អ្នកយកព័ត៌មាន៖ ប្រទេសឡាវ គឺជាប្រទេសដំបូងគេបង្អស់ ដែលលោក Vo Van Thuong ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងតំណែងថ្មី។ តើដំណើរទស្សនកិច្ចមានអត្ថន័យយ៉ាងដូចម្ដេច?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ វៀតណាម និងឡាវគឺជាប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនងពិសេសបំផុតដែលត្រូវបានកសាង និងពូនជ្រំក្នុងដំណើរការប្រវត្ដិសាស្ដ្រដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជននៃប្រទេសទាំងពីរ ប្រកៀកសម្មាគ្នាក្នុងស្មារតីនៃសមមិត្ត និងបងប្អូនក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិកាលពីមុន ក៏ដូចជាក្នុងការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ ដោយផ្ដើមចេញពីទំនាក់ទំនងពិសេសនោះ លោកប្រធានរដ្ឋ Vo Van Thuong បានជ្រើសរើសប្រទេស​ឡាវជាប្រទេសដំបូងគេដែលទៅបំពេញទស្សនកិច្ចក្នុងតំណែងថ្មី ដើម្បីបន្តអះអាងនូវគោលនយោបាយឥតងាករេរបស់​វៀតណាម គឺតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្ដល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងមិត្ដភាព និងសាមគ្គីពិសេស និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឡាវ។ ក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ បង្កការលំបាកនិងបញ្ហាប្រឈមជាច្រើន ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong ទៅកាន់ឡាវ ក៏បង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លារបស់វៀតណាមសម្រាប់ការផ្លាស់ថ្មី ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិរបស់ប្រទេសឡាវ។

leftcenterrightdel
លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស

អ្នកយកព័ត៌មាន៖ តើលោកអាចលើកឡើងនូវសកម្មភាពលេចធ្លោមួយចំនួនក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong ហើយសកម្មភាពទាំងនេះនឹងរួមចំណែកដល់ទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាមនិងឡាវយ៉ាងដូចម្តេច?

លោកអនុរដ្ឋមន្ត្រី Do Hung Viet៖ តាមការគ្រោងទុក ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសឡាវ លោកប្រធានរដ្ឋ Vo Van Thuong នឹងចូលរួមពិធីបដិសណ្ឋារកិច្ចជាផ្លូវការ ជួបពិភាក្សាជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ,  ជួបសវនាការជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាឡាវ; ព្រមទាំងលោកប្រធានរដ្ឋ Vo Van Thuong នឹងជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ ប្រធានសមាគមមិត្តភាពឡាវ-វៀតណាម និងចូលរួមពិធីលាងសាយភាជន៍ជាមហាកិត្តិយសដែលរៀបចំដោយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ  និងអញ្ជើញទៅទស្សនាស្ថានទូតវៀតណាមប្រចាំឡាវ និងជួបជាមួយតំណាងសហគមន៍ជនជាតិវៀតណាមនៅ​ឡាវ។

សកម្មភាពសំខាន់ៗទាំងនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវលើគ្រប់វិស័យ រួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ ក្នុងនោះ រួមមានកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសហប្រតិបត្ដិការវៀតណាម-ឡាវសម្រាប់ដំណាក់កាល ២០២១-២០៣០ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ សម្រាប់ដំណាក់កាល ២០២១-២០២៥។

លោកប្រធានរដ្ឋ Vo Van Thuong ក៏នឹងដាក់កម្រងផ្កានៅស្ដូបអនុស្សាវរីយ៍យុទ្ធជនពលីអនាមិក រូបសំណាកលោកប្រធាន Kaysone Phomvihane និងអញ្ជើញទៅសួរសុខទុក្ខអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវ ដើម្បីបង្ហាញពីការដឹងគុណចំពោះការរួមចំណែកយ៉ាងធំធេងរបស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងប្រជាជនគ្រប់ជំនាន់សម្រាប់ទំនាក់ទំនងពិសេសវៀតណាម-ឡាវ។ សកម្មភាពទាំងនេះពិតជានឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវរបស់លោកប្រធានរដ្ឋ Vo Van Thuong  ដែលជួយពង្រឹងនិងអភិវឌ្ឍឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ៕

បកប្រែដោយ Pham Diep