* ក្នុងជំនួបជាមួយលោក Jason Clare រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលី លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃថា ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ - បណ្តុះបណ្តាលមានតួនាទីសំខាន់ណាស់ និងកំពុងរីកចម្រើនដោយសារតម្រូវការបណ្តុះបណ្តាលរបស់វៀតណាម និងប្រៀបខ្លាំងរបស់អូស្ត្រាលី។ ដោយមាននិស្សិត និងកម្មសិក្សាការីវៀតណាមជាង ៣ ម៉ឺននាក់ ដែលកំពុងសិក្សានៅអូស្ត្រាលី កិច្ចសហប្រតិបត្តិការលើវិស័យអប់រំមិនត្រឹមតែរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សរបស់វៀតណាម និងសេដ្ឋកិច្ចរបស់អូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាពតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរទៀតផង។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Jason Clare រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលី (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានចាត់ទុកថា ការរៀបចំវេទិកាសហប្រតិបត្តិការអប់រំ វៀតណាម-អូស្ត្រាលី ក្នុងដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភា  គឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងប្រទេសទាំងពីរក្នុងបរិបទក្រោយជំងឺរាតត្បាត។

* ក្នុងជំនួបជាមួយលោក Peter Dutton មេដឹកនាំគណបក្សប្រឆាំងនៅសភាជាន់ទាប និងលោក Simon Birmingham សមាជិកព្រឹទ្ធសភា មេដឹកនាំគណបក្សប្រឆាំងនៅព្រឹទ្ធសភា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមគឺតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងគ្រប់ជ្រុងជ្រោយជាមួយអូស្ត្រាលី លើគ្រប់លំដាប់ថ្នាក់ គ្រប់បណ្តាញរបស់បក្ស រដ្ឋ សភា និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន រួមទាំងទំនាក់ទំនងជាមួយគណបក្សនយោបាយផ្សេងៗគ្នានៅក្នុងសភាអូស្ត្រាលី។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងសង្កត់ធ្ងន់លើតួនាទីមជ្ឈភាពរបស់អាស៊ាន និងជាតំបន់ប្រកបដោយសន្តិភាព វិបុលភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាព។ ភាគីទាំងពីរបានអះអាងសារជាថ្មីថា បណ្តាជម្លោះ រួមទាំងជម្លោះនៅសមុទ្រខាងកើត ចាំបាច់ត្រូវបានដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី (រូបថត៖ vnanet.vn)

* ក្នុងជំនួបជាមួយលោកស្រី Penny Wong សមាជិកាព្រឹទ្ធសភា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមគាំទ្រជាឯកច្ឆ័ន្ទចំពោះការដំឡើងនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលសមស្រប នៅពេលដែលប្រទេសទាំងពីរបញ្ចប់នីតិវិធី។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការសភាទាំងកម្រិតទ្វេភាគី និងពហុភាគី និងការសម្របសម្រួលនៅវេទិកាពហុភាគីស្តីពីសភា។

លោកស្រី Penny Wong បានអះអាងថា នឹងជំរុញការអនុវត្តសំណើរបស់ លោក Vuong Dinh Hue រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យពលកម្ម; យល់ព្រមបញ្ចប់នីតិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យប្រជាកសិករវៀតណាមទៅធ្វើការនៅអូស្ត្រាលីនាពេលឆាប់ៗនេះ។

* ក្នុងជំនួបជាមួយក្រុមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការដែលរដ្ឋសភាអូស្ត្រាលីសម្រេចបង្កើតក្រុមសមាជិកសភាមិត្តភាពអូស្ត្រាលី-វៀតណាម ដែលមានសមាជិកចំនួន ៥៧ រូប។ លោកបានជម្រាបជូនសមាជិកសភាទាំងឡាយអំពីលទ្ធផលល្អនៃកិច្ចពិភាក្សា និងការជួបជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ននានារបស់អូស្ត្រាលី ជាថ្មីម្តងទៀតបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang