ក្នុងពិធីទទួលនោះ លោក Tran Hong Ha បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ទីក្រុងស៊ាងហៃនៅប៉ុន្មានឆ្នាំកន្លងមក។ ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ទីក្រុងស៊ាងហៃក្នុងការអភិវឌ្ឍប្រទេសចិន និងសេដ្ឋកិច្ចពិភពលោក លោក Tran Hong Ha បានចាត់ទុកថា គំនិតផ្តួចផ្តើមជំរុញពាណិជ្ជកម្មអន្តរជាតិដូចជាពិព័រណ៍ CIIE បានរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្មសកល ជម្រុញការធ្វើបរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរបៃតង។

leftcenterrightdel
លោក Tran Hong Ha ទទួលជួបលោក Gong Zheng (រូបថត៖ vnanet.vn)

ដោយសង្កត់ធ្ងន់លើសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានវៀតណាម និងទីក្រុងស៊ាងហៃនៅតែមានច្រើនណាស់ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ស៊ាងហៃសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម ដើម្បីអនុវត្តទស្សនៈរួមរវាងថ្នាក់ជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរ និងជំនួបជាទៀងទាត់ បន្តពង្រីកប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសកិច្ចសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងស៊ាងហៃ និងទីក្រុងហូជីមិញ និងមូលដ្ឋានមួយចំនួនទៀតរបស់វៀតណាម ដូចជាទីក្រុងហាណូយ និងទីក្រុង Hai Phong ជាដើម ពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ភាគីនីមួយៗ។ ភាគីទាំងពីរគប្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់ទីក្រុងស៊ាងហៃ បង្កើនការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុង នវានុវត្តន៍ ការទាក់ទាញការវិនិយោគ និងហិរញ្ញវត្ថុរូបិយវត្ថុ។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនបន្ថែមទៀតនូវសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូររវាងអង្គការសង្គម ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ តាមរយៈនោះ ពង្រីកមិត្តភាពជាប្រពៃណី ពង្រឹងមូលដ្ឋានសង្គមដ៏ល្អសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជន ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក៕

បកប្រែដោយ Thuy Anh