លោកប្រធានរដ្ឋបានអះអាងថា វៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិនជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសប្រកបដោយឯករាជ្យភាព ស្វ័យភាព ពហុភាគីភាវូបនីយកម្ម ពិពិធកម្មនៃទំនាក់ទំនងការបរទេសរបស់វៀតណាម។ លោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូត Xiong Bo ក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Xiong Bo បានអបអរសាទរលោក To Lam ដែលត្រូវបានរដ្ឋសភាវៀតណាម បោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ និងអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនចិន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយជានិច្ចកាលចាត់ទុកនេះជាទិសដៅអាទិភាពក្នុងគោលនយោបាយការបរទេសជាមួយប្រទេសជិតខាងរបស់ចិន។

leftcenterrightdel
លោកប្រធានរដ្ឋ To Lam និងលោកឯកអគ្គរដ្ឋទូត Xiong Bo ក្នុងជំនួប

អំពីទិសដៅ និងភារកិច្ចនាពេលខាងមុខ លោកប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធលើចំណុចសំខាន់មួយចំនួនដូចជា៖ ការរក្សាការផ្លាស់ប្តូរ និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ អនុវត្តយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជម្រុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជំរុញការតភ្ជាប់ផ្លូវដែកឆ្លងកាត់ព្រំដែន និងសហប្រតិបត្តិការក្នុងការអភិវឌ្ឍផ្លូវរថភ្លើងខ្នាតស្តង់ដារមួយចំនួននៅបណ្តាខេត្តភាគខាងជើងវៀតណាម និងស្នើឱ្យចិនបន្តបើកទីផ្សាររបស់ខ្លួនសម្រាប់ផលិតផលកសិកម្ម និងជលផល ផ្លែឈើ សាច់បសុសត្វ និងបសុបក្សីរបស់វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពង្រឹងការផ្លាស់ប្តូរមិត្តភាពរវាងអង្គការមហាជន ប្រជាជន និងយុវជន នៃប្រទេសទាំងពីរ។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវអនុវត្តយ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងការយល់ដឹងរួម គ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្របានល្អ គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ស្វែងរកដំណោះស្រាយស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

លោកឯកអគ្គរដ្ឋទូត Xiong Bo បានអះអាងថា ភាគីចិននឹងខិតខំប្រឹងប្រែងអនុវត្តឱ្យបានល្អប្រសើរនូវការយល់ដឹងរួមកម្រិតខ្ពស់ និងអនុវត្តវិធានការសហប្រតិបត្តិការជាក់លាក់ដែលភាគីទាំងពីរបានដាក់ចេញ ជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ហើយនិងគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែប្រសើរឡើង នាំទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា ស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Duy Hoan