ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh បានលើកច្បាស់ថា នាពេលកន្លងមក សេដ្ឋកិច្ចវៀតណាមមានចំណុចភ្លឺជាច្រើនក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកដ៏លំបាក។ ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខកត្តាខាងក្រៅដែលមិនអាចទាយទុកជាមុនបាន វៀតណាមចាំបាច់ត្រូវគ្រប់គ្រងអតិផរណាឱ្យបានល្អ ហើយជំរុញកំណើន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗ មួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមមាន៖ ជំរុញការដោះស្រាយការលំបាក ឧបសគ្គ ជួយទ្រទ្រង់អង្គភាពអាជីវកម្ម ជំរុញផលិតកម្ម អាជីវកម្មផ្នែកនិងវិស័យថ្មីៗ; ឆាប់អនុម័តលើគោលនយោបាយកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតង បំពេញជាបន្ទាន់នូវបទប្បញ្ញត្តិច្បាប់ស្តីពីការផ្លាស់ប្តូរបៃតង យន្តការសាកល្បងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ ជំរុញយ៉ាងខ្លាំងក្លានូវកម្លាំងចលករថ្មីសម្រាប់កំណើន ដូចជា៖ ការតភ្ជាប់ តំបន់ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ នវានុវត្តន៍ផ្នែកនិងវិស័យថ្មីៗ រួមទាំង បន្ទះឈីប semiconductor និងបញ្ញាសិប្បនិម្មិត។ លើសពីនេះ ត្រូវបន្តជំរុញកម្លាំងចលករនៃការប្រើប្រាស់ក្នុងស្រុក ការវិនិយោគ និងការនាំចេញ ហើយអនុវត្តន៍ គោលនយោបាយផ្សព្វផ្សាយទេសចរណ៍ ដោយផ្តោតលើទីផ្សារធំៗ និងមានសក្តានុពលមួយចំនួន; មានដំណោះស្រាយស៊ីសង្វាក់គ្នា ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក កែលម្អភាពទាក់ទាញនៃគោលដៅទេសចរណ៍សំខាន់ៗ ជាពិសេសការគ្រប់គ្រងតម្លៃសំបុត្រយន្តហោះក្នុងអំឡុងពេលថ្ងៃឈប់សម្រាក និងរដូវទេសចរណ៍...

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យបន្តការគ្រប់គ្រងយ៉ាងតឹងរឹង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃទីផ្សារហិរញ្ញវត្ថុ រូបិយវត្ថុ ភាគហ៊ុន និងទីផ្សារមូលបត្របំណុល សាជីវកម្ម ព្រមទាំងជំរុញទីផ្សារអចលនទ្រព្យ និងការអភិវឌ្ឍលំនៅឋានសង្គមផងដែរ។

ថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោក Pham Minh Chinh បានវាយតម្លៃថា ក្នុងបរិបទក្នុងស្រុក និងអន្តរជាតិបច្ចុប្បន្ន ការលំបាក និងបញ្ហាប្រឈមច្រើនជាងកាលានុវត្តភាព និងភាពងាយស្រួល វៀតណាមនៅតែប្តេជ្ញាអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងឆ្នាំនេះ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “យើងនៅតែជ្រើសរើសគោលដៅសំខាន់ចំនួនពីរនោះគឺការគ្រប់គ្រងអតិផរណា និងការលើកកម្ពស់កំណើន ក្នុងនោះកំណើនពី ៦ ដល់ ៦,៦% អតិផរណាពី ៤ ដល់ ៤,៥% រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធត្រូវតែសម្របសម្រួលយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព គាំទ្រ និងជំរុញគ្នាទៅវិញទៅមក”៕

តាម vovworld.vn