ក្នុងជំនួបនេះ លោក Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី មានស្ថិរភាព និរន្តរភាព និងការអភិវឌ្ឍយូរអង្វែង។

នាយករដ្ឋមន្ត្រីវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី មានសេចក្តីសោមនស្សរីករាយដោយឃើញថា ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយក៏ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី នៅតែអភិវឌ្ឍយ៉ាងល្អប្រសើរ ការជឿទុកចិត្ដខាងនយោបាយកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនកាន់តែអភិវឌ្ឍខ្លាំងឡើង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Dato' Seri Utama Haji Mohamad Bin Haji Hasan រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី 

លោក Pham Minh Chinh មានបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី កាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពលើគ្រប់វិស័យដូចជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ការវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។  លោក Pham Minh Chinh បានស្នើម៉ាឡេស៊ី ជួយគាំទ្រវៀតណាមក្នុងការដក "កាតលឿង" IUU ក្នុងការអភិវឌ្ឍវិស័យហាឡាល់ និងបើកទ្វារសម្រាប់ផលិតផលហាឡាល់ វៀតណាមចូលមកម៉ាឡេស៊ី។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់ម៉ាឡេស៊ីក្នុងតំបន់ និងជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលម៉ាឡេស៊ី បានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីអំពីលទ្ធផលនៃកិច្ចពិភាក្សាការងារដែលបានធ្វើឡើងនៅព្រឹកថ្ងៃដដែលរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា ក្នុងនាមជាសមាជិកសកម្ម និងមានសំឡេងក្នុងអាស៊ាន ម៉ាឡេស៊ី និងវៀតណាមបន្តគាំទ្រ និងផ្ដល់គំនិតផ្តួចផ្តើម និងមានសកម្មភាពជាក់ស្តែងដើម្បីលើកកម្ពស់សាមគ្គីភាពក្នុងតំបន់ និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មសន្តិសុខតំបន់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ជាពិសេស ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់ៗចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពនិងសមស្រប ធានាឲ្យបានសុវត្ថិភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយ​ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងផលប្រយោជន៍ភាគីនានា រួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅសមុទ្រខាងកើត​៕

បកប្រែដោយ Thanh Cong