្ចបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងដែលបានផ្តល់ឱ្យវៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី។  នេះជាលើកទីប្រាំហើយដែលលោកប្រធានាធិបតី Vladimir Putin មកបំពេញទស្សនកិច្ចនៅវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចមួយក្នុងចំណោមដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកផងដែរ បន្ទាប់ពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីថ្មីសម្រាប់អាណត្តិទីប្រាំក្នុងខែមីនា ឆ្នាំ២០២៤។

ភាគីទាំងពីរបានចេញ “សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី ស្តីពីការធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋានសមិទ្ធិផលរយៈពេល ៣០ ឆ្នាំក្នុងការអនុវត្តសន្ធិសញ្ញាស្តីពីគោលការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពវៀតណាម-រុស្ស៊ី” ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងលើគ្រប់វិស័យ សក្តិសមនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បំពេញតម្រូវការ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអ្នកឲ្យដឹងអំពីលទ្ធផលលេចធ្លោដែលភាគីទាំងពីរសម្រេចបានក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ?

លោករដ្ឋមន្ត្រី Bui Thanh Son៖ អាចនិយាយបានថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Vladimir Putin បានបង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ី។ តាមរយៈសេចក្តីថ្លែងការណ៍រួមនោះ ឯកសារសហប្រតិបត្តិការចំនួន ១១ ដែលបានចុះហត្ថលេខា និងកិច្ចប្រជុំ ការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីជំរុញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ទីមួយ បង្កើនការសន្ទនា និងការជួបជុំនៅថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់លើគ្រប់បណ្តាញ; អនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ APEC យន្តការសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី។ល។

ទីពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងរួមគ្នាជំនះពុះពារការលំបាក និងឯកភាពគ្នាលើដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ; លើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃយន្តការសហប្រតិបត្តិការទ្វេភាគី។ 

ភាគីទាំងពីរក៏នឹងសម្របសម្រួលដើម្បីបង្កើនគុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU); ពង្រីកការជ្រៀតចូលទីផ្សាររុស្ស៊ីសម្រាប់ការនាំចេញទំនិញប្រើប្រាស់ កសិផល និងជលផលរបស់វៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល។

ទី៣ ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគីស្តីពីវិស័យការពារជាតិ និងសន្តិសុខ ជាពិសេសយន្តការដែលបង្កើតឡើងដោយថ្នាក់ដឹកនាំអាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន (ARF) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) រួមចំណែកដល់សន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅលើពិភពលោក។

ទី៤ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ ពលកម្ម វប្បធម៌ សិល្បៈ កីឡា កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការអប់រំយុវជនជំនាន់ក្រោយ ... ដើម្បីពង្រឹងមូលដ្ឋានមនុស្សធម៌ដ៏រឹងមាំ សម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទី៥ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាដោយស្មោះត្រង់ និងជឿជាក់លើបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ តាមនោះ ភាគីទាំងពីរបានអះអាងនូវការគាំទ្រចំពោះទំនាក់ទំនងអន្តរជាតិ កបដោយយុត្តិធម៌ ដោយឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការដោះស្រាយជំលោះដោយសន្តិវិធី។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Huyen Trang