នៅក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសកម្មភាពសហប្រតិបត្តិការធ្វើអាជីវកម្មរបស់ Warburg Pincus ជាមួយដៃគូវៀតណាមនាពេលថ្មីៗនេះ។ លោកបានស្នើឲ្យ Warburg Pincus បន្តសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នវៀតណាម ដើម្បីបង្កើនការវិនិយោគយូរអង្វែង និងនិរន្តរភាពនៅវៀតណាមលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានវាយតម្លៃថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកបន្តអភិវឌ្ឍ។ លោកបានស្នើឱ្យ Warburg Pincus បន្តជាស្ពានដើម្បីជួយវិនិយោគិនអាមេរិកនិយាយដោយឡែក និងវិនិយោគិននៃប្រទេសផ្សេងទៀតនិយាយរួម មកបណ្តាក់ទុននៅវៀតណាម; ទន្ទឹមនឹងនោះ បន្តពង្រីក និងអភិវឌ្ឍវិស័យធុរកិច្ចថ្មី ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ អំពាវនាវវិនិយោគិនចូលរួមយ៉ាងសកម្មក្នុងការផ្តល់ប្រឹក្សាយោបល់លើគោលនយោបាយរបស់ភាគីវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Charles Kaye អគ្គនាយកសកលនៃមូលនិធិវិនិយោគ Warburg Pincus (រូបថត៖ vnanet.vn)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អបរិយាកាសវិនិយោគ និងជួយគាំទ្រវិនិយោគិនបរទេសមកបណ្តាក់ទុននៅវៀតណាម រួមចំណែកកសាងខឿនសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ដែលភ្ជាប់ជាមួយការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។

លោក Charles Kaye អគ្គនាយកសកលនៃមូលនិធិវិនិយោគ Warburg Pincus បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាត ចាប់យកឱកាសល្អសម្រាប់ការអភិវឌ្ឍ ហើយសម្រេចបានសមិទ្ធផលជាច្រើនក្នុងរយៈពេលកន្លងមក។ លោកក៏បានវាយតំលៃខ្ពស់ចំពោះស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធទន់។ លោកបានអះអាងថា វៀតណាមជាទីតាំងវិនិយោគដ៏ទាក់ទាញ និងសំខាន់សម្រាប់អង្គភាពអាជីវកម្មសហរដ្ឋអាមេរិក និងជាទីតាំងវិនិយោគដ៏សំខាន់បំផុតមួយក្នុងចំណោមទីតាំងវិនិយោគសំខាន់ៗទាំងប្រាំរបស់ Warburg Pincus។ លោកក៏បានសម្តែងនូវគោលបំណងចង់បង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយភាគីវៀតណាម ជាពិសេសការអភិវឌ្ឍថាមពលកកើតឡើងវិញនៅតំបន់ឧស្សាហកម្ម ការពិគ្រោះយោបល់គោលនយោបាយ និងលើកឡើងនូវសំណើ និងអនុសាសន៍មួយចំនួនទាក់ទងនឹងគម្រោងវិនិយោគនៅវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang