ដោះស្រាយបញ្ហាប្រឈមក្នុងការងារចំនួនប្រជាជន និងការអភិវឌ្ឍ
ការដោះស្រាយបញ្ហាប្រឈមក្នុងការងារទាក់ទងនឹងចំនួនប្រជាជន និងការអភិវឌ្ឍតម្រូវឱ្យមានវិធីអភិក្រមដែលគ្របដណ្ដប់គោលនយោបាយទាំងខាងសេដ្ឋកិច្ច នយោបាយ សុខុមាលភាពសង្គម និងការអប់រំ...; ឆ្ពោះទៅរកភាពសុខដុមរមនា និងសមហេតុផលនៃទំហំ រចនាសម្ព័ន្ធ និងគុណភាពនៃចំនួនប្រជាជនរវាងបណ្ដាតំបន់។
នេះបើតាមការសង្កត់ធ្ងន់របស់ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារចំនួនប្រជាជន និងការអភិវឌ្ឍ ក្នុងសន្និសីទដាក់ពង្រាយការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការដឹកនាំ ដែលប្រព្រឹត្តទៅនៅ រសៀលថ្ងៃទី ១៥ មីនា នៅទីស្នាក់ការរដ្ឋាភិបាល រដ្ឋធានីហាណូយ។
    |
 |
លោក Tran Hong Ha ថ្លែងនៅសន្និសីទ (រូបថត៖ VOV) |
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចំនួនប្រជាជនវៀតណាម កាលពីឆ្នាំមុន មានប្រហែល ១០០.៣ លាននាក់ ជាមួយនឹងអត្រាកំណើនចំនួន ០.៨៤%។ ចំនួនប្រជាជនដែលមានអាយុធ្វើការស្រូបយកជិត ៧០% នៃចំនួនប្រជាជន សរុប ដែលស្ថិតក្នុងដំណាក់កាលនៃរចនាសម្ព័ន្ធប្រជាជនមាស។ គុណភាពប្រជាជនមានការប្រសើរឡើងក្នុងផ្នែកជាច្រើន ចាប់ពីផ្នែកសុខភាពរាងកាយ អាយុ កម្រិតអប់រំ ការពិគ្រោះយោបល់អំពីសុខភាពបន្តពូជ... ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជនដ៏ធំក៏ដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច បច្ចេកទេស សង្គម បរិស្ថានទីក្រុង និងជនបទផងដែរ។ វៀតណាមជាប្រទេសដែលមានល្បឿននៃភាពចាស់របស់ប្រជាជនយ៉ាងឆាប់រហ័ស ដែលមានការព្យាករណ៍ថានឹងឈានចូលដំណាក់កាលនៃចំនួនប្រជាជនវ័យចាស់នៅឆ្នាំ ២០៣៨។ ប្រការនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យជាច្រើននៃជីវភាពសង្គម ដូចជាប្រព័ន្ធថែទាំសុខភាព សុខុមាលភាពសង្គម និងការងារជាដើម។
ក្នុងសន្និសីទ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា ធនធានមនុស្សនឹងជំនួសធនធានធម្មជាតិ។ រួមជាមួយនឹងមនុស្សមានទេពកោសល្យ ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាព។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធត្រូវបន្តស្រាវជ្រាវបទពិសោធន៍ក្នុងការងារចំនួនប្រជាជនរបស់ប្រទេសក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការឃោសនាអំពីសារៈសំខាន់នៃគោលនយោបាយចំនួនប្រជាជន និងការអភិវឌ្ឍ កសាងមូលដ្ឋានទិន្នន័យ ឧបករណ៍ដើម្បីប្រមូល និងធ្វើស្ថិតិអំពីសូចនាករចំនួនប្រជាជនផងដែរ៕
តាម vovworld.vn