កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន - ចិនស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
កប.អនឡាញ - នាថ្ងៃទី ១៧ ឧសភា នៅទីក្រុង Ha Long (ខេត្ដ Quang Ninhភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី ២០ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM-DOC)។ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីរបស់វៀតណាមនៅ SOM ASEAN បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។
កិច្ចប្រជុំ SOM-DOC លើកនេះ ត្រូវបានរៀបចំឡើងដោយមីយ៉ាន់ម៉ា ប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចិន និងចិនធ្វើជាសហប្រធាន។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបានអះអាងសារជាថ្មីអំពីតម្លៃ និងសារៈសំខាន់នៃ DOC ចំពោះតំបន់។ សកម្មភាពសហប្រតិបត្តិការជាក់លាក់ជាច្រើនត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការ រួមទាំងកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថានសមុទ្រ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការប្រព្រឹត្ដមនុស្សធម៌ និងយុត្តិធម៌ចំពោះប្រជានេសាទ ការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ...។ល។ ប្រទេសនានាក៏បានកត់សម្គាល់នូវរាល់សកម្មភាពអបអរសាទរខួបលើកទី២០ នៃការចុះហត្ថលេខាលើ DOC នៅឆ្នាំ ២០២២។
    |
 |
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីរបស់វៀតណាមនៅ SOM ASEAN ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ BNG) |
លើសពីនេះ ប្រទេសនានាក៏បានចែករំលែកក្តីបារម្ភអំពីការវិវឌ្ឍដ៏ស្មុគស្មាញមួយចំនួននៅសមុទ្រខាងកើតនាពេលកន្លងមក ដែលរិចរិលការជឿទុកចិត្ត បង្កើនភាពតានតឹង និងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនៅជាប់មាត់សមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់ថា អាស៊ាន និងចិន ចាំបាច់ត្រូវអនុវត្ត DOC យ៉ាងតឹងរឹង និងប្រកបដោយប្រសិទ្ធភាព ។ បណ្តាប្រទេសក៏បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ គោរពគោលការណ៍នានា ដូចជាអនុវត្តការអត់ធ្មត់ មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំងយោធា ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។
កិច្ចប្រជុំ SOM-DOC បានកត់សម្គាល់ពីវឌ្ឍនភាពក្នុងការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) និងពិភាក្សាអំពីទិសដៅសម្រាប់ដំណើរការចរចា COC ដែលអនុវត្តដោយក្រុមការងារស្តីពី DOC (JWG DOC)។ ប្រទេសនានាក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ និង UNCLOS 1982 រួមចំណែកក្នុងការកសាងទំនុកចិត្ត និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពថែមទៀតចំពោះឧប្បត្តិហេតុនៅសមុទ្រខាងកើត។
នៅចុងបញ្ចប់ ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំបានឯកភាពជាមួយសំណើរបស់ប្រទេសចិនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ SOM-DOC លើកទី ២១ ដែលគ្រោងនឹងប្រព្រឹត្ដទៅនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣៕
បកប្រែដោយ Thanh Cong