វៀតណាមលើកដំបូងឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងចៅក្រមតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃសន្និសីទបណ្ដាប្រទេសសមាជិកអនុសញ្ញាស្តីពីច្បាប់សមុទ្រ (UNCLOS) លើកទី ៣៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ញូវយ៉ក) លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេស ប្រធានគណៈប្រតិភូវៀតណាមអញ្ជើញជាអធិបតីនៃសិក្ខាសាលាអន្តរជាតិ ក្រោមប្រធានបទ " កម្រិតទឹកសមុទ្រហក់ឡើងក្នុងតំបន់ប៉ាស៊ីហ្វិក៖ ស្ថានភាពជាក់ស្ដែង រាល់បញ្ហាច្បាប់ និងការវាយតម្លៃក្នុងក្របខ័ណ្ឌច្បាប់សមុទ្រ" និងជំនួបប្រចាំឆ្នាំរបស់ក្រុមមិត្តអនុសញ្ញាច្បាប់សមុទ្រក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃអនុសញ្ញានេះចូលជាធរមាន។
ហើយទន្ទឹមនឹងនោះ វៀតណាមក៏បានប្រកាសឧទ្ទេសនាមលោកស្រីសាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Lan Anh នាយិកាវិទ្យាស្ថានសមុទ្រខាងកើត នៃបណ្ឌិតសភាការទូតវៀតណាមឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងជាចៅក្រមតុលាការអន្តរជាតិស្ដីពីច្បាប់សមុទ្រ (ITLOS) សម្រាប់អាណត្តិ ២០២៦-២០៣៥ ។
    |
 |
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃក្រសួងការបរទេសចូលរួមសិក្ខាសាលា |
សិក្ខាសាលាអន្តរជាតិស្តីពីកម្រិតទឹកសមុទ្រហក់ឡើងក្នុងក្របខ័ណ្ឌច្បាប់សមុទ្រដែលរៀបចំដោយវៀតណាមសហការជាមួយប្រទេសសមាជិកមួយចំនួននៃក្រុមមិត្ត UNCLOS រួមមាន៖ ហ្វីជី ឥណ្ឌូនេស៊ី នូវែលសេឡង់ និងអូម៉ង់ អញ្ជើញជាសហអធិបតី ដោយមានការចូលរួមជួយឧបត្ថម្ភពីអូស្ត្រាលី កាណាដា អាល្លឺម៉ង់ ហ្វីលីពីន និងសិង្ហបុរី។ ប្រតិភូជាង ១០០ នាក់ អ្នកជំនាញខាងច្បាប់សមុទ្រមកពីជាង ៦០ ប្រទេស អ្នកប្រាជ្ញ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិមួយចំនួនបានចូលរួមសិក្ខាសាលានេះ។
ថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់ UNCLOS ចំពោះការអភិវឌ្ឍន៍ច្បាប់អន្តរជាតិ។ ក្នុងតួនាទីជា "រដ្ឋធម្មនុញ្ញនៃមហាសមុទ្រ" UNCLOS គឺជាក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយបំផុតដែលគ្រប់គ្រងរាល់សកម្មភាពនៅសមុទ្រ ហើយជាមូលដ្ឋានសម្រាប់បណ្ដាប្រទេសសហប្រតិបត្តិការក្នុងការគ្រប់គ្រងមហាសមុទ្រប្រកបដោយសណ្តាប់ធ្នាប់ និងចីរភាព។
* នាថ្ងៃទី ១៣ មិថុនា លោក Nguyen Minh Vu បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីរំលឹកខួបលើកទី ១២៥ នៃទិវាបង្កើតតុលាការអាជ្ញាកណ្តាល (PCA) ដែលប្រព្រឹត្តទៅនៅទីក្រុងឡាអេ (ហូឡង់)៕
បកប្រែដោយ Thanh Cong